សហព័ន្ធអន្តរជាតិជំរុញ ឲ្យសហភាពអឺរ៉ុបលើកបញ្ហា រំលោភសិទ្ធិមនុស្សជាមួយមន្ត្រីកម្ពុជា
00:00
នៅក្នុងរបាយការណ៍សង្ខេបកម្រាស់ ២០ទំព័រ ដែលចេញផ្សាយនៅថ្ងៃទី៦ ខែមីនា សហព័ន្ធអន្តរជាតិទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា ហ្វីដ្ហ (FIDH) រួមជាមួយអង្គការដែលជាសមាជិករបស់ខ្លួន ២ផ្សេងទៀត គឺអង្គការអាដហុក និងលីកាដូ បានវាយតម្លៃថា ស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈកាន់តែធ្ងន់ធ្ងរទៅៗ ហើយបានជំរុញឲ្យមានវិធានការបន្ទាន់ពីសហភាពអឺរ៉ុប។
របាយការណ៍សង្ខេបដែលមានដាក់រូបថតស្ត្រីបឹងកក់ វ័យកណ្ដាលម្នាក់នៅក្របមុខ ត្រូវអាជ្ញាធរចាប់អូសដៃនិងសមត្ថកិច្ចម្នាក់ទៀត ប្រដាប់ដោយខែល និងដំបងរុញពីក្រោយបានរៀបរាប់យ៉ាងច្រើនអំពីបញ្ហាទាំងឡាយដែល កំពុងកើតមាននៅកម្ពុជា រួមមានការរំលោភសិទ្ធិមនុស្ស ការរឹបអូសដីធ្លី ភាពមិនប្រក្រតីការបោះឆ្នោត ការរឹតបន្តឹងលើសិទ្ធិសេរីភាពសម្ដែងមតិ និងការជួបជុំដោយសន្តិវិធី ការបង្ក្រាបលើក្រុមបាតុករកម្មករ និងការហាមប្រាមមិនឲ្យពលរដ្ឋជួបជុំ ព្រមទាំងការធ្វើច្បាប់ដើម្បីរឹតបន្តឹងដល់សកម្មភាពស្របច្បាប់ របស់ក្រុមការងារសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សជាដើម។
របាយការណ៍បានលើកឡើងថា ក្នុងពេលពិនិត្យអំពីស្ថានភាពសិទ្ធិមនុស្សជាសកលនៅឆ្នាំ២០០៩ រដ្ឋាភិបាលកម្ពុជា បានទទួលយកអនុសាសន៍ ៩១ចំណុចដែលសហគមន៍អន្តរជាតិបានផ្ដល់ឲ្យនៅពេលនោះ ប៉ុន្តែក្នុងរយៈពេល ៤ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា ខកខានមិនបានបំពេញតាមការប្ដេជ្ញាចិត្តរបស់ខ្លួនឡើយ ហើយជនមានអំណាចនៅតែបន្តរំលោភលើសិទ្ធិមនុស្ស។
សហព័ន្ធអន្តរជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលជាស្ថាប័នអន្តរជាតិ តំណាងឲ្យអង្គការសិទ្ធិមនុស្សប្រមាណ ២០០ ក្នុងទ្វីប ៥ លើសកលលោក បានលើកឡើងទៀតថា អំពើពុករលួយនៅកម្ពុជា នៅតែមានច្រើន ហើយការប្រើអំពើហិង្សាប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាលមានលក្ខណៈ ជាប្រព័ន្ធ។ សកម្មជននិងអ្នកកាសែតត្រូវបានសម្លាប់ ខណៈអ្នករិះគន់រដ្ឋាភិបាលត្រូវបានចាប់ដាក់គុកតាមការចោទប្រកាន់ មិនត្រឹមត្រូវ ហើយអាជ្ញាធរក៏មិនបានស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ដើម្បីនាំយកជនប្រព្រឹត្តកំហុសមកប្រឈមមុខនឹងយុត្តិធម៌ឡើយ។ រីឯអ្នកនយោបាយនិងអ្នកជំនួញវិញ បានរំលោភច្បាប់ និងបានសម្លុតបំភ័យគូប្រជែងរបស់ខ្លួន ហើយពួកគេក៏ទទួលបានផលប្រយោជន៍ពីដីសម្បទាន និងការរឹបអូសយកដីដែលបានបណ្ដាលឲ្យពលរដ្ឋប្រមាណ ១លាននាក់បាត់បង់ទីជម្រក។ របាយការណ៍ក៏បានផ្តល់អនុសាសន៍មួយចំនួនដើម្បីជាប្រយោជន៍ក្នុងការ រកដំណោះស្រាយចំពោះបញ្ហាទាំងអស់នេះ។
អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការ គណៈរដ្ឋមន្ត្រី លោក ទិត សុធា។ លោកបានមានប្រសាសន៍នៅថ្ងៃទី៨ មីនា ថា លោកមិនបានដឹងអំពីការអំពាវនាវរបស់ស្ថាប័នសិទ្ធិមនុស្សនេះឡើយ ប៉ុន្តែលោកថា រដ្ឋាភិបាលមិនព្រួយបារម្ភអំពីរបាយការណ៍នោះទេ ពីព្រោះលោកថា បណ្ដាប្រទេសផ្តល់ជំនួយដល់កម្ពុជា គេយល់ពីស្ថានការណ៍ជាក់ស្ដែងនៅកម្ពុជា ហើយប្រទេសទាំងនោះក៏ដឹងដែរថា តើរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃកំពុងតែបំពានច្បាប់ ឬក៏កំពុងតែការពាររដ្ឋធម្មនុញ្ញនោះ។
លោកថា ស្ថាប័នសិទ្ធិមនុស្សទាំងអស់នោះ មិនគួរដើរវាយតម្លៃដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ៖ «ការ ដែលវិនិច្ឆ័យថា ធ្ងន់ធ្ងរហ្នឹង តើសំអាងលើហេតុផលគ្រប់ជ្រុងជ្រោយហើយឬនៅ? ពីព្រោះរដ្ឋាភិបាលមានសុឆន្ទៈពិតប្រាកដរហូតដល់ដាក់ចេញនូវ គោលនយោបាយសម្រាប់អនុវត្តនៅក្នុងអាណត្តិរបស់ខ្លួនទៅទៀត ដូច្នេះហើយការដែលហ៊ានវាយតម្លៃថាអន់ថយទៅៗ គឺជាការវាយតម្លៃមិនពេញលក្ខណៈមួយ ដូច្នេះខ្ញុំយល់ថា បើសិនបើវាយតម្លៃពីស្ថានការណ៍សិទ្ធិមនុស្សតើយកអីជាបទដ្ឋាន? យើងគួរតែយកច្បាប់ ហើយបើសិនជាសម្លឹងឃើញតែផលអវិជ្ជមាននៃផ្នែកដ៏តិចតួចនៃ សមត្ថកិច្ចរដ្ឋាភិបាលនៅក្នុងការរៀបចំសណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ ហើយដែលក្រុមប្រឆាំងបំពានច្បាប់ជាច្រើននោះ មិនយកធ្វើការថ្លឹងថ្លែង ខ្ញុំយល់ថា ការវាយតម្លៃណាមួយផ្អែកតែលើព័ត៌មានម្ខាងបែបនេះ គ្មានអីដែលគួរឲ្យចាប់អារម្មណ៍នោះទេ»។
នៅមិនទាន់ដឹងថា តើសហភាពអឺរ៉ុបនឹងលើកយកបញ្ហាសិទ្ធិមនុស្សទៅពិភាក្សាជាមួយមន្ត្រី រដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី៨ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ មីនា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ឬក៏យ៉ាងណានោះទេ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងថា ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះដែលមានការចូលរួមធ្វើជាសហ ប្រធានដោយរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក អ៊ុច បូរិទ្ទ និងនាយកសហភាពអឺរ៉ុបប្រចាំតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ លោក អ៊ូហ្កូ អាស្ទូតូ (Ugo Astuto) ភាគីទាំង២ នឹងពិភាក្សាលើបញ្ហាមួយចំនួនជុំវិញកិច្ចសហប្រតិបត្តិ ការរវាងកម្ពុជា និងសហភាពអឺរ៉ុប រួមមានបញ្ហាសេដ្ឋកិច្ចនយោបាយសន្តិសុខ ច្បាប់ បម្រែបម្រួលអាកាសធាតុ ព្រមទាំងកិច្ចសហប្រតិបត្តិការតំបន់ និងពិភពលោក តែមិនមានបញ្ហាសិទ្ធិមនុស្សឡើយ៕
ប្រភពពី វិទ្យុអាស៊ីសេរី