យន្ដហោះ​បាត់​ខ្លួន៖ ស្ត្រី​អង់គ្លេស​ម្នាក់ ឃើញ​យន្ដហោះ​ឆេះ​ជិត​ទឹក​ដី​ថៃ

6/04/2014 0 Comments A+ a-

នេះជាការរកឃើញនូវចំណុចថ្មីមួយទៀត ទាក់ទងនឹងយន្ដហោះប៊ូអ៊ីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ បន្ទាប់ពីយន្ដហោះនេះបានបាត់ខ្លួន ជិត៣ខែកន្លងទៅហើយ។ អ្នកទេសចរណ៍ជាតិអង់គ្លេសមួយរូប បានលើកឡើង​ប្រាប់អាជ្ញាធររបស់ប្រទេសអូស្ត្រាលី ដែលទទួលបន្ទុករុករកយន្ដហោះ នៅក្នុងមហាសមុទ្រឥណ្ឌា​ខាងត្បូងនោះថា ខ្លួនបានឃើញយន្ដហោះមួយ បានឆេះនៅក្បែរនឹងព្រំដែននៃប្រទេសថៃ ក្នុងយប់កើត​ហេតុ​ជួនចំ​ពេល នឹងការ​បាត់​ខ្លួនរបស់យន្ដហោះ MH370។

