Ryan Giggs នឹងដឹកនាំ Man Utd បណ្តោះអាសន្ន​ចំពោះ​៤ប្រកួត​ដែល​នៅសល់​

4/23/2014 0 Comments A+ a-

ក្រុងមែនឆេស្ទើៈ កីឡាករ ខ្សែបម្រើជើងចាស់ Ryan Giggs នឹងត្រូវបានតែងតែ ជាគ្រូបង្វឹក បណ្តោះអាសន្ន ក្នុងការដឹកនាំ ក្លឹបបិសាចក្រហម Manchester United លេងក្នុង Premier League ចំពោះ៤ប្រកួត ដែលនៅសល់ ស្របពេលដែល ក្លឹបជើងខ្លាំងមួយនេះ មិនទាន់រកគ្រូបង្វឹកថ្មី ជំនួសកៅអី លោក David Moyes បន្ទាប់ពីត្រូវបាន បណ្តេញពីតំណែង កាលពីម្សិលមិញនេះ ។
ទាក់ទងទៅនឹងញ្ហានេះដែរ លោក Gary Lineker បានថ្លែងប្រាប់ គេហទំព័រ BBC ថា ក្លឹបជើងខ្លាំង Man Utd កំពុងស្ថិតក្នុងវិបត្តិ តាំងពីចាប់ផ្តើម Premier League នារដូវកាល ឆ្នាំ២០១៣-២០១៤ មកម្ល៉េះដោយ មិនប្រាកដថា បានលេង ក្នុងពានរង្វាន់ប្រចាំ ទ្វីបណាមួយ នៅឡើយនោះទេ សម្រាប់រដូវកាល ក្រោយដោយកំពុងតែ ឈរនៅលេខរៀងទី៧ ក្នុងតារាងមានតែ ៥៧ពិន្ទុនោះ ។ ចំណុចគួរឲ្យ កត់សម្គាល់មួយទៀត ត្រូវបានអតីតកីឡាករ ប្រធានក្រុម Roy Keane របស់ Man Utd បានលើកឡើងថា “David Moyes បានចាប់ផ្តើមការងារ ដោយលំបាក នៅទឹកដី Old Trafford ខណៈដែល នាយកប្រតិបត្តិ របស់ក្លឹបហាក់បីដូចជា មិនពេញចិត្តគ្រូបង្វឹកថ្មី ជនជាតិស្កុតឡេន ម្នាក់នេះទេ បូករួមទាំងកីឡាករភាគ ច្រើនផងដែរ ដែលធ្វើឲ្យ លោក Moyes មានថ្ងៃនេះ” ។
យ៉ាងណាមិញការ មិនទាន់មានគ្រូបង្វឹកបង្គោល ជាផ្លូវការនៅឡើយ ក្លឹបក៏បានធ្វើការតែងតាំង កីឡាករ វ័យ៤០ឆ្នាំ Ryan Giggs ដឹកនាំបណ្តោះ អាសន្នចំពោះ៤ប្រកួតរបស់ Man Utd ដែលនៅសល់ដោយនឹង ជួបក្រុមភ្ញៀវបក្សចាំក្រុង Norwich City នាថ្ងៃសៅរ៍ ទី២៦ ខែមេសាចុងសប្តាហ៍នេះ មុនពេលជួប ក្រុមភ្ញៀវ Sunderland និង Hull City និងមួយប្រកួតចុងក្រោយ ត្រូវជួបក្រុមម្ចាស់ផ្ទះ Southampton ដើម្បីបិទរដូវកាល លីកកំពូលរបស់ ចក្រភពអង់គ្លេសមួយនេះ ។
សូមរំលឹកផងដែរថា ថ្វីត្បិតតែ David Moyes ត្រូវបានបណ្តេញចេញពី តំណែងក៏ពិតមែន ប៉ុន្តែក្នុងការដឹកនាំ Man Utd ជាង៩ខែរបស់គាត់ គាត់ក៏បានជួយឲ្យ បិសាចក្រហមឈ្នះ បើករដូវកាល FA Community Shield មួយផងដែរ បន្ទាប់ពី ឈ្នះក្រុម Wigan ហើយក៏បានធ្វើរឿង ក៏គួរឲ្យភ្ញាក់ផ្អើលមួយ ផងដែរដោយបានបំបាក់ ក្រុមភ្ញៀវមកពីក្រិក Olympiakos ដោយលទ្ធផលបច្ចេកទេស ៣-០ នៅ Old Trafford ក្នុងវគ្គ១៦ក្រុម ចុងក្រោយដោយកីឡាករ ខ្សែប្រយុទ្ធ Robin van Persie ធ្វើបានគ្រាប់ហ៊ែកទ្រីកនោះ ៕
 លោក Moyes (ឆ្វេង) និង  Ryan Giggs (ស្តាំ)
 Ryan Giggs