ពូឃ្លាំង​ក្លាយ​ជា​ឯក អគ្គរដ្ឋទូត​សុច្ឆន្ទៈ​ជួយ​កុមារ និង​រក​ប្រាក់​ឲ្យ​បាន​$​៣០​ម៉ឺន

9/27/2013 0 Comments A+ a-

ភ្នំពេញៈ បន្ទាប់ពី​ស្ងាត់​វត្តមាន​បន្តិច តារាចម្រៀ​ង ហ៊ីបហប បែប​ខ្មែរ​វ័យ​៣៤​ឆ្នាំ​ដែល​ភាគច្រើន​រំលេច​ខ្លួន​ជា​ក្រុម​ក្នុង​កម្មវិធី​ប្រគំតន្រ្តី​មនុស្សធម៌​ស្ទើរ​គ្រប់​ស្ថាប័ន​អង្គការ​គាំពារ​កុមារ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ពូឃ្លាំង នៅពេល​នេះ លោក​បាន​ទទួល​ឋានៈ​ជា តារាចម្រៀង​អគ្គរដ្ឋទូត​សុច្ឆន្ទៈ សម្រាប់​អង្គការ​ស្នាមញញឹម​នៃ​កុមារ និង​ត្រូវ​រក​ប្រាក់​ចំនួន​៣០​ម៉ឺន​ដុល្លារ​សម្រាប់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​ក្នុង​មួយ​ឆ្នាំ។
ផ្តល់​បទសម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​ភ្នំពេញប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ម្សិលមិញ​នេះ តារាចម្រៀង​ហ៊ីបហប​បែប​ខ្មែរ​ពូឃ្លាំង បាន​ឲ្យ​ដឹង​ថា​៖​«​ខ្ញុំ​ទើប​តែ​មាន​ឈ្មោះ​ជា​តារាចម្រៀង​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​បាន​បី​បួន​ថ្ងៃ​ហ្នឹង​! ខ្ញុំ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​អង្គការ​PSE និង​អង្គការ​ស្នាមញញឹម​នៃ​កុមារ នៅ​មជ្ឈមណ្ឌល​អង្គការ​PSE​កាលពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា ក្នុង​ភូមិ​ព្រែកទប់​អតីត​កន្លែង​ចាក់​សំរាម​ស្ទឹងមានជ័យ​»។
ប៉ុន្តែ​តារាចម្រៀង​ហ៊ីបហប​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ​អះអាង​ថា មិនមែន​ទើប​តែ​ថ្មី​នេះ​ទេ ដែល​រូប​លោក​និង​អង្គការ​ខាង​លើ​នេះ​រួម​គ្នា​ជួយ​រក​ថវិកា​តាមរយៈ​មនុស្សធម៌ ជួយ​ដល់​កុមារ​នៅក្នុង​មណ្ឌល​នេះ។ លោក​បាន​ជួយ​ការងារ​សង្គម​មួយ​នេះ​ដែល​តារាចម្រៀង​ដទៃ​មើល​រំលង​ច្រើន​ឆ្នាំ​មក​ហើយ។
