អាមេរិក​និង​អា​រ៉ា​ប៊ី​សា​អូឌីត​ស្ថិតនៅ​ពីក្រោយ​ការធ្លាក់ចុះ​តម្លៃ​ប្រេង ដែល​អាច​ផ្តួលរំលំ​របប​ដឹកនាំ​នៅ​រុស្ស៊ី និង​អ៊ីរ៉ង់​

12/25/2014 0 Comments A+ a-

​ពី​រុស្ស៊ី​រហូតដល់​អាមេរិក និង​ពី​ស្កុ​តឡែ​ន​រហូតដល់​មជ្ឈិមបូព៌ា ការធ្លាក់ចុះ​តម្លៃ​ប្រេង​ជិត​ពាក់កណ្តាល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល ៦ ខែ​មកនេះ បាន​ញ៉ាំង​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច ដែល​គំរាមកំហែង​ផ្លាស់ប្តូរ​តុល្យការ​អំណាច​សកលលោក​នៅក្នុង​របៀប​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ​។
​ខណៈដែល​រុស្ស៊ី​រកកល់នឹង​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​នោះ អាមេរិក និង​អារ៉ាប់​ប៊ី​សា​អូឌីត​បាននិងកំពុង​ប្រើប្រាស់​ទីផ្សារ​ប្រេង​ដែល​កំពុង​ធ្លាក់​ថ្លៃ​នេះ​ដើម្បី​បង្ក​មហន្តរាយ​លើស​ត្រូវ​របស់ខ្លួន​ដូចជា​អ៊ីរ៉ង់​ជាដើម​។ ផលវិបាក​នៃ​ការធ្លាក់​ថ្លៃ​ប្រេង​នេះ​ក៏​កំពុង​ជះឥទ្ធិពល​មក​កៀក​នឹង​អាមេរិក​វិញ​ផងដែរ ដោយ​ឧស្សាហកម្ម​ប្រេង​នៅ​តំបន់​សមុទ្រ​ខាងជើង (North Sea) ត្រូវបាន​ចាត់ទុកថា​កំពុង​រកកល់នឹង​រលំ​ហើយ​។
​ដំណឹង​ល្អ​គឺថា​វា​មានតម្លៃ​ថោក​ជាង​មុន​ក្នុងការ​ចាក់​សាំង​បំពេញ​រថយន្ត​របស់​អ្នក ប៉ុន្តែ​វា​មានន័យ​យ៉ាងដូចម្តេច​ចំពោះ​សន្តិសុខ​ជាតិ​របស់​អង់គ្លេស​? នេះ​គឺ អ្នកនិពន្ធ​ផ្នែក​ថាមពល​របស់​ទស្សនា​វ​ដ្តី Economist លោក EDWARD LUCAS ផ្តល់ជូន​នូវ​អនុសាសន៍​សាមញ្ញ​មួយ​ក្នុងខណៈពេល​កំពុងមាន​ចលាចល​ដ៏​ជ្រាលជ្រៅ​នេះ​។
50ប្រេង​គឺជា​អាវុធ​ខ្លាំង​ជាង​អាវុធ​នុយក្លេអ៊ែរ​ទៅទៀត ដោយ​វា​អាច​ផ្តួលរំលំ​រុស្ស៊ី និង អ៊ីរ៉ង់ ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ប្រេង​នោះ
– រុស្ស៊ី​កំពុង​ជិត​ដួលរលំ​សេដ្ឋកិច្ច​
​ពិភពលោក​បាន​ស៊ាំ​ចំពោះ​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​ទៅហើយ ដែល​ចូលចិត្ត​និយាយ​សំញែង​ខ្លាំងៗ​អំពី​ភាពរុងរឿង​នៃ​រុស្ស៊ី​សម័យ​ទំនើប​។ សន្និសីទកាសែត​រយៈពេល​បី​ម៉ោង​របស់គាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ប្តូរ​ទៅ​និយាយ​ពន្លើស និង​បោកប្រាស់​ខណៈ​គាត់​បង្វែរ​សំណួរ​អំពី​សេដ្ឋកិច្ច​ដ៏​ដុនដាប​របស់​ប្រទេស​គាត់​នោះ គឺ​គ្មានអ្វី​ប្លែក​នោះទេ​។
​ដោយ​តិះដៀល​ប្រឆាំងនឹង​ទណ្ឌកម្ម​ដាក់ចេញ​ដោយ EU និង អាមេរិក​ដើម្បី​ឆ្លើយតប​ចំពោះ​ការដាក់​ចូល​ជា​ឧបសម្ព័ន្ធ​នៃ​តំបន់​គ្រី​មេនោះ លោកពូ​ទីន​បានធ្វើការ​ព្រមាន​យ៉ាង​ងងឹត​ងងុល​ប្រឆាំងនឹង​ការ​ដាក់ច្រវ៉ាក់​ខ្លាឃ្មុំ​រុស្ស៊ី និង​បាន​បញ្ចេញ “​ចង្កូម និង​ក្រ​ញ៉ាំ​” របស់ខ្លួន​ចេញមក​។
