កូនមន្ត្រីពន្ធដារខេត្ត កណ្តាលម្នាក់ ជាប់់ពន្ធនាគារ ២ ដង នៅតែដើរឆបោក ប្រាក់គេអស់ជាង ២ ម៉ឺនដុល្លារទៀត
មន្ត្រីពន្ធនាគារព្រៃស បានអោយដឹងថា ជនសង្ស័យជំនាញខាងបោកប្រាស់ប្រាក់គេនោះឈ្មោះ វន ដាវីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជាប់ពាន់ព័ន្ធទៅនិងរឿងឆបោកលុយកាក់ថៅកែស្នូកឃ័រម្នាក់ អស់ប្រមាណជាង២ម៉ឺនដុល្លារ ហើយគេចខ្លួនជាង២ឆ្នាំមកហើយ។
ដោយឡែក ជនរងគ្រោះដែលសូមមិនអោយបញ្ចេញឈ្មោះ បាននិយាយថា សង្ស័យរូបនេះ មានយុទ្ធសាស្ត្រខ្ពស់បំផុតក្នុងការនិយាយក្នុងគោលបំណងបោកប្រាស់ យកប្រាក់ពលរដ្ឋអស់ចំនួន ៤ នាក់ ថាយកទៅរកស៊ីចូលហ៊ុនគ្នាដើម្បីបានប្រាក់ចំណេញចែកភាគរយគ្នា។ ជនរងគ្រោះបាននិយាយទៀតថា ខ្ញុំបានស្គាល់ជនសង្ស័យបានប្រហែលជាង១ខែ ហើយជនសង្ស័យ បានបបួលខ្ញុំថាទៅរកស៊ីឈើគ្រញូងនៅខេត្តក្រចេះ។ ជនសង្ស័យបានខ្ចីលុយចំនួន២ម៉ឺនដុល្លារយកទៅទិញឈើ។ នៅជំហ៊ានដំបូងជនសង្ស័យបានឲ្យប្រាក់ចំណេញ១លើក។ បន្ទាប់មកជនសង្ស័យលែងឲ្យប្រាក់ចំណេញ ហើយបានមកសុំខ្ចីរថយន្តថែមទៀត។ ប៉ុន្តែក្នុងគ្រាហ៍នេះខ្ញុំមិនចង់ឲ្យរថយន្តទេ ប៉ុន្តែដោយសារជនរូបនោះពូកែនិយាយលួងលោម ខ្ញុំក៏ព្រមឲ្យរថយន្តទៅ ហើយបាត់តែម្តង រហូតដល់សព្វថ្ងៃនេះ។ នៅចុងក្រោយជនសង្ស័យខាងលើនេះ បានមកឆបោកប្អូនប្រុសខ្ញុំយកម៉ូតូ ២ គ្រឿងនិងលុយដុល្លារចំនួន ១៥០០ដុល្លារហើយបានគេចបាត់។ ជនរងគ្រោះបានបន្តថា នៅរយៈពេលជាង ២ ឆ្នាំ ទើបថ្ងៃនេះ ពេលជិះរថយន្តតាមផ្លូវព្រៃស ក៏បានឃើញជនសង្ស័យ ហើយជិះរថយន្តដេញតាម ពេលនោះជនសង្ស័យបានជិះរថយន្តចូលក្នុងពន្ធនាគារព្រៃស ខ្ញុំក៏ដេញតាម ហើយប្តឹងមន្ត្រីពន្ធនាគារចាប់ខ្លួនតែម្តង។ សូមបញ្ជាក់ថា ជនសង្ស័យចូលក្នុងពន្ធនាគារព្រៃស ក្នុងបំណងទៅសួរសុខទុក្ខបក្ខពួកគេដែលជាប់ពន្ធនាគារ។
ប៉ូលិសបាននិយាយថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានឆបោកយកលុយ ម៉ូតូ និង រថយន្ត ពីជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យឃុំខ្លួននិងសួរនាំនៅខណ្ឌចំការមន។
គួររម្លឹកដែរថា នាពេលកន្លងមកជនសង្ស័យក៏ធ្លាប់ជាប់ពន្ធនាគារចំនួន២លើកមកហើយ ក្នុងករណីឆបោកប្រាក់គេ ស្រដៀងនឹងករណីខាងលើនេះដែរ ព្រោះជនសង្ស័យពូកែប្រូ ដោយនិយាយឲ្យជនរងគ្រោះជឿស៊ុបលើរូបគេ ដោយថាយកប្រាក់ទៅរកស៊ីបានប្រាក់ចំណេញចែកភាគហ៊ុនគ្នា៕L