អ្នក​មាន​ជម្លោះ​ដីធ្លី​ជំរុញ ឲ្យចាប់ខ្លួនលោក កែប ជុតិមា និងមន្ត្រី១១រូបទៀតករណីពុករលួយ​

7/07/2014 0 Comments A+ a-


bkk_140707_-sokhorn--2014-07-07អ្នក ​មាន​ជម្លោះ​ដីធ្លីនៅ​រាជធានី​ភ្នំពេញ ប្រមាណ​១០០​នាក់ នៅ​ថ្ងៃ​ចន្ទ​នេះ ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ ខ្លួន​មន្ត្រី​រដ្ឋាភិបាល ១២​រូប មក​ផ្តន្ទាទោស ដោយ​ពួកគេ​ចោទថា អ្នក​ទាំង​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ រឿង​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់​។​
មុន​ដាក់​ពាក្យបណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​ អំពើពុករលួយ នៅ​ថ្ងៃ​ទី​៧​ខែកក្កដា​ឆ្នាំ​២០១៤​នេះ តំណាង​អ្នក​ភូមិ​បឹងកក់ អ្នកស្រី​ ទេព វ​ន្នី ប្រាប់​អ្នកសារព័ត៌មាន​ថា ជាង​បី​ឆ្នាំ​មកនេះ អាជ្ញាធរ​មូលដ្ឋាន មិនទាន់បាន អនុវត្ត​អនុក្រឹត្យ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ដែល​កាត់​ដី​នៅ​តំបន់​បឹង​កក់ ជាង​១២​ហិកតា ចេញ​ពី​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន ឲ្យ​អ្នកភូមិ​នៅ​ឡើយ​ទេ​។​
​ស្ត្រី​រូប​នោះ​បន្តថា ផ្ទុយទៅវិញ ដី​ជាង​១​ហិកតាត្រូវ​ក្រុមហ៊ុន​កាត់​លក់​ដោយ​ខុសច្បាប់ ទៅឲ្យ​ក្រុមហ៊ុន​បរទេស រីឯ​ដី​កំពុង​មាន​ជម្លោះ​មួយចំនួន ត្រូវ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការិយាល័យ ហើយអាជ្ញាធរ​រាជធានី បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​មួយចំនួន ឲ្យ​អ្នក​ដែល​មិន​រស់​នៅ​តំបន់​បឹង​កក់​ជាដើម​។​
​អ្នកស្រី​ទេព វ​ន្នី ចាត់ទុកថា ទង្វើ​នេះ​បង្ហាញថា អាជ្ញាធរ​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​។​
តំណាង​អ្នក​ភូមិ​ម្នាក់ទៀត លោក ចាន់ ពុទ្ធិ​ស័ក្តិ ដែល​រដ្ឋាភិបាល​ធ្លាប់​ចាប់ឃុំខ្លួន ជិត​៥ខែ​ដោយសារ​ចេញមុខ​តវ៉ា​នោះ បាន​ចេញ​មុខ​វ៉ា​ម្តងទៀត អះអាងថា មាន​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​ទៀត ដែល​អាជ្ញាធរមិន​ទាន់​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ឲ្យ​នៅឡើយ ដែល​ករណី​នេះ លោក​យល់ថា ធ្វើឲ្យ​អ្នក​ភូមិ​ចេញ​តវ៉ា​ស្ទើ​រាល់ថ្ងៃ។​
​លោក ចាន់ ពុទ្ធិ​ស័ក្ដិ ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេតលើ​ភាពមិនប្រក្រតី​លើ​មន្ត្រី​ទាំង​១២​រូប​នោះ​ជាបន្ទាន់ ដើម្បី​ជំរុញ​ការអនុវត្ត​អនុក្រឹត្យរបស់​រដ្ឋាភិបាល​ឲ្យមាន​ប្រសិ​ទ្ធភាព​។​
តាម​ពាក្យបណ្តឹង​របស់​អ្នកភូមិ ឲ្យដឹងថា មន្ត្រី​ដែល​ពួក​គេ​ប្តឹង​ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នោះ រួមមានប្រធាន​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន លោក ឡៅ ម៉េង​ឃិន  អតីត​អភិបាល​រាជ​ធានា​នី​ភ្នំពេញ លោក កែប ជុតិមា អភិបាលរង​ខណ្ឌ​ដូនពេញ លោក សុខ​ ពេញវុ​ធ អភិបាល​រាជា​ធានី​លោក ប៉ា សុជាតិ​វង្ស និង​មន្ត្រី​មួយចំនួនទៀត ។ VOD ​មិន​អាច​ស្វែងរក​ប្រតិកម្ម​ពីប្រធាន​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន និង​ជា​សមាជិក​ព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឡៅ ម៉េង​ឃិន បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ខណៈ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បាន​ចុច​បិទ​ទូរស័ព្ទ​ជាច្រើន​ដង​។​
​ក្រោយ​ដាក់​ពាក្យបណ្ដឹង តំណាង​អ្នក​ភូមិ​អះអាងថា​មន្ត្រី​នៅ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​មួយ​នេះ បាន​សន្យា​យក​សំណើ​របស់​អ្នកភូមិ​ទៅ​ពិចារណា មុន​ចាត់វិធានការ​។​
​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​អង្គការ​ លីកាដូ លោក អំ សំអាត ដែល​តាមដាន​ករណីនេះ ឲ្យដឹងថា ភាគី​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន បាន​ចុះ​កិច្ចសន្យា​ជួល​ដី​នៅ​តំបន់​បឹង​កក់​ពី​សាលា​រាជធានី បើ​ក្រុមហ៊ុន​នោះ​លក់​ដី​មួយ​ផ្នែក​ទៅឲ្យ​ក្រុមហ៊ុន​ណា​មួយ ដូច​ពលរដ្ឋ​ចោទប្រកាន់​មែន នោះ​វា​ជា​ទង្វើ​ខុសច្បាប់​។ លោក​ជំរុញ​ឲ្យ​ស្ថាប័ន​ជាតិ​មួយ​នេះបើក​ការស៊ើបអង្កេត​ករណីនេះឲ្យមាន​ តម្លាភាព ដើម្បី​ជម្រះ​មន្ទិល​ដល់​អ្នក​តវ៉ា និង​ដើម្បី​បំបាត់​និទណ្ឌភា​ពនៅ​កម្ពុជា៕
ប្រភពពី vodhotnews.com