​ទោះយ៉ាងណា អំឡុង​ទស្សនកិច្ច​ថ្មីៗ​នេះ​ទៅ​ប្រទេស​តួ​ក​គី លោក​ត្រូវបាន​បង្ខំ​ឲ្យ​សម្រប​យក​នូវ​ការបញ្ចេញ​សម្លេង​ខុសប្លែក​មួយ​ទាំងស្រុង ដោយ​ប្រកាស​ក្នុង​ពាក្យសម្តី​ដ៏​រំជើបរំជួល និង​គំរោះគំរើយ​ថា បំពង់​បង្ហូរ​ឧស្ម័ន​នៅ​តំបន់ South Stream ថ្មី​ដ៏​មានតម្លៃ​របស់​ប្រទេស​លោក​ភ្ជាប់​ទៅកាន់​ទ្វីបអឺរ៉ុប​នឹងមិន​បន្ត​ដំណើរការ​នោះទេ​។
​បំពង់​បង្ហូរ​ឧស្ម័ន​តម្លៃ ២៥ ពាន់​លាន​ផោន​ឆ្លងកាត់​សមុទ្រ​ខ្មៅ និង តំបន់​បាល់​កង់​អាច​នឹង​ផ្តល់​ឲ្យ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​នូវ​ការត្រួតត្រា​ដ៏​តឹងរឹង​លើ​ការផ្គត់ផ្គង់​ថាមពល​ដល់​ប្រទេស​អឺរ៉ុប​មួយចំនួនធំ​ដូចជា អ៊ីតាលី ប៊ុលហ្គារី សែ​ប៊ី ក្រូ​អាស៊ី ស្លូ​វ៉ា​នី ហុង​គ្រី និង​អូទ្រីស​។
​វា​ក៏​នឹង​អាច​បង្ហាញ​ផងដែរ​អំពី​ឧត្តមភាព​របស់​រុស្ស៊ី​លើ​សហភាព​អឺរ៉ុប ដែល​បានសម្រេច​ថា​ផែនការ​បំពង់​បង្ហូរ​ប្រេង​និង​ឧស្ម័ន​នោះ​គឺ​ខុសច្បាប់​។ (​សេចក្តីសម្រេច​របស់​ទីផ្សារ​ថាមពល​អឺរ៉ុប ដែល​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​អង់គ្លេស ចែងថា ក្រុមហ៊ុន​ដដែល​មិនអាច​មានកម្ម​សិទ្ធិ​ទាំង​លើ​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន ដែល​រត់​ឆ្លងកាត់​ខ្លួន (​អឺរ៉ុប​) បានទេ ព្រោះ​វា​នឹង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ការត្រួតត្រា​ច្រើនពេក​លើ​ការផ្គត់ផ្គង់ និង​ការកំណត់​តម្លៃ​)​។ ប៉ុន្តែ​លោកពូ​ទីន​បាន​សម្រេចចិត្ត​ត្រូវតែ​ដាក់ខ្លួន​ជាង​មុន​បន្តិច និង​បាន​លុបចោល​គម្រោងការ​ទាំងមូល​ចោល​។
​ហេតុអ្វី​? ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ទូទាំង​ពិភពលោក​ប្រហែល​ជិត​ពាក់កណ្តាល​តាំងពី​ខែមិថុនា កំពុងតែ​ធ្វើ​ឲ្យ​លុយ​របស់​វិមាន​ក្រឹម​ឡាំង​កាន់តែ​អស់​បន្តិច​ម្តងៗ​។ ក្នុងនាម​ជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​ទី​បី​ក្នុង​ពិភពលោក រុស្ស៊ី​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​តម្លៃ​ដែលមាន​និន្នាការ​កើនឡើង​ខ្ពស់ ដោយ​វា​បាន​ជួយ​រក​ចំណូល​ថវិកាជាតិ​របស់​ខ្លួន​ជាង​ពាក់កណ្តាល​ពី​ការទាញយក​ប្រេង និង​ឧស្ម័ន​។
​ពួក​កេងប្រវ័ញ្ច​ធនធាន​រដ្ឋ​ក្នុង​វិមាន​ក្រឹម​ឡាំង​ពឹង​ផ្អែកលើ​ការនាំចេញ​ប្រេង និង​ឧស្ម័ន​ដើម្បី​ទ្រទ្រង់​ការិយាធិបតេយ្យ​ដែល​ពោរពេញ​ដោយ​ការ​កិបកេង និង​ការស៊ីសំណូក​របស់​រុស្ស៊ី ក៏ដូចជា​ការបំពាន​គ្មាន​ធម៌​មេត្តា​របស់ខ្លួន​ប្រឆាំងនឹង​បណ្តា​ប្រទេស​ផ្សេងៗ​។
