ក្រុមចោរ៣នាក់រតាមប្លន់អាជីវករលក់មាសដល់ផ្ទះបានសម្រេចតែត្រូវបានម្ចាស់ផ្ទះបាញ់ស្លាប់ម្នាក់
ត្បូងឃ្មុំ៖ មានករណីប្លន់ប្រដាប់អាវុធដ៏សាហាវមួយបង្កឡើងដោយក្រុមចោរមួយក្រុមមានគ្នា៣នាក់បានធ្វើសកម្មភាពប្លន់អាជីវករលក់មាស និងដួរលុយ ខណៈពេលទើបត្រឡប់មកពីផ្សារ។ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាចនាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅចំណុចភូមិកណ្ដោលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក ជាម៉ាប់ ដែលជាអាជីវករលក់សាំងរស់នៅភូមិកណ្តោលជ្រុំឃុំកណ្តោលជ្រុំស្រុកពញាក្រែកបានឲ្យដឹងថា មុនពេលកើតហេតុរូបលោកបានទូរស័ព្ទទៅ លោក ពៅ អាយុ៥៤ឆ្នាំ ជាអាជីវកររកស៊ីដូរលុយនៅផ្សារស្ទឹងថាត្រូវការដូរលុយ។ បន្ទាប់ពីបានណាត់គ្នារួចមករូបលោកក៏បើករថយន្តទៅរង់ចាំនៅផ្ទះមុនដែលស្ថិនៅភូមិ-ឃុំខាងលើ ក្រោយមកម្ចាស់ផ្ទះក៏បានជិះម៉ូតូដឹកប្រពន្ធមកដល់។ ខណៈនោះដែរក្រុមចោរបានជិះម៉ូតូឌុបគ្នា៣នាក់ចូលមកដែរម្ចាស់ផ្ទះឃើញសភាពបែបនេះក៏ផ្តួលម៉ូតូចោលរត់ចូលទៅក្នុងផ្ទះ។ ចំណែកក្រុមចោរម្នាក់ក្នុងចំណោម៣នាក់បានដកកាំភ្លើងដេញតាមម្ចាស់ផ្ទះតែត្រូវបានម្ចាស់យកកាំភ្លើងពីក្នុងផ្ទះមកបាញ់ត្រូវចោរចំនួន២គ្រប់ទី១ចំកណ្តាលក្បាល ទី២ចំកៀនក្លៀកខាងស្តាំ បណ្តាលឲ្យជនសង្ស័យម្នាក់នេះប្រកាច់រេកៃកាំភ្លើងបបាញ់រះទៅត្រូវម្ចាស់ផ្ទះមួយគ្រាប់ចំប្រអប់ជើងហើយចោរក៏ដួលស្លាប់នៅក្នុងថ្លុកឈាមតែម្តង។
ប្រភព័ត៌មានបន្តទៀតថា ពេលនោះក្រុមចោរបានយកកាំភ្លើងដេញតាមម្ចាស់ផ្ទះនោះលោក ជា ម៉ាប់ ដែលបានយកលុយទៅដូរនោះបានស្រវេស្រវ៉ាយកលុយរបស់គាត់រត់តែត្រូវក្រុមចោរមានគ្នា២នាក់បានទាញពូថៅដេញកាប់ បណ្តាលរូបគាត់រត់ផ្លោះទៅពួននៅកៀនរថយន្តម្ចាស់ផ្ទះ។ ឆ្លៀតឱកាសនោះ ក្រុមចោរឃើញកញ្ចប់លុយនៅក្បែរនោះក៏ស្រវ៉ាយកលុយហើយជិះម៉ូតូចេញគិចខ្លួនបាត់ទាំង២នាក់តែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុក៏បានដកហូតបានកាំភ្លើងកា១ដើម គ្រាប់បែកដៃ១គ្រាប់ សំបកកាទុស៤គ្រាប់និងសំបកកាទុសកាំភ្លើងឡុកចំនួន៤គ្រាប់។ ចំណែកអាវុធខ្លីសមត្ថកិច្ចមិនបានដកហូតនោះទេមិនដឹងជាអាវុធរបស់ម្ចាស់ផ្ទះឬជារបស់ជនសង្ស័យ ព្រោះមិនបានឃើញនៅកន្លែងកើតហេតុឃើញមានតែសំបកគ្រាប់ចំនួន៤គ្រាប់តែបណ្ណោះ។
គួរបញ្ជាក់ថា លុយដែលក្រុមចោរបានប្លន់ទៅនោះមានចំនួន ១០.០០០ដុល្លារជាលុយរបស់អាជីវករ។
លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដាក់ការសង្ស័យថា ជនសង្ស័យទាំង២នាក់នេះ បានផ្តួលម៉ូតូឃ្លីកចោលរត់គេចខ្លួន នៅត្រង់ចំណុចស្ថិតក្នុងភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ។បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនល្មើស យកមកផ្តន្ចាទោស តាមច្បាប់៕
ម្ចាស់ផ្ទះរងរបួសកំពុងរៀបរាប់ពីសកម្មភាពចោរប្លន់
បក្សពួកចោរដែលស្លាប់នៅផ្ទះកើតហេតុ
ប្រភពពី Free Press Magazine