ពលរដ្ឋនៅកំពង់ចាម បារម្ភខ្លាចបាត់ដីដោយ សារក្រុមហ៊ុន ម៉ែន សារុន
ប្រជាពលរដ្ឋអះអាងថា ពួកគាត់បានកាន់កាប់នោះមុនក្រុមហ៊ុន គឺនៅពេលពួកគាត់កាប់ឆ្ការស្អាតទើបខាងក្រុមហ៊ុនមកអះអាងថា ជាដីរបស់គេ ហើយតម្រូវឱ្យប្រជាពលរដ្ឋធ្វើកិច្ចសន្យាជួលដីនោះពីក្រុមហ៊ុនទៅ វិញ។ ការតម្រូវឱ្យប្រជាពលរដ្ឋជួលដីពីក្រុមហ៊ុននោះ ខាងអង្គការសិទ្ធិមនុស្សយល់ថា ជាការយកប្រៀបលើប្រជាពលរដ្ឋដោយអយុត្តិធម៌។
ប្រជាពលរដ្ឋនៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម ព្រួយបារម្ភថា នឹងបាត់បង់ដីចម្ការដែលពួកគាត់បានកាប់រានដាំដំណាំជាច្រើនឆ្នាំ មកហើយ នៅពេលក្រុមហ៊ុន ម៉ែន សារុន ជីកប្រឡាយព័ទ្ធដីទាំងនោះ។ ការព្រួយបារម្ភនេះ ធ្វើឱ្យប្រជាពលរដ្ឋស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរដើម្បី ដោះស្រាយ ប៉ុន្តែការដោះស្រាយរបស់អាជ្ញាធរនៅតែធ្វើឱ្យពួកគាត់មិនអាចទទួល យកបាន។
តំណាងប្រជាពលរដ្ឋម្នាក់ រស់នៅភូមិថ្មតាដោក ឃុំជាំក្រវៀន លោក គង់ ហ៊ាន មានប្រសាសន៍ថា កាលពីថ្ងៃ៧ មីនា តំណាងប្រជាពលរដ្ឋ និងក្រុមហ៊ុនបានជួបចរចាជុំវិញរឿងដីធ្លីដែលមានប្រជាពលរដ្ឋប្រមាណ ១៥០គ្រួសារ ប៉ះពាល់ជាមួយក្រុមហ៊ុន ម៉ែន សារុន នោះ។ ភាគីប្រជាពលរដ្ឋទាមទារធ្វើចម្ការលើដីរបស់ខ្លួន ដោយមិនពាក់ព័ន្ធទៅនឹងក្រុមហ៊ន ចំណែកខាងភាគីក្រុមហ៊ុនបានស្នើឱ្យប្រជាពលរដ្ឋធ្វើកិច្ចសន្យាជួល ដីនោះពីក្រុមហ៊ុន។ ប៉ុន្តែប្រជាពលរដ្ឋមិនព្រមដោយអះអាងថា ដីនោះ គឺពួកគាត់ជាអ្នករុករានដាំដំណាំជាច្រើនឆ្នាំមកហើយ ប្រសិនបើពួកគាត់ធ្វើកិច្ចសន្យាជួល គឺមានន័យថា ដីនោះគឺជាដីរបស់ក្រុមហ៊ុន។
លោកបន្តថា ពីមុនខាងក្រុមហ៊ុនបានទាមទារលុយពីប្រជាពលរដ្ឋដែលធ្វើលើដីនោះ ក្នុងមួយហិកតារ ៧០ម៉ឺនរៀលតែប្រជាពលរដ្ឋមិនព្រមឱ្យ៖ «គាត់អត់ យល់ព្រមទេ!គាត់ថា អត់យល់ព្រមជាដាច់ខាត ពីព្រោះដីហ្នឹង គឺជាដីប្រជាពលរដ្ឋដែលគាត់ខំធ្វើដែលគាត់ខំរុករានតាំងពីព្រៃតូច ព្រៃធំ ដែលពួកគាត់ខំធ្វើតាំងពីប៉ុន្មានឆ្នាំមក។ គាត់មិនដាក់ជាជួលទេ បើទោះបីជាមិនយកលុយមិនយកកាក់ ក៏គាត់មិនដាក់ជាជួលដែរ»។
លោកបញ្ជាក់ថា តាំងពីមុនឆ្នាំ២០០០ លោកបានមករុករានដីតំបន់នោះមុនក្រុមហ៊ុនមកម្លេះ ហើយក៏ត្រូវក្រុមហ៊ុនបណ្តេញចេញម្តងរួចមកហើយ ដោយចោទថា លោកធ្វើចម្ការប៉ះពាល់លើដីភាគីក្រុមហ៊ុន ហើយក្រុមហ៊ុនថា នឹងមានការដោះដូរដីថ្មីឱ្យ ប៉ុន្តែលោកមិនបានទទួលនោះទេ។
