យុវជន ពីរនាក់ រងរបួសធ្ងន់ ដោយសារ ម៉ូតូបុករថយន្ត
ភ្នំពេញៈ យុវជនពីរនាក់ ជិះក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តមួយគ្រឿង ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យ រងរបួសធ្ងន់ទាំងពីរនាក់ និងម៉ូតូរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើង កាលពី វេលា ម៉ោង២១និង៥៥នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូ ម៉ែត្រ លេខ២១និង២២ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះ ទី១ ឈ្មោះ ឌុក ហ៊ី ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជា កសិករ (ជាអ្នកឌុប) និងអ្នករួមដណើរឈ្មោះ ច្រក់ វុធ ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរ ជាកសិករ អ្នក ទាំងពីរ រស់នៅក្នុងភូមិឡ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ចំណែកឯរថយន្ត ដែលម៉ូតូជនរងគ្រោះទាំងពីរនាក់ បើកទៅបុកនោះ ប្រភេទ រថយន្តតូចម៉ាកគា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S-1047 បើកបរដោយជន ជាតិឥណ្ឌូនេស៊ី ឈ្មោះ Benny Gunawan ភេទប្រុស អាយុ ៣៤ឆ្នាំ ជាអ្នកដើរទេសចរណ៍ ស្នាក់នៅរាជធានីភ្នំពេញ ពុំមានរងរបួសនោះទេ ។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងជិះគ្នា ២នាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុង ល្បឿនលឿន បានជ្រុលទៅបុករថយន្តមួយគ្រឿង ចំពីមុខយ៉ាងពេញទំហឹង ដែលរថយន្តបើកបរ ច្រាសទិសគ្នា បណ្តាលឲ្យ ជនរងគ្រោះទាំងពីរនាក់ រងរបួសធ្ងន់សន្លប់ឈឹង នៅកន្លែងកើតហេតុ ភ្លាមៗនគរបាលចរាចរ ស្រុក អង្គស្នួល បានចុះទៅដល់ និងបានហៅរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះទាំងពីរ យកទៅសង្គ្រោះជាបន្ទាន់ ចំណែកឯម៉ូតូ និងរថយន្ត ត្រូវយកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ដើម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់៕