CCHR​ និង​ សហភាព​ការងារ​ ស្នើ​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​ចូល​ជួប​មនុស្ស​៧​នាក់

1/31/2014 0 Comments A+ a-

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​សហភាព​ការងារ​កម្ពុជា ស្នើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពិចារណា​សំណើ​សុំ​ជួប​សួរ​សុខ​ទុក្ខ​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ចំនួន ៧​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម។
លិខិត​ចុះ​ថ្ងៃ​ទី​២៩ ខែ​មករា ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​អ្នក​សម្រប​សម្រួល​គម្រោង​គាំទ្រ​អ្នក​ការពារ​ សិទ្ធិ​មនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កញ្ញា ឆាយ ឈុនលី និង​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​លើក​ឡើង​ថា សំណើ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បដិសេធ​សំណើ​របស់​ស្ថាប័ន​ទាំង​២ នេះ ដែល​ចង់​ចូល​ទៅ​សួរ​សុខ​ទុក្ខ​មនុស្ស​ចំនួន ៧​នាក់ ក្នុង​ចំណោម ២៣​នាក់ ដែល​កំពុង​ជាប់​ឃុំ ក្នុង​នោះ​ក៏​មាន លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង។
លិខិត​ដដែល​បញ្ជាក់​ថា ការ​សុំ​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង​នោះ គឺ​ពុំ​មាន​បំណង​ទៅ​រារាំង ឬ​ជ្រៀតជ្រែក​ដល់​ដំណើរ​ការ​នៃ​ការ​ស៊ើប​សួរ​ដ៏​ត្រឹមត្រូវ​របស់​តុលាការ ចំពោះ​សំណុំ​រឿង​ឡើយ។ ម្យ៉ាង ករណី​នេះ គឺ​ពុំ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ចៅក្រម​ដែរ។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ​គួរ​តែ​អនុញ្ញាត​អោយ​ក្រុម​លោក និង​មិត្តភក្ដិ​ដទៃ​ទៀត បាន​ចូល​សួរ​សុខ​ទុក្ខ លោក វន់ ពៅ និង​អ្នក​ជាប់​ឃុំ​ទាំងអស់​តាម​ពេល​វេលា​សមរម្យ​ណា​មួយ។
កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បដិសេធ​សំណើ​របស់​ក្រុម​សហជីព និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​បាន​សុំ​ទៅ​សួរ​សុខ​ទុក្ខ លោក វន់ ពៅ និង​មនុស្ស​មួយ​ចំនួន​ទៀត ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា នៅ​រោងចក្រ យ៉ាក ជីន (Yak Jin) ពេល​ទៅ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង អោយ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ។
ប្រភពពី  វិទ្យុ​អាស៊ីសេរី