អូន ឧស្សាហ៍ និង ភិន សុដាលីស ចាប់​គូ​គ្នា​ជា​ថ្មី​ក្នុង​រឿង​ទឹក​ចិត្ត​ប្រពន្ធ

6/04/2014 0 Comments A+ a-

បន្ទាប់ពីចាប់ដៃគូគ្នាសម្តែងអស់ជាច្រើនរឿង លោក អូន ឧស្សាហ៍ និងកូនស្រីចាងហ្វាងផលិតកម្មមហាហង្ស កញ្ញា ភិន សុដាលីស បានចាប់ដៃគូគ្នាជាថ្មី ក្នុងខ្សែភាពយន្តរឿង«ទឹកចិត្តប្រពន្ធ»។

តារាសម្ដែង លោក អូន ឧស្សាហ៍ និងកញ្ញា ភិន សុដាលីស។
តារា - លោក អូន ឧស្សាហ៍ ជាតារាសម្ដែងម្នាក់ ដែលកំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ ថ្មីៗនេះ លោកបានគ្រងដំណែងជាតារាឯកជាថ្មី ក្នុងខ្សែភាពយន្ត ដែលគ្រោងនឹងចាក់បញ្ចាំង លើកញ្ចក់​ទូរទស្សន៍​ស៊ីធីអ៊ិន ដោយចាប់គូរសម្តែងជាមួយកញ្ញា ភិន សុដាលីស ដែលជាញឹកញាប់ គេតែងតែឃើញតារាទាំងពីរដួង សម្តែងជាតួឯកជាមួយគ្នាជាច្រើនរឿង។
រឿងភាគមួយចំនួនកន្លងមក ដែលតារាសម្តែងស្រីវ័យក្មេង ភិន សុដាលីស រួមសម្តែងជាមួយ លោក អូន ឧស្សាហ៍ មានដូចជារឿង អព្ភូតហេតុស្នេហ៍ រលកបោកខ្សាច់ និងខ្សែភាពយន្តដែលទើបចាប់ផ្សាយ នៅលើ​កញ្ចក់ទូរទ្សន៍ប៉ុស្ត​លេខ៥ រឿងមីនុយធ្នាក់អន្ទាក់ស្នេហ៍។
វណ្ណកម្មថ្មី«ទឹកចិត្តប្រពន្ធ» ដែលតារាមានរាងខ្ពស់ស្រលះរូបនេះ សម្ដែងតួឯកជាថ្មី ជាមួយនឹងកញ្ញា ភិន សុដាលីស លោកអូន ឧស្សាហ៍ ធ្លាប់ប្រាប់សារព័ត៌ក្នុងស្រុកមួយថា នឹងរំពឹងទទួលបានការគាំទ្រខ្លាំង ពីទស្សនិកជននៅពេល​ដាក់បញ្ចាំងនៅ CTN ពេលថតចប់។ ម្យ៉ាងទៀត តារាសម្ដែងរូបនេះ ក៏រំពឹងថាប្រជាប្រិយភាពរបស់ខ្លួនក៏ នឹងកើន​ខ្ពស់​ជាងមុនផងដែរ ក្រោយពីរឿងនេះដាក់បញ្ចាំង នៅតាមកញ្ចាក់ទូរទស្សន៍ និងដាក់លក់នៅលើទីផ្សារ។
បើតាមមើលពីសមត្ថភាពនៃការសម្តែង តួឯកប្រុសរូបនេះ ចាប់ផ្ដើមទទួលបានការគាំទ្រខ្លាំង ពីទស្សនិកជន​រហូតឆក់​បានពាន ពីកម្មវិធីអាណាចក្រតារា ផ្នែកតារាសម្ដែង ស៊ីវិល័យកាលពីឆ្នាំ ២០១១ កន្លងទៅ។ ចំណែក កញ្ញា ភិន សុដាលីស ជាតារាសម្ដែងវ័យក្មេង តែងតែទទួលតំណែងតួឯកញឹកញាប់ ក្នុងផលិតកម្ម មហាហង្ស ដែលមាន​ឪពុក​ជា​ចាងហ្វាងផលិតកម្ម។
លោក អ៊ិន សុភិន ជាចាងហ្វាងផលិតកម្មមហាហង្ស និងជាអ្នកនិពន្ធក្នុងរឿងភាគថ្មី«ទឹកចិត្តប្រពន្ធ»នេះ ធ្លាប់បង្ហើប​ប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយមោទនៈភាពថា ការដែលតារាទាំងពីរនេះ តែងតែចាប់ដៃគូគ្នាសម្តែងជាញឹកញាប់ ដោយសារតែពួកសម្តែងទៅសមគ្នា និងទទួលបានការគាំទ្រច្រើនពីប្រិយមិត្ត។ ម្យ៉ាងការរួមសម្តែងជាញឹកញាប់នេះ វាក៏កាន់តែធ្វើឱ្យប្រជាប្រិយភាព ពួកគេកាន់តែល្បីខ្លាំងឡើងដែរ។
ក្រៅតែពីលោក អូន ឧស្សាហ៍ និងកញ្ញា ភិន សុដាលីស នៅមានតារាល្បីៗជាច្រើនរូបទៀត ចូលរួមសម្ដែង ក្នុងខ្សែ​ភាពយន្ត ដែលចំណាយទឹកប្រាក់អស់ជាង១០ម៉ឺនដុល្លារនេះ មានដូចជាលោក ហម ឈរ៉ា អ្នកនាង ប៉ែន សុផានី លោក លឹម រដ្ឋា លោក សាយ សៀរ៉ា លោក ជា សំណាង កញ្ញា ជុំ រចនាពេជ្រ លោក ប្រាក់ ផាកន លោក ហង្ស សំបើមស័ក្ក និងតារាសម្ដែងល្បីៗជាច្រើនទៀត។ រឿងភាគថ្មី គ្រោងនឹងដាក់ផ្សាយនៅស្ថានីយទូរទស្សន៍ CTN ក្នុង​ពេលឆាប់ៗខាងមុខ។ បន្ទាប់ពីថតខ្សែភាពយន្ដនេះចប់ លោក អូន ឧស្សាហ៍ និងកញ្ញា ភិន សុដាលីស គ្រោង​នឹង​ត្រៀមចេញទៅថត នៅប្រទេស ម៉ាឡេស៊ី ក្នុងពេលឆាប់ៗនេះផងដែរ៕ Via: Domneng.