ប៉ុស្តិ៍​ទូរទស្សន៍​ទាំងអស់​នឹង​តម្រូវ​ឲ្យ​ចាក់​ភាពយន្ត​ខ្មែរ

12/25/2014 0 Comments A+ a-

Khmer-TVភ្នំពេញៈ នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឧស្សាហកម្ម​កម្សាន្ត​របស់​កម្ពុជា​ឲ្យ​រីកចម្រើន​ខ្លាំង​ឡើង ប៉ុស្តិ៍​ទូរទស្សន៍​ទាំងអស់​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ នឹង​ត្រូវ​ចំណាយ​រយៈពេល​មួយ​ម៉ោង​ចាក់​ភាពយន្ត​ខ្មែរ​និង​កម្មវិធី​ខ្មែរ​។
ក្នុង​អំឡុង​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ចន្ទ តំណាង​ប៉ុស្តិ៍​ទូរទស្សន៍​នានា​បាន​យល់ព្រម​ចាក់​ផ្សាយ​ភាពយន្ត​ខ្មែរ​និង​កម្មវិធី​ខ្មែរ រួម​ទាំង​ល្ខោន ព័ត៌មាន ឬ​កម្មវិធី​ល្បែង​កម្សាន្ត ពី​ម៉ោង​​ ៧​យប់​​ ដល់​ម៉ោង ​៨​យប់​ជា​រៀងរាល់​ថ្ងៃ​។
ចំណាត់ការ​នេះ រំពឹង​ថា នឹង​កាត់បន្ថយ​ភាព​ផ្តាច់មុខ​នៃ​ការ​ចាក់​កម្មវិធី​និង​ភាពយន្ត​បរទេស​លើ​កម្មវិធី​ទូរទស្សន៍​កម្ពុជា ខណៈ​ការ​ចាក់​ផ្សាយ​កម្មវិធី​និង​ភាពយន្ត​បរទេស​ដូចជា មកពី​ប្រទេស​ចិន ថៃ និង​ហ្វីលីពីន បាន​កើនឡើង​ដោយសារ​តែ​ការ​ចំណាយ​ថោក​ជាង​។
លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ការ​មាន​កម្មវិធី​ខ្មែរ​នៅ​ម៉ោង​សំខាន់​នឹង​ផ្តល់​អំណាច​ដល់​ផលិតករ​ក្នុង​ស្រុក​និង​សិល្បករ​ក្នុង​ការ​បង្ហាញ​ជំនាញ​ពួកគេ​ទៅ​ប្រទេស​ដទៃៗ»។
បើ​តាម​ទូរទស្សន៍​មួយ​ចំនួន ការ​លៃលក​ម៉ោង​សំខាន់​មួយ​ម៉ោង​នេះ នឹង​នាំ​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍​របស់​ពួកគេ ខាតបង់​ហិរញ្ញវត្ថុ ប៉ុន្តែ​ផលចំណេញ​សម្រាប់​ឧស្សាហកម្ម​កម្សាន្ត​គឺ​មាន​តម្លៃ​។
លោកស្រី ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​បាន​ថ្លែង​ថា​៖ «​ពួកយើង​ជាច្រើន​ដឹង​ថា យើង​នឹង​ខាតបង់​ប្រាក់ចំណូល​មួយ​ចំនួន ដោយសារ​តែ​វា​ស្ថិត​នៅក្នុង​អំឡុង​ម៉ោង​ដែល​មាន​ប្រជាប្រិយភាព ប៉ុន្តែ​យើង​រីករាយ​នឹង​ធ្វើ​វា​ពីព្រោះ​វា​ល្អ​សម្រាប់​ប្រទេស​របស់​យើង​»។
កាល​ខែ​មុន ​រដ្ឋាភិបាល​កម្ពុជា​បាន​បែរ​ការ​ផ្តោត​របស់​ខ្លួន​ទៅលើ​ការ​ជំរុញ​បង្កើត​កម្មវិធី​និង​ភាពយន្ត​ក្នុង​ស្រុក​។
កាលពី​សប្តាហ៍​មុន លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើឲ្យ​មាន​ការ​បង្កើត​មូលនិធិ​គាំទ្រ​ភាពយន្ត​ខ្មែរ មហោស្រព និង​ការ​អភិវឌ្ឍ​សិល្បៈ​។
ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​បាន​ជួបប្រជុំ​គ្នា​ផង​ដែរ​កាល​ម្សិលមិញ ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​លើកលែង​ពន្ធ​មួយ​រយៈ​សម្រាប់​ភាពយន្ត​ក្នុង​ស្រុក​។
រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ លោកស្រី ភឿង សកុណា បាន​ថ្លែង​ថា​៖ «​យើង​នៅ​តែ​ត្រូវ​រាយការណ៍​ទៅ​សម្តេច​នាយករដ្ឋមន្រ្តី ប៉ុន្តែ​យើង​មាន​កិច្ចប្រជុំ​មួយ​រួច​ហើយ ហើយ​យើង​បាន​ទទួល​នូវ​លទ្ធផល​ល្អ​មួយ​ចំនួន​»។
ក្រសួង​និង​ស្ថានីយ​ទូរទស្សន៍​មិន​ទាន់​ឯកភាព​គ្នា​អំពី​កាលបរិច្ឆេទ​ថា​តើ​ពេល​ណា នឹង​ត្រូវ​ចាប់ផ្តើម​ចាក់​បញ្ចាំង​ភាពយន្ត​ខ្មែរ​នោះ​ទេ ប៉ុន្តែ​លោក អ៊ុក គឹមសេង អ្នក​ប្រឹក្សា​នៅ​ក្រសួង​ព័ត៌មាន បាន​ថ្លែង​ថា វា​គួរ​តែ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ខាង​មុខ​នេះ​។
បច្ចុប្បន្ន ​ទូរទស្សន៍​ក្នុង​ស្រុក​ស្ទើរតែ​ទាំងអស់ បាន​ចាក់បញ្ចាំង​ភាពយន្ត​រឿង​ភាគ​ចិន កូរ៉េ​ខាង​ត្បូង ថៃ ហ្វីលីពីន​ឥណ្ឌា​និង​ភាពយន្ត​មកពី​ប្រទេស​មួយ​ចំនួន​ទៀត​ខណៈ​ភាពយន្ត​ខ្មែរ​មិន​សូវ​ឃើញ​មាន​ចាក់បញ្ចាំង​ឬ​ចាក់​បញ្ចាំង​តែ​នៅ​ម៉ោង​ដែល​មិន​ពេញនិយម​ប៉ុណ្ណោះ​៕