លោកតា​​ អាយុ​​៧៥​ឆ្នាំ​ជិះ​​កង់​ ត្រូវ​​រថយន្ត​​បើក​​ បុក​​ពី​ក្រោយ​​ ដាច់​​ខ្លួន​ជា​ពីរ

9/06/2013 0 Comments A+ a-

កណ្ដាល ៖ លោកតា​អាយុ​៧៥​ឆ្នាំ​កំពុង​ជិះ​កង់​ត្រូវ​រថយន្ត​ធុន​ធំ​បើក​ពីក្រោយ​បុក​ កិន​ដាច់​ខ្លួន​ជា​ពីរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៣ ត្រង់​ចំណុច​ផ្លូវ​លេខ​២០១ (ខាងក្រោយ​វត្ត​ព្រែក​សំរោង​) ស្ថិត​ក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។
លោកតា​រងគ្រោះ​មានឈ្មោះ ហេង ឆៃ​សែ ហៅ​តា​ចាប អាយុ​៧៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មុខរបរ​ដើរ​រើស​អេតចាយ ។
បើ​តាម​សាក្សី​បាន​និយាយ​ឲ្យ​ ដឹង​ថា មុន​កើតហេតុ​លោកតា​រងគ្រោះ​ជិះ​កង់​ម្នាក់ឯង​តាម​ផ្លូវ​២០១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​ក្រោយ​វត្ត​ព្រែក​សំរោង ក៏​មាន​រថយន្ត​ មួយ​គ្រឿង​ដែល​គេ​មិន​ចាំ​ស្លាក​លេខ​ធុន​ធំ ដឹកទំនិញ​ធ្វើដំណើរ​តាម​ផ្លូវ​លេខ​២០១ ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន ហើយ​ក៏បាន​ ទៅ​បុក​ពីក្រោយ​លោកតា​ដែល​កំពុង​ជិះ​កង់ កិន​ដាច់​ខ្លួន​ជា​ពីរ ស្លាប់​ភ្លាម​មួយ​រំពេច ។ រថយន្ត​បង្កហេតុ ក្រោយពី​បើក​កិន​លោកតា​រងគ្រោះ​ បណ្ដាល ឲ្យ​ស្លាប់​ហើយ​នោះ ក៏​បន្ថែម​ល្បឿន​យ៉ាង​លឿន​បត់​ទៅ​ផ្លូវជាតិ​លេខ​២១​បេ ឆ្ពោះ​ទៅ​ទិស​ខាងត្បូង​បាត​’​តែម្តង ។
សាក្សី​ បន្ត​ថា លោកតា​រងគ្រោះ​មានមុខ​របរ​ដើរ​រើស​អេតចាយ មុន​កើតហេតុ​គេ​ឃើញ​គាត់​ដើរ​សុំ​បាយ​សម្ល​គេ​សល់​នៅ​ម្តុំ​ផ្សារ​រោងចក្រ យ៉ុង​វ៉ា​ចាស់ ហើយ​ក្រោយពី​បាន​បាន​សម្ល​ដែល​គេ​សល់​ផ្តល់​ឲ្យ​គាត់​នោះ លោកតា​បាន​ច្រក​ស្បោង​ស​ដាក់​នឹង​ដៃ​កង់​រួច​ជិះ​ធ្វើដំណើរ​មក​ផ្ទះ​របស់ គាត់​នៅ​ភូមិ​ព្រែក​សំរោង ស្រាប់តែ​មកដល់​ក្រោយ​វត្ត​ព្រែក​សំរោង ក៏​ត្រូវ​រថយន្ត​បើក​បុក​ពីក្រោយ​កិន​ស្លាប់​តែម្តង ។
លោក វរសេនីយ៍ត្រី ស៊ឹម ប៊ុត​បណ្ឌិត អធិការ​ប៉ូលិស​ក្រុង​តាខ្មៅ បាន​ បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បណ្ដាល​ឲ្យ​បុរស​ចំណាស់​ស្លាប់​នៅក្រោយ​វត្ត ព្រែក​សំរោង​នោះ​ដោយសារ​ថា ពុំ​មាន​សាក្សី​ណា​បាន​ឃើញ​ច្បាស់​អំពី​ភិនភាគ​រថយន្ត ទើប​ជាហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​ ក្នុង​ការ​ស្រាវជ្រាវ តែ​ទោះ​យ៉ាងណាក៏ដោយ លោក​នឹង​ឲ្យ​ជំនាញ​បន្ត​ធ្វើ​ការស្រាវជ្រាវ​រក​រថយន្ត​បង្កហេតុ​នោះ​ដើម្បី ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕



ប្រភពពី៖KhmerOnlineNews