ជិះម៉ូតូបុកគ្នា អត់លុយសងគេ ដើរគាស់ផ្ទះ ប្រជាពលរដ្ឋ លួចទ្រព្យសម្បត្តិ

7/17/2013 0 Comments A+ a-

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំង អ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាលើកទីពីរ បន្ទាប់ពីចេញពីគុក បានប៉ុន្មានខែ ហើយមិនរាងចាល បែរជាដើរគាស់ផ្ទះ ប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិសារជាថ្មី កាលពីថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០១៣ នៅភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក ហម ម៉ុត មេញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៣ នេះថា ជន សង្ស័យដែលកម្លាំង របស់លោកឃាត់ខ្លួន មានឈ្មោះ ចោម តួ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ខាងលើ ហើយអ្នកទទួលទិញផលចោរកម្ម ២ នាក់ទៀត ១-ឈ្មោះ លី ថូ ភេទប្រុស អាយុ ២២ ឆ្នាំ ២-ឈ្មោះ ញ៉ែម កុសល ភេទប្រុស អាយុ ៣២ ឆ្នាំ ក៏ត្រូវបានឃាត់ខ្លួន យកមកសួរនាំផងដែរ ។
លោកបានបន្តឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋម្នាក់ឈ្មោះ នុត សុខា ភេទប្រុស អាយុ ៣២ឆ្នាំ បានប្តឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា មានចោរគាស់ផ្ទះ របស់គាត់លួចអស់ ប្រាក់ចំនួន ៣០,០០០បាត និង ១០០០ដុល្លារ និងគ្រឿងចាក់ការ៉ាអូខេមួយឈុត ខណៈគាត់ និងប្រពន្ធទៅលក់ ដូរនៅផ្សារថៃបាត់ ។
លោក ហម ម៉ុត បញ្ជាក់ថា អនុវត្តតាមបញ្ជារបស់លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយ មានជ័យ និងលោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការង អ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហ ខេត្ត បន្ទាយមានជ័យ លោកបានដឹកនាំកម្លាំង ចុះស្រាវជ្រាវ ក៏ឈានដល់ការចាប់ខ្លួន ជនសង្ស័យយកមកសួរនាំ ដោយ គេបានសារភាពថា ពិតជាបានលួចមែន ហើយសម្ភារៈទាំងនោះ ត្រូវបានយកទៅលក់ ឲ្យមនុស្ស២នាក់ ខាងលើ។ ក្រោយសួរនាំជនសង្ស័យ និងអ្នកទទួលទិញផលចោរកម្ម ត្រូវបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