មហាផ្ទៃ រកបានមេដាយមាស ច្រើនជាងគេ ក្នុងការប្រកួតវាយកូនបាល់ ពានលោក ស ខេង លើកទី១

9/08/2014 0 Comments A+ a-

ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនបាល់ ដណ្តើមពានរង្វាន់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង លើកទី១ ដែលធ្វើឡើងរយៈ ពេល៣ថ្ងៃចាប់ផ្តើម កាលពីថ្ងៃទី០៥ ខែកញ្ញាមកនោះ បានបញ្ចប់ហើយ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នំា២០១៤ម្សិលមិញនេះ ដោយមានក្រុមកីឡាករ ក្រសួងមហាផ្ទៃ ជាអ្នកដណ្ដើម បានមេដាយមាស ច្រើនជាងគេ ក្នុងព្រឹត្តិការណ៍នេះ ។
ក្នុងពិធីបិទ និងបំពាក់មេដាយដល់ អ្នកដណ្ដើមបានជ័យលាភីនោះ ក៏មានការចូលរួមពីលោក ស៊ូ សូវុធ អនុរដ្ឋលេខា ក្រសួងបរិស្ថាន ដែលជាតំណាង លោកនាយឧត្តមសេនីយ៍ នេត សាវឿន និងលោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡា ក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។
ចំពោះលទ្ធផលផ្លូវការ គឺចំណាត់ថ្នាក់ លើវិញ្ញាសាវាយទោល បុរសអក្សរខ លេខ១បានទៅកីឡាករ ឌឹម សម្បិត្ត ក្លឹបក្រសួងមហាផ្ទៃ និងវិញ្ញាសាវាយ គូបុរសអក្សរខ លេខ១ បានទៅកីឡាករ ឈៀង សុវណ្ណ និងកីឡាករ ឈៀង ម៉ារ៉ា មកពីក្លឹបខេមរា ។ វិញ្ញាសាវាយទោល បុរស-ក១ លេខ១ បានទៅកីឡាករ កាន់ សោភ័ណ ក្លឹបក្រសួងមហាផ្ទៃ និង វិញ្ញាសាវាយគូបុរស-ក១ លេខ១បានទៅកីឡាករ កាន់ សោភ័ណ និង អន សម្បត្តិ ក្លឹបក្រសួងមហាផ្ទៃ ។ វិញ្ញាសាវាយ ទោលយុវជនអាយុក្រោម ១៨ឆ្នំា លេខ១ បានទៅកីឡាករ សុខ វិចិត្រ ។
ចំណែកលទ្ធផលវិញ្ញាសាវាយគូបុរស-នារី លេខ១បានទៅកីឡាករ សុខ សំអាត និងកីឡាការិនី យី សុផានី មកពីក្លឹប ក្រសួងមហាផ្ទៃ ។ វិញ្ញាសាវាយគូនារី លេខ១បានទៅកីឡាការិនី យី សុផានី និង ម៉េត ម៉ារីយ៉ាន ក្លឹបក្រសួងមហាផ្ទៃ ។
លោក ជា ប៊ុនហេង បានឲ្យដឹងថា នេះជាព្រឹត្តការណ៍លើកទី១ ដែលអង្គភាពកីឡា ក្រសួងមហាផ្ទៃរៀបចំធ្វើឡើង ដោយទទួលបានការ ឧបត្តម្ភទំាងស្រុងពី លោកឧបនាយករដ្ឋមន្រ្តី ស ខេង ដែលលោកតែងតែ បានយកចិត្តទុកដាក់ ចំពោះវិស័យកីឡា និងបានចូលរួមយ៉ាង សកម្មក្នុងវិស័យ ។
លោកបន្តថា សម្រាប់ការប្រកួត គឺដើម្បីមូលផ្តុំតែកីឡាករ-កីឡាការិនី មិនមែនអាជីពឲ្យ ចូលរួមតែប៉ុណ្ណោះ ដោយ មិនអនុញ្ញាតឲ្យកីឡាករ អាជីពចូលរួមឡើយ ។ ព្រឹត្តការណ៍ដែលរៀបចំ ឡើងជាការឹតចំណង មិត្តភាព សាមគ្គីភាព រវាង កីឡាករ និងកីឡាការិនី ទំាងចាស់ក្មេងឲ្យស្វែងរក បទពិសោធន៍គ្នា ទៅវិញទៅមក ជាពិសេសក្នុងការប្រកួត គឺក្រុមកីឡាករទំាងអស់ គោរពបាននូវបទបញ្ជា និងវិន័យនៃការប្រកួត បានយ៉ាងល្អទៀតផង ។ ដូច្នេះតាមរយៈជោគជ័យ ក្នុងការរៀបចំការប្រកួត កីឡាវាយកូនបាល់ដំបូងនេះ នៅឆ្នាំបន្ដបន្ទាប់ ក្រសួងមហាផ្ទៃ នឹងរៀបចំឲ្យបានកាន់ តែធំជាង នេះទៀត ដើម្បីបង្កើនសក្ដានុពល នៃកីឡាវាយកូនបាល់កម្ពុជា ៕