ជម្លោះរវាងព្រះសង្ឃ១១អង្គ និងចៅអធិការវត្តនៅ បាត់ដំបងមិនទាន់ចប់
គិតមកដល់ពេលនេះ
ភាគីជម្លោះខាងព្រះគ្រូចៅអធិការវត្តដំណាក់បេង នៅតែចាត់ទុកថា
ការបណ្ដេញព្រះសង្ឃចំនួន ១១អង្គចេញពីវត្តនេះ គឺជារឿងត្រឹមត្រូវ
ដោយចោទប្រកាន់ថា ព្រះសង្ឃដែលត្រូវបណ្ដេញចេញទាំងនេះ
គឺជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ និងក្រៅពីនេះទៀត
តែងចិញ្ចឹមចិត្តដើម្បីព្យាយាមប្លន់តំណែងជាចៅអធិការវត្តជំនួស
ព្រះគ្រូចៅអធិការបច្ចុប្បន្ន។
បដិសេធនឹងការចោទប្រកាន់នេះ ព្រះតេជព្រះគុណ
ប៊ុត ប៊ុនតិញ
ប្រធានសមាគមបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម
ដែលដឹកនាំព្រះសង្ឃជិត ២០អង្គ ពីភ្នំពេញ ទៅ
ព្រះអង្គមានថេរដីកានៅថ្ងៃទី៦ កក្កដា ថា
តាមពិតការចោទប្រកាន់របស់ចៅអធិការវត្តដំណាក់បេង ព្រះនាម សន ពៅ
គឺប្រាសចាកពីការពិតទាំងស្រុង។
ព្រះអង្គបន្តថា
មូលហេតុដែលនាំឲ្យកើតអធិករណ៍នេះឡើង
គឺផ្ដើមចេញពីការច្រណែនឈ្នានីសរបស់គ្រូចៅអធិការវត្តដំណាក់បេង
ប៉ុណ្ណោះ ហើយក្រោយមកព្យាយាមលាបពណ៌យកគណបក្សនយោបាយបិទបាំង
ដើម្បីជាថ្នូរមិនអនុញ្ញាតឲ្យព្រះសង្ឃទាំង
១១អង្គបានគង់នៅក្នុងវត្ត៖ «ទំនាស់អធិករណ៍កើតឡើងរវាងភិក្ខុ ពត
ជីវ័ន គឺដោយសារប្រជាប្រិយភាពព្រះគ្រូ ពត ជីវ័ន
លោកមានប្រជាប្រិយភាពខ្លាំង
ទើបធ្វើឲ្យគ្រូចៅអធិការមិនសប្បាយចិត្ត»។
បើទោះជាមានការចរចាពេញមួយថ្ងៃនៅថ្ងៃ
ទី៦ ខែកក្កដា ដើម្បីទម្លាយការជាប់គាំងនេះក៏ដោយ
ក៏ព្រះគ្រូចៅអធិការវត្តព្រះនាម សន ពៅ មិនអនុញ្ញាតឲ្យព្រះសង្ឃទាំង
១១អង្គបានគង់នៅក្នុងវត្តវិញឡើយ។
ទន្ទឹមនឹងការស្វែងរកដំណោះស្រាយមិនបានសម្រេចនេះ
កម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាល ត្រូវគេដាក់ពង្រាយប្រមាណ
៣០នាក់ នៅជុំវិញបរិវេណវត្ត ដំណាក់បេងនេះ។ គិតមកដល់ពេលនេះ
វិវាទបានបន្តអូសបន្លាយជាង ៤ខែ មកហើយ
ចាប់តាំងពីការបណ្ដេញចេញព្រះតេជព្រះគុណ ពត ជីវ័ន និងសាមណេរ
១០ផ្សេងទៀត កាលពីខែមីនា កន្លងទៅ។
ពាក់ព័ន្ធបញ្ហានេះ អភិបាលស្រុកភ្នំព្រឹក
លោក សួន គឿន អះអាងថា ការប្រើប្រាស់កម្លាំងដ៏ច្រើននេះ
គឺដើម្បីការពារសុវត្ថិភាព និងសន្តិសុខប៉ុណ្ណោះ
ក្រែងមានជម្លោះកើតឡើង។លោកនិយាយទៀតថា ការពិតបញ្ហានេះ