រូបគំនូរ បង្ហាញពីយន្ដហោះឆេះធ្លាក់។ (រូបថត ចេញពីរូបគំនូរព្រៀង)
បាត់យន្ដហោះ - សារព័ត៌មានអង់គ្លេស ឌឹថែម៍ (The Times) បានរាយការណ៍នៅថ្ងៃអង្គារទី៣ ខែឧសភានេះថា ស្ត្រីអ្នកទេសចរណ៍ជាតិអង់គ្លេស អ្នកស្រី កាតឺរីន ធេ (Katherine Tee) បានឃើញយន្ដហោះដ៏ធំជា​មួយនឹង​អណ្ដាត​ភ្លើង ក្នុងខណៈពេលដែលអ្នកស្រី បានចេញកាណូតឯកជនមួយ ជាមួយនឹងស្វាមីអ្នកស្រី ទៅកំសាន្ដនៅលើមហា​សមុទ្រឥណ្ឌា ចន្លោះដែនទឹកនៃប្រទេសឥណ្ឌា និងប្រទេសថៃ។
អ្នកស្រីនិយាយថា «ខ្ញុំឃើញទម្រង់ភ្លើងដ៏វែងមួយ មានពណ៌ទឹកក្រូចស្រស់ ជាមួយនឹងផ្សែងពណ៌ខ្មៅចេញ​តាមពី​ក្រោយ។ () ខ្ញុំគិតដំបូងភ្លាមនោះថា នេះអាចជាផ្កាយធ្លាក់ ព្រោះខ្ញុំចូលចិត្តរឿងបែបនេះណាស់។ តែនៅពេលមើល​ឲ្យយូរបន្ដិត វាមានរាងដូចជាយន្ដហោះមួយ កំពុងឆេះ! វាបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ព្រោះខ្ញុំមិនដែលឃើញ​យន្ដហោះ ជាមួយនឹងពណ៌ទឹកក្រូចស្រស់បែបនេះទេ។»
អ្នកស្រី កាតែរីន ធេ និងស្វាមីបានត្រឡប់មកកាន់ក្រុងភូកេត ប្រទេសថៃវិញ នៅពីរថ្ងៃក្រោយមក ប៉ុន្តែអ្នកស្រី​មិន​បានរាយការណ៍ការមើលឃើញរបស់អ្នកស្រី ភ្លាមៗនោះទេ។ អ្នកស្រីបានរៀបរាប់ថា «ខ្ញុំខ្លាចគេថា ខ្ញុំឆ្កួត»។ ប៉ុន្តែ​បន្ទាប់ពីបានមើលបទយកការណ៍មួយ ស្ដីពីការរុករុកយន្ដហោះយ៉ាងសម្បើមដៃនោះ អ្នកស្រីបានសម្រេចចិត្ត​យក​ទិន្នន័យ នៃតំបន់ (GPS) ដែលកាណូតរបស់អ្នកស្រី បានឆ្លងកាត់នៅយប់នោះ យកមកពិនិត្យឡើងវិញ។ ការសិក្សា​ឡើងវិញនេះ បានធ្វើឲ្យអ្នកស្រីច្បាស់ក្នុងចិត្តថា ទិន្នន័យនៃតំបន់តាំងនៅរបស់កាណូត វាប្រហាក់ប្រហែលនឹង​ដំណើរត្រឡប់ក្រោយ របស់យន្ដហោះបាត់ខ្លួន MH370។
អ្នកស្រីបានឲ្យដឹងទៀតថា៖ «មកដល់ពេលនេះ ខ្ញុំមានការជឿជាក់ច្បាស់ក្នុងចិត្ត ហើយខ្ញុំចង់ដាក់របាយការណ៍ នៃការសិក្សាទាំងនេះ ទៅឲ្យអាជ្ញាធរដែលកំពុងធ្វើកិច្ចការនេះ»។
បើទោះជា ការរាយការណ៍របស់អ្នកស្រី មានរយៈពេលយឺតបន្តិចមែន ប៉ុន្តែវាបានធ្វើឲ្យចំណុចសង្ស័យ ទៅលើការ​បាត់ខ្លួនរបស់យន្ដហោះ បែកចេញទៅរឿងមួយទៀត។ នៅក្រោយពេលដែលយន្ដហោះ បានដាច់ការ​ទាក់ទង​មក​ផែនដី ប្រព័ន្ធរលកអាកាសរបស់ប្រទេសថៃ ក៏បានចាប់បានពីដំណើររបស់យន្ដហោះ មិនស្គាល់អត្តសញ្ញាណមួយ ដែលមានដំណើរមិនទៀងមួយដែរ។
កាលពីពីរសប្ដាហ៍មុន សៀវភៅមួយមានចំណងជើងថា «យន្ដហោះ​ MH370៖ អាថ៌កំបាំង»  បានលើកយកសម្ដី​ប្រហាក់ប្រហែលគ្នា របស់​សាក្សីមួយរូប លោក ម៉ៃ ម៉ាកខេ (Mike McKay) ជនជាតិញ៉ូហ្សេឡេន ដែល​បាន​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​ចម្រាញ់ប្រេងមួយ នៅក្នុងឈូងសមុទ្រថៃ ថាបានឃើញតួយន្ដហោះ បានឆេះនៅលើមេឃ នៅ​ក្នុងពេល​តែមួយ ដែលយន្ដហោះបានដាច់ទំនាក់ទំនង មកផែនដីនោះ។ អ្នកនិពន្ធសៀវភៅជាតិអង់គ្លេស លោក នីជេល ខាវថន (Nigel Cawthorne) ដែលជាអ្នកសារព័ត៌មានមួយរូបដែរនោះ បានភ្ជាក់ហេតុការណ៍នេះ ទៅនឹង​សមយុទ្ធ​យោធា ដែលបានរៀបចំធ្វើរួមគ្នា រវាងប្រទសថៃ និងសហរដ្ឋអាមេរិក នៅក្នុងសមុទ្រចិនខាងត្បូង នៅ​ពេល​នោះ ហើយ​បាន​លើកការសង្ស័យមួយមកនិយាយថា «សមាជិកម្នាក់នៅក្នុងសមយុទ្ធ ទំនងជាបានបាញ់ដោយច្រឡំ ចំយន្ដហោះនេះ​» បន្ទាប់មកហេតុការណ៍នេះ ត្រូវបានគេលាងសម្អាតយ៉ាងស្អាត។
តើការបាត់ខ្លួន របស់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ MH370 ពីរដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅរដ្ឋធានីប៉េកាំង នឹងស្ថិត​នៅជាអាថកំបាំងរហូតទៅមែន ឬយ៉ាងណា?
រូបថតអ្នកស្រី កាតឺរីន ធេ និងយន្ដហោះប៊ូអីង របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ៖