រកស៊ីបើកហាងម៉ាស្សា ថ្មីថ្មោងមានជំនាញលួច លុយភ្ញៀវត្រូវប៉ូលីស បកស្បែកមុខ
ជនសង្ស័យទាំង ២នាក់ ម្នាក់ជាថៅកែហាងម៉ាស្សា មានឈ្មោះ ជា ចាន់ធូ អាយុ ៣៥ឆ្នាំ និងម្នាក់ទៀត ជាស្ត្រីម៉ាស្សា ឈ្មោះ លីម សុហេង ហៅសុខេង អាយុ ៣៥ឆ្នាំ ដោយឡែកស្ត្រីម្នាក់ទៀតឈ្មោះ ស្រី តូច ជាប្រពន្ធរបស់ថៅកែ ឈ្មោះ ជា ចាន់ធូ បានបើកហាងម៉ាស្សា នៅផ្លូវពាក់កណ្តាលផ្សារលើ ផ្សារក្រោមស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយការបន្លំ លួចលុយភ្ញៀវនេះ បានកើតឡើង នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤។
ចំណែកជនរងគ្រោះ ឈ្មោះ អង់ រី អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិច្រាប ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តតាកែវ ជាអ្នកបើកបររថយន្ត ដឹកទំនិញពីខេត្តតាកែវ មកលក់នៅក្នុងខេត្តកំពង់ឆ្នាំង បានចូលទៅម៉ាស្សា នៅហាងខាងលើ ដោយមានស្ត្រីឈ្មោះ លីម សុហេង ជាអ្នកយកខោអាវ យកទៅព្យួរទុក នៅមាត់បង្អួច។ ក្រោយពេលម៉ាស្សាហើយ ជនរងគ្រោះបានចុះ មកយកកាបូបប្រាក់ ពីក្នុងហោប៉ៅ និងដកប្រាក់ចំនួន ១០ដុល្លារ អោយថ្លៃម៉ាស្សា ស្រាប់តែពេលនោះបានដឹងថា បាត់ប្រាក់ចំនួន ១២០ដុល្លារ និង ៤០ម៉ឺនរៀល។
នៅពេលជនរងគ្រោះសួរនាំ ថៅកែទាំង ២នាក់ប្តីប្រពន្ធ និងស្ត្រីអ្នកម៉ាស្សា បានឆ្លើយថា មិនដឹងអ្វីទាំងអស់ ទើបជនរងគ្រោះ ប្តឹងសមត្ថកិច្ច ឲ្យហៅស្ត្រីម៉ាស្សា មកសាកសួរ។ ទីបំផុតស្ត្រីម៉ាស្សា បានសារភាពថា ពេលដែលយក ខោអាវភ្ញៀវទៅទុក គាត់បានឆ្លៀតលួចយកលុយភ្ញៀវ ចំនួន ១២០ដុល្លារ និងលុយខ្មែរចំនួន ៤០ម៉ឺនរៀល យកទៅអោយថៅកែស្រី ឈ្មោះ ស្រី តូច ដែលកំពុងនៅ ជាមួយប្តីឈ្មោះ ជា ចាន់ធូ គឺពួកគេបានឃើញទាំងអស់គ្នា បន្ទាប់មក បានត្រឡប់មកម៉ាស្សា អោយភ្ញៀវជាធម្មតាវិញ ។
នៅពេលសមត្ថកិច្ច ហៅថៅកែម៉ាស្សាទាំង ២នាក់ មកសាកសួរ តែឈ្មោះស្រី តូច បានគេចខ្លួនបាត់ នៅសល់តែថៅកែប្រុស ត្រូវបានមន្ត្រីនគរបាលក្រុង កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ។ សូមបញ្ជាក់ថា ហាងម៉ាស្សានេះ ទើបតែមកបើកជាង ១ខែប៉ុណ្ណោះ គឺពួកគេបានមកពីរាជធានីភ្នំពេញ មកជួលផ្ទះអតីត លោកប្រធានមន្ទីរកសិកម្ម ម្នាក់ ដើម្បីបើកហាងម៉ាស្សា ហើយកាលពីជាង ១០ថ្ងៃមុន មានរឿង ដែលក្រុមអ្នកម៉ាស្សា បានលួចប្រាក់ភ្ញៀវចំនួន ៦០០ដុល្លារ តែកាលណោះ មិនមានការប្តឹងផ្តល់នោះទេ៕
ប្រភពពី វត្តភ្នំ