២នាក់ឪពុក-កូន ស្លាប់បាត់បង់ជីវិត ព្រោះគ្រោះថ្នាក់ ចរាចរលើដងវិថី នៅស្រុកបវេល
បាត់ដំបង៖ បុរស២នាក់ឪពុក-កូន បានស្លាប់ភ្លាមៗ ត្រឹមរយៈតែមួយប៉ព្រិចភ្នែក ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ បង្កឡើងដោយអ្នកបើកបររថយន្តនីសាន់ខ្វះស្មារតីប្រុងប្រយ័ត្ន ក្នុងល្បឿនលឿន បានរ៉េចង្កូតទៅបុកម៉ូតូជនរង គ្រោះ
ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។
គ្រោះថ្នាក់ចរាចរប្រល័យជីវិតឪពុក-កូន បន្សល់ទុកនូវភាពសោកសង្រេងសម្រាប់ក្រុមគ្រួសារនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ៥៧B ស្ថិតក្នុងក្រុមទី៣ ភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេលខេត្តបាត់ដំបង។
មន្រ្តីនគរបាលចរាចរណ៍ស្រុកបវេលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្ត ម៉ាកនីសាន់ ពណ៌សំបក ឪឡឹកពាក់ស្លាកលេខ បជ០៦៩៩ផព២ បើកបរដោយបុរស ឈ្មោះ សៀជ័យ អាយុ ២២ឆ្នាំ រស់នៅភូមិដាច់ព្រ័ត្រ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (រត់គេចខ្លួនបាត់)។ ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ឪពុកឈ្មោះ ថន ខឿន អាយុ ៥៨ឆ្នាំ និងកូនប្រុសឈ្មោះ ខឿន ខេន អាយុ ១៤ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១១ ពណ៌ ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ ជ1E2563។ ជនរងគ្រោះមានទីលំនៅ នៅភូមិតាហែន ឃុំក្តុលតាហែន ស្រុក បវេល ខេត្តបាត់ដំបង។
សាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរថយន្តនីសាន់ បើកបរក្នុងទិសដៅពីជើង ទៅត្បូង ពេលមកដល់ចំណុចកើតហេតុ បានជែងរថយន្តធំ១គ្រឿង ហើយជ្រុលចង្កូតទៅបុកម៉ូតូ ១គ្រឿង បើក បញ្ច្រាស់ទិសគ្នាបណ្តាលឲ្យឪពុក និងកូនប្រុសស្លាប់ភ្លាមៗតែម្តង ចំណែកអ្នកបើករថយន្តបើកទ្វាររថយន្តរត់គេច ខ្លួនបាត់សូន្យឈឹង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីកើតហេតុ នគរបាលចរាចរណ៍បានចុះវាស់វែងកន្លែងកើតហេតុ រួចបានជួយដឹក សពជនរងគ្រោះប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ រថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបវេលរង់ចាំការដោះស្រាយតាមច្បាប់នៅពេលក្រោយ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news