ក្រោយមកលោកក៏បានមកកាប់រុករានកន្លែងថ្មីដែលនៅជិតចម្ការ កៅស៊ូរបស់ក្រុមហ៊ុន ម៉ែន សារុន នោះ បានប្រមាណជា ៥ឆ្នាំ ដោយរុករានតាំងពីនៅព្រៃទ្រុបទ្រុល ហើយពេលដាំដំណាំបានហើយ ស្រាប់តែគេប្រាប់ថា ជាដីរបស់ក្រុមហ៊ុនទៅវិញ។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី ដោក ឯម បានមានប្រសាសន៍ថា អ្នកស្រីមានស្រុកកំណើតនៅទីនោះ ហើយក៏បានកាប់ឆ្ការដាំដំណាំមុនក្រុមហ៊ុនចូលមកដែរ ប៉ុន្តែពេលក្រុមហ៊ុនចូលមកក៏មិនព្រមឱ្យអ្នកស្រីដាំដំណាំអ្វី ធំដំក្រៅពីដំឡូងនោះឡើយ ហើយថ្មីៗនេះ មានការជីកប្រឡាយព័ទ្ធដីរបស់ពួកគាត់ ធ្វើឱ្យអ្នកស្រីមានការបារម្ភជាខ្លាំង។
អ្នកស្រី ដោក ឯម៖ «អូ! រឿងព្រួយនោះ ព្រួយដល់ គ្មានថា ស្រួលស្រណុកអីទេ ខ្ញុំនឹកឃើញថា បើគេមិនដោះស្រាយឱ្យបងប្អូនគ្រប់ៗគ្នាហ្នឹង បើថា មិនដោះឱ្យហ្នឹង ខ្ញុំមិនដឹងជាពឹងអីទេ។ ចប់ហើយ ដឹងថាងាប់ហើយ គ្មានដីធ្វើស៊ីហោះ។ ខ្ញុំនិយាយអ៊ីចឹងតែម្ដង»។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីភាគីក្រុមហ៊ុន ម៉ែន សារុន បានទេ ចំណែកមេឃុំជាំក្រវៀន លោក អ៊ូច យឿន ក៏មិនអាចសាកសួរព័ត៌មានបន្ថែមបានដែរ នៅថ្ងៃ៨ មីនា ដោយលោកស្ថិតនៅប្រទេសវៀតណាម។
មន្រ្តីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកំពង់ចាម លោក ប៊ូ វីរៈ មានប្រសាសន៍ថា ប្រសិនបើដូចអ្វីដែលប្រជាពលរដ្ឋបានលើកឡើងថា ភាគីក្រុមហ៊ុនបានតម្រូវឱ្យប្រជាពលរដ្ឋជួលដីដែលប្រជាពលរដ្ឋកំពុង ធ្វើពីក្រុមហ៊ុនវិញនោះ គឺជាការយកប្រៀបពីសំណាក់ភាគីក្រុមហ៊ុនទាំងស្រុង ផ្ទុយទៅវិញ ប្រជាពលរដ្ឋនឹងត្រូវបាត់បង់ដីចម្ការ បន្ទាប់ពីកិច្ចសន្យានោះផុតកំណត់។
លោក ប៊ូ វីរៈ៖ «គោលនយោបាយបែបហ្នឹងឃើញថា ក្រុមហ៊ុនគេមានប្រៀបខ្លាំង ធ្វើអ៊ីចឹងមួយឆ្នាំក្រោយមក គាត់នឹងបាត់សិទ្ធិទាំងអស់ហើយ តែជួលហើយមានន័យថា ជាដីរបស់គេហើយ ដីរបស់ក្រុមហ៊ុនហើយ។ អ៊ីចឹងតែគាត់ទទួលយកការជួលរយៈពេល ១ឆ្នាំ ឬក៏កិច្ចសន្យារយៈពេលណាមួយគឺមានន័យថា គាត់បោះបង់ចោលសិទ្ធិរបស់គាត់ហើយ។ អ៊ីចឹងនៅពេលណាចប់កិច្ចសន្យា អ៊ីចឹងម្ចាស់កិច្ចសន្យានឹងលែងទទួលផលអីហើយ»។
លោកយល់ថា ជាការប្រសើរគប្បីមានការដោះស្រាយដើម្បីឱ្យប្រជាពលរដ្ឋទាំងនោះអាច ទទួលយកបានជាជាងធ្វើឱ្យបញ្ហាកាន់តែរីកធំឡើងនោះ៕
ប្រភពពី វិទ្យុអាស៊ីសេរី