បានបិទបញ្ចប់រួចទៅហើយ ប៉ុន្តែការកើតរឿងជាថ្មីទៀតនៅពេលនេះ។
លោកចាត់ទុកថា ព្រោះតែមានបណ្ដាញព្រះសង្ឃទៅពីភ្នំពេញ និងថែមទាំងពុំមានច្បាប់ទម្លាប់ទៀតផង៖ «សង្ឃ
នោះគេហៅសង្ឃខ្ញុំឥតដែលស្គាល់ដែរទេ ព្រោះខ្ញុំនៅស្រុកខ្មែរ។
គេហៅសង្ឃឯករាជ្យ។ សង្ឃឯករាជ្យនេះ មិនដឹងជាសង្ឃឯករាជ្យយ៉ាងម៉េច
ហើយមកតាំងពីភ្នំពេញ មកតាំងពីស្អីហ្នឹង
ហាក់ដូចដង្ហែលោកមួយអង្គ។ ដឹងមានបញ្ហាអីដាក់នៅនឹងវត្តហ្នឹង»។
បដិសេធនឹងការចោទប្រកាន់ថា
ព្រះសង្ឃដែលត្រូវចៅអធិការវត្តបណ្ដេញចេញព្រោះតែរកឃើញកំហុស
ពាក់ព័ន្ធរឿងនយោបាយ និងប៉ុនប៉ងដណ្ដើមតួនាទីជាចៅអធិការវត្តនេះ
ត្រូវបានព្រះតេជព្រះគុណ ពត ជីវ័ន មានថេរដីកាថា ជាការមិនពិតឡើយ។
ជាងនេះទៀត រឿងនយោបាយ ក៏ព្រះអង្គមិនដែលខ្វល់
ហើយមុខតំណែងជាចៅអធិការវត្តនោះទៀតសោត
ក៏មិនដែលនឹកនាម្ដងណានោះដែរ។
ព្រះតេជព្រះគុណ ពត ជីវ័ន៖ «តាមត្រង់
តួនាទីអាត្មាមកកន្លែងនេះ គឺអាណិតអាសូរចំពោះក្មេងៗតូចៗ
ដែលគ្នាតម្រូវការក្នុងសិក្សា
ហើយអាត្មាគ្រាន់តែមកបំពេញកាតព្វកិច្ចជាអ្នកបង្ហាត់បង្រៀន
ប៉ុណ្ណឹងឯង។ ចំពោះផ្នែកខាងនយោបាយក៏អាត្មាមិនដែល
គិតពីបញ្ហានយោបាយផងទេ»។
ចំណែកព្រះគ្រូចៅអធិការវត្តដំណាក់បេង
ព្រះនាម សន ពៅ មិនអាចទាក់ទងដើម្បីឆ្លើយបំភ្លឺបានទេ។
ព្រះសង្ឃដែលស្ថិតក្នុងហេតុការណ៍ឲ្យដឹងថា
គ្រូចៅអធិការវត្តព្រះអង្គត្រូវបានរថយន្តសមត្ថកិច្ចរំដោះចេញពី
វត្តហើយកាលពីរសៀលថ្ងៃទី៦ កក្កដា។
ចំណែកមេឃុំបួរ ស្រុកភ្នំព្រឹក លោក កើត ចន្តា ដែលចូលរួមដោះស្រាយវិវាទនេះ បដិសេធថាលោកមិនបានដឹងរឿងអ្វីទេ។
អ្នកសម្របសម្រួលអង្គការលីកាដូ
ប្រចាំខេត្តបាត់ដំបង លោក ស៊ុន តឹក
ដែលបន្តឃ្លាំមើលវិវាទនេះឲ្យដឹងថា
តាមពិតវាពុំមានកំហុសណាមួយដែលរកឃើញរហូតឈានដល់បណ្ដេញព្រះ
តេជគុណ ពត ជីវ័ន និងព្រះសង្ឃ ១០អង្គទៀតចេញពីវត្តទេ។
ភាគីម្ខាងដែលគាំទ្រ ព្រះសង្ឃទាំង ១១អង្គ
ជាង ៣០០នាក់ ជាពុទ្ធបរិស័ទ
នៅតែបោះតង់ដោយទទូចឲ្យចៅអធិការវត្តត្រូវទទួលយកព្រះសង្ឃដែល
ត្រូវបណ្ដេញចេញនេះ បានគង់នៅក្នុងវត្តវិញ។
ចំណែកខាងសមត្ថកិច្ចដែលត្រូវដាក់ឲ្យឃ្លាំមើល
ក៏បន្តមិនចាកចេញដែរ។ ទោះជាបែបណា
វិវាទនៅពេលនេះពុំបង្កឲ្យមានហិង្សាកើតឡើងទេ៕
ប្រភពពី វិទ្យុអាស៊ីសេរី