HRW ស្នើ​ម្ចាស់​ជំនួយ​ដាក់​សម្ពាធ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​ជាប់​ឃុំ

12/24/2014 0 Comments A+ a-

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចោទ​ប្រកាន់​ទៅ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ថា​មាន​ជាប់​ពាក់ព័ន្ធ​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​គាបសង្កត់​អ្នក​តវ៉ា​ប្រឆាំង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សកម្មជន​ដីធ្លី​ជា​ដើម។ ម៉្យាង​វិញ​ទៀត អង្គការ​នេះ​ក៏​អំពាវ​នាវ​ឲ្យ​ម្ចាស់​ជំនួយ​អភិវឌ្ឍន៍​​នៅ​កម្ពុជា ទាំង​អស់ គួរ​តែ​ប្រាប់​រដ្ឋាភិបាល​​កម្ពុជា លុប​ចោទ​នូវ​បទ​ចោទ​នានា​ លើ​សកម្មជន​ប្រឆាំង​ដែល​គ្រោង​បើក​​​សវនាការ​នៅ​ថ្ងៃ​ទី​២៥ ធ្នូ ខាង​មុខ​​នោះ។
imageព្រះសង្ឃ​និង​ពលរដ្ឋ​តវ៉ា​ទាមទារ​ដោះលែង​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ព្រះសង្ឃ នៅ​មុខ​ពន្ធនាគារ​ព្រៃស នៅ​ព្រឹក​ថ្ងៃ​១៤ ធ្នូ ២០១៤
​​​​តាម​គម្រោង​​ដែល​តុលាការ​បាន​គ្រោង​ទុក ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ គឺ​ជា​ថ្ងៃ​បើក​សវនាការ​លើ​សកម្មជន​មក​ពី​គណបក្ស​ប្រឆាំង​ទាំង ១១​រូប ពី​បទ​ដឹក​នាំ​ និង​ការ​ចូល​រួម​​ធ្វើ​កុបកម្ម​​នៅ​ទីលាន​ប្រជាធិបតេយ្យ​​​​​កាល​ពី​ថ្ងៃ​ទី ​១៥ កក្កដា។ ប៉ុន្តែ​ដំណឹង​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា រាជរដ្ឋាភិបាល​កម្ពុជា គួរ​​តែ​ទម្លាក់​បទ​ចោទ​ប្រកាន់​​នានា​លើ​សកម្មជន​ទាំង​នោះ ព្រោះ​​ថា បទ​ចោទ​ប្រកាន់​នោះ​ពាក់ព័ន្ធ​នឹង​​រឿង​នយោបាយ​ច្រើន​ជាង​ពាក់ព័ន្ធ​នឹង​បទ​ ព្រហ្មទណ្ឌ។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ នៅ​ថ្ងៃ​ទី​២២ ធ្នូ ​​បាន​អះអាង​ថា អាជ្ញាធរ​កម្ពុជា គួរ​តែ​លុប​ចោល​បទ​ចោទ​​ប្រកាន់​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ១១​នាក់ ដែល​តុលាការ​កម្ពុជា គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២៥ ធ្នូ ​នោះ។ អង្គការ​ដដែល​នេះ ក៏​អំពាវ​នាវ​ឲ្យ​​​ម្ចាស់​ជំនួយ​អភិវឌ្ឍន៍​កម្ពុជា ដែល​ជា​ក្រុម​មាន​ឥទ្ធិពល​​​មួយ គួរ​តែ​​​ប្រាប់​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ ឲ្យ​បញ្ឈប់​រាល់​ការ​​ធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​សកម្មជន​គណបក្ស​ប្រឆាំង។
អនុ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ លោក ភីលីម ឃីន (Phelim Kine) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ម្ចាស់​ជំនួយ​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា គួរ​តែ​ប្រាប់​ទៅ​រាជ​រដ្ឋាភិបាល​​ថា ការ​ប្រើប្រាស់​កម្លាំង​​ និង​ប្រព័ន្ធ​តុលាការ​ដើម្បី​គាបសង្កត់​ ​លើ​​អ្នក​តវ៉ា​ប្រឆាំង​​រាជរដ្ឋាភិបាល​ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល និង​​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ឲ្យ​ឆ្លើយ​តប​​អំពី​បញ្ហា​នេះ​បាន​នៅ ​ឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ធ្នូ។
ទោះ​ជា​យ៉ាង​ណា ប្រសិន​បើ​អាជ្ញាធរ​កម្ពុជា កាត់​ទោស​សកម្មជន​ទាំង ១១​រូប ​ពី​បទ​​ការ​ដឹក​នាំ និង​ចូល​រួម​ការ​ធ្វើ​កុបកម្ម​ ឬ​បង្ក​អំពើ​ហិង្សា​មែន​នោះ ​ពួក​​គាត់​​អាច​ប្រឈម​នឹង​ការ​កាត់​ទោស​ពី ២០​ឆ្នាំ ទៅ ៣០​ឆ្នាំ ឬ​ចាប់​ពី​ ៧​ឆ្នាំ ទៅ ១៥​ឆ្នាំ។
ម៉្យាង​វិញ​ទៀត អ្នក​វិភាគ​​​នយោបាយ​យល់​ឃើញ​ថា ការ​កាត់​ទោស​ក្រោម​បទ​ចោទ​ប្រកាន់​ផ្ដើម​គំនិត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន ​ទម្ងន់​ទោស បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ដឹកនាំ​ចលនា​កុបកម្ម ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​ធ្វើ​តាម​តែ​អំពើ​ចិត្ត​ ដូច​ជា​ការ​ចាប់​ខ្លួន ការ​គំរាម​កំហែង ​និង​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ពេល​នេះ គឺ​ជា​​ការ​ដាក់​សម្ពាធ​ដល់​ក្រុម​គណបក្ស​ប្រឆាំង​ដើម្បី​បញ្ឈប់​នូវ​ការ​ ទាមទារ​របស់​ខ្លួន​លើ​កំណែ​ទម្រង់​រដ្ឋាភិបាល។
អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ លោក​បណ្ឌិត សុក ទូច មាន​ប្រសាសន៍​ថា ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា រាជរដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​​កាត់​បន្ថយ​សំឡេង​របស់​គណបក្ស​ប្រឆាំង។ លោក​បញ្ជាក់​ទៀត​ថា ​អ្វី​ពាក់ព័ន្ធ​ប្រឈម​នឹង​រាជរដ្ឋាភិបាល គឺ​តុលាការ​ដើរ​តួនាទី​សំខាន់។
ការ​លើក​ឡើង​នេះ ​គឺ​ស្រដៀង​គ្នា​នឹង​​ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ដែល​ ថា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​នយោបាយ​នេះ ​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ ចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ ការ​សន្និដ្ឋាន​​នេះ ដោយសារ​តែ​​នៅ​មុន​ពេល​គណបក្ស​ទាំង​ពីរ​ចរចា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា នោះ ក៏​មាន​​ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ដែរ។
​បញ្ហា​នេះ អនុ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ​លោក ភីលីម ឃីន មាន​ប្រសាសន៍​​ថា ​ការ​កាត់​ទោស​​សកម្មជន​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ទាំង ១១​រូប​នេះ ហាក់​​បង្ហាញ​ជា​​​រូបភាព​មួយ​គួរ​ឲ្យ​អៀនខ្មាស​បំផុត៕ ប្រភពៈ RFA