លោក​បញ្ជាក់​ថា​៖​«​ខ្ញុំ​មិន​មាន​តួនាទី​និង​មិន​ទទួល​កម្រៃ​ពី​ក្នុង​អង្គការ​នេះ​ឡើយ​ក្រៅពី​មាន​ឈ្មោះ​ជា​តារាចម្រៀង​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​នោះ។ ប៉ុន្តែ​កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ គឺ​រក​លុយ​ឲ្យ​បាន​សម្រាប់​បំពេញ​តម្រូវការ និង​តួនាទី​ដែល​អង្គការ​នេះ​ផ្តល់​ឲ្យ​ហើយ​យើង​ត្រូវ​សន្សំ​ៗ​រហូត​ទាល់​តែ​គ្រប់​ចំនួន​ក្នុង​មួយ​ឆ្នាំ​៣០​ម៉ឺន​ដុល្លារ។ គោលការណ៍​ត្រូវ​នាំ​ក្រុម​សិល្បៈ​របស់​ខ្ញុំ​ដែល​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​យល់​ដើម្បី​ចូលរួម​សម្តែង​អត់​គិត​កម្រៃ​ដើម្បី​ឲ្យ​គ្រប់​តាម​ការ​គ្រោង​ទុក​ហើយ​ការងារ​នេះ​មិន​បាន​កំណត់​ពេលវេលា​នោះ​ទេ។
យ៉ាងណា​ក៏​ដោយ​ទឹកប្រាក់​៣០​ម៉ឺន​ដុល្លារ​នោះ​មិន​បាន​កំណត់​តែ​ពូឃ្លាំង​ម្នាក់​ឯង​ឡើយ​ខណៈ​គម្រោង​នេះ​គ្រាន់តែ​ជា​គម្រោង​មួយ​តម្កល់​សម្រាប់​ចំណាយ​ប្រចាំ​ឆ្នាំ​ដែល​អង្គការ​កំណត់​ជា​គោលការណ៍​រដ្ឋបាល​ជាយូរ​មក​ហើយ។ អគ្គរដ្ឋទូត​សុច្ឆន្ទៈ​ដែល​ទើប​ទទួល​តំណែង​ថ្មី ពូឃ្លាំង​អះអាង​ថា​៖ «​ប្រាក់​៣០​ម៉ឺន​ដុល្លារ​ច្រើន តែ​យើង​មាន​គម្រោង​ហើយ​ហើយ​តាម​គម្រោង​នោះ​អាច​នឹង​ជោគជ័យ ហើយ​ក៏​អាច​រក​ប្រាក់​បាន​តាម​ការ​រំពឹង​នោះ​ក៏​មិន​ក្រោម​៥០​ទៅ​៧០​ភាគរយ​នោះ​ដែរ នេះ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ប្រឹង​ឲ្យ​ពេញ​តាម​គោលការណ៍​របស់​អង្គការ​នេះ​ដែរ​»។
លោក​បាន​ប្រាប់​ទៀត​ថា​៖​«​នៅ​ដើម​ឆ្នាំ​២០១៤​នឹង​ចាប់ផ្តើម​ពួកយើង​កំពុង​ពិភាក្សា​គ្នា ធ្វើ​កម្មវិធី​ប្រគុំ​តន្ត្រី​តាម​ខេត្ត​ក្រុង​ហើយ​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា យើង​ធ្វើឲ្យ​មាន​កម្មវិធី​ជិះកង​ភ្នំពេញ​កំពត ដើម្បី​ប្រមូល​ថវិកា​ចូល​អង្គការ​ដូច​ដែល​យើង​ធ្វើ​កន្លង​មក​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​អ៊ីចឹង​ដែរ ដែល​គម្រោង​នេះ​ក៏​អាច​រក​ប្រាក់​ជួយ​អង្គការ​ច្រើន​គួរសម​ដែរ​»។
ជាមួយ​ការ​ពន្យល់​និង​បង្ហាញ​គោលដៅ​ជួយ​ការងារ​ទ្រទ្រង់​មណ្ឌល​ជួយ​ដល់​កុមារ​នោះ ពូឃ្លាំង បាន​រៀបរាប់​ពី​មូលហេតុ​ដែល​អង្គការ PSE រើស​យក​រូប​លោក​ធ្វើ​ជា​តារាអគ្គរដ្ឋទូត​សុច្ឆន្ទៈ​នោះ​ថា​៖​«​សម្រាប់​ខ្ញុំ​មុន​នឹង​គេ​ជ្រើសរើស​យក ប្រហែល​ជា​គេ​ឃើញ​ចំណុច​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​នោះ​»។ លោក​ប្រាប់​ទៀត​ថា​៖​«​ចំពោះ​តួនាទី​ខ្ញុំ ត្រូវ​ចេះ​ស្រឡាញ់​ពួកគេ​ឲ្យ​បាន​ច្រើន​នឹង​ឲ្យ​ពួកគេ​ក្លាយ​ជា​មនុស្ស​ល្អ និយាយ​ឲ្យ​ស្រួល​ស្តាប់ ដូច​ខ្ញុំ​មាន​កូន​ហើយ​ក្នុង​ការ​ចិញ្ចឹម​កូន​ម្នាក់​តើ​វា​ពិបាក​ប៉ុន្មាន ទម្រាំ​តែ​កើត​មក និង​ធំ​ពេញ​រូបរាង ​មាន​ការ​ហូបចុក​គ្រប់គ្រាន់ បាន​ទៅ​រៀនសូត្រ មាន​ចំណេះ​យល់ដឹង​ដែល​កុមារ​ទូទៅ​ត្រូវ​ទទួល​បាន​នោះ។
ពូឃ្លាំង​បាន​បញ្ជាក់​ទៀត​ថា​៖​«​ឃើញ​មាន​ការ​ខុស​គ្នា​ច្រើន​រវាង​កុមារ​ក្រីក្រ កំព្រា និង​កុមារ​ដែល​ជា​កូន​អ្នក​មាន​នោះ​ហើយ​ចំណុច​ទាំង​នេះ​ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​តែ​ជួយ​ដល់​ការងារ​សម្រាប់​កុមារ​ជាមួយ​នឹង​PSE​ជាពិសេស​អាច​នាំឲ្យ​មនុស្ស​យល់​ថា​ការងារ​នេះ​ជា​អ្វី ហើយ​អ្នក​មាន​ចិត្តធម៌​មួយ​ចំនួន​មិន​ទាន់​បាន​ជួយ​»។
ជាមួយ​គ្នា​នោះ​ដែរ លោក​ពិន សារពេជ្រ ជា​ប្រធាន​អង្គការ​PSE​ក៏​បាន​ឲ្យ​ដឹង​ថា​៖​«​ការ​ដែល​យើង​រើស​យក​ពូឃ្លាំង​ហើយ​សិល្បករ​ដទៃ​ទៀត​មិន​យក គឺ​មិនមែន​យើង​មិន​ចង់​នោះ​ទេ​លោក​ចង់​បាន​អ្នកផ្សេង​ទៀត​ឲ្យ​មក​ចូលរួម​ដូចគ្នា​ដែរ។ បើ​សិន​ជា​មាន​អ្នកផ្សេង​ទៀត​ចង់​ចូលរួម​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​អប់រំ​របស់​យើង​មាន​ការ​កើនឡើង​គឺ​យើង​ក៏​ទទួល​ពួកគាត់​យ៉ាង​រាក់ទាក់​ដូច្នេះ​ដែរ​»។ លោក​បាន​បន្ត​ថា​៖​«​ពូឃ្លាំង​គាត់​ជា​ទូត​ទី​មួយ។ ប៉ុន្តែ​គាត់​ក៏​មិនមែន​ទើប​តែ​ធ្វើការ​ជាមួយ​អង្គការ​របស់​យើង​នៅពេល​នេះ​នោះ​ដែរ​គាត់​បាន​ធ្វើការ​ជាមួយ​PSE យូរ​មក​ហើយ ទើប​យើង​សម្រេច​ជ្រើសរើស​គាត់​ជា​ជំនាន់​ទី​មួយ​»។
លោក​ប្រធាន​អង្គការ PSE ក៏​បាន​បង្ហាញ​ក្តីសង្ឃឹម​ផង​ដែរ​ថា​៖​«​ត​ទៅ​មុខ​ទៀត​អាច​មាន​តារា​ផ្សេង​ទៀត​ចង់​មក​ចូលរួម​គឺ​យើង​ទទួល​ទាំងអស់ ហើយ​យើង​ក៏​សង្ឃឹម​ដែរ​តាមរយៈ​ពូឃ្លាំង​ដែល​គាត់​អាច​ទំនាក់ទំនង​អ្នកសិល្បៈ​មក​រួម​ការងារ​ជួយ​កុមារ​នេះ ហើយ​អ្នក​នោះ​ក៏​អាច​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​បន្ទាប់ពី​ពូឃ្លាំង​ក៏​ថា​បាន​ឲ្យ​តែ​ពួកគេ​ស្រឡាញ់​ការងារ​ជួយ​ក្មេង​ៗ​»៕