​ប៉ុន្តែ​តម្លៃ​ប្រេង​ក្នុង​មួយ​បារ៉ែល​បាន​ធ្លាក់​ថ្លៃ​ទាប​បំផុត​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ​មក​នៅត្រឹម ៥៨,៥០ ដុល្លារ​កាលពី​សប្តាហ៍​មុន ហើយ​បើទោះបីជា​វា​រាង​ឡើងថ្លៃ​បន្តិច​ក្តី ក៏​វា​នៅតែ​នៅ​ទាប​ខ្លាំងណាស់​ដើម្បី​រក្សា​ឲ្យ​របប​ដឹកនាំ​របស់​លោកពូ​ទីន​នៅ​បន្ត​ដំណើរការ​ទៅមុខ​ពេញ​មួយ​ទំហឹង ជាពិសេស​នៅពេល​លោកខាងលិច​បានដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​។
​គ្មានអ្វី​ត្រូវ​ឆ្ងល់​ទេ តម្លៃ​រូបិយវត្ថុ រូ​ប្លិ៍ បាន​ហើម​ខ្លាំង ដោយ​បង្ក​ឲ្យ​មាន​ការទិញ​លុយ​បរទេស​យ៉ាង​ចលាចល​នៅក្នុង​ប្រទេស​រុស្ស៊ី ការហូរ​ចេញ​លុយ​ពី​ប្រទេស និង​សូម្បី​ការ​តម្លៃ​អត្រា​ការប្រាក់​រហូតដល់ ១៧ ភាគរយ​ក្នុង​បំណង​បញ្ឈប់​កុំ​ឲ្យ​លុយ​រុស្ស៊ី​ធ្លាក់​ថ្លៃ​ខ្លាំង​បន្ថែមទៀត​។ ដូច្នេះ ទាំងនេះ​គឺជា​ខណៈពេល​ដ៏​អាក្រក់​បំផុត​សម្រាប់​រុស្ស៊ី ជាទី​ដែល​គ្មាន​នរណាម្នាក់​អាច​បំភ្លេច​បានឡើយ​ថា តម្លៃ​ប្រេង​ទាប​បានធ្វើ​ឲ្យ​ដួលរលំ​សហភាពសូវៀត​ក្នុង​ឆ្នាំ ១៩៩១ ដោយ​ធ្វើ​ឲ្យ​ហិនហោច​សេដ្ឋកិច្ច​របស់ខ្លួន​នោះ​។ សព្វថ្ងៃ កត្តា​ទាំងនេះ​អាច​នឹង​នាំមក​នូវ​ទីបញ្ចប់​ចំពោះ​ការប៉ុនប៉ង​របស់លោក​ពូ​ទីន​ក្នុងការ​បង្កើត​ចក្រភព​សូ​វៀត​ឡើងវិញ​។
​លោក​បាន​ដាក់ចេញ​ផែនការ​ចំណាយ​របស់ខ្លួន​ទាំង​ខ្វះ​គតិបណ្ឌិត​សម្រាប់​រយៈពេល​បី​ឆ្នាំ​បន្ទាប់ ផ្អែកលើ​តម្លៃ​ប្រេង​រង្វង់ ១០០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ឥឡូវ​មើលទៅ​ដូចជា​សុ​ទិ​ដិ្ឋ​និយម​ខ្លាំងពេក​ណាស់​។ ប៉ុន្តែ​បើទោះបីជា​វិមាន​ក្រឹម​ឡាំង​កំពុង​ចុះខ្សោយ​ក្តី ក៏​យើង​មិនគួរ​នាំគ្នា​រីករាយ​នៅឡើយ​ដែរ​។ ព្រោះ​មាន​គ្រោះថ្នាក់​មួយ​ដែល​មេដឹកនាំ​កាន់អំណាច​មូល​របស់​រុស្ស៊ី​រូបនេះ​អាច​នឹងធ្វើ​ការវាយប្រហា​រ​ខាង​យោធា និង​ទប់ស្កាត់​ប្រជាជន​ដែល​ពិបាកធ្វើ​ការគាបសង្កត់​ស្រាប់​របស់គាត់​ជាមួយនឹង​ចំណាត់ការ​គោលនយោបាយ​បរទេសមួយ​ផ្សេងទៀត​ក្នុង​បំណង​ធ្វើ​ឲ្យ​អង្គការ​ណា​តូ​អាម៉ាសមុខ​នៅ​តំបន់​អឺរ៉ុប​។
​ជាមួយនឹង​គំនិត​នេះ​នៅក្នុង​ចិត្ត អ្នកខ្លះ​មាន​អារម្មណ៍​ថា ឥឡូវនេះ​គឺជា​ពេលវេលា​ត្រូវធ្វើ​អ្វី​ស្រួលៗ​ជាមួយ​លោកពូ​ទីន​ហើយ​។ លោកពូ​ទីន​បាន​រៀន​នូវ​មេរៀន​ដ៏​លំបាក​មួយ​ពី​ឧប្បត្តិ​ហេតុនេះ​ជាមួយនឹង​តថភាព​ពិត​ជាក់ស្តែង​ហើយ ដូច្នេះ​យើង​មិនគួរ​រុញ​គាត់​ខ្លាំងពេក​នោះទេ ពុំ​នោះទេ​ជម្លោះ​ច្បាស់​ជា​កើតឡើង​ជាមិនខាន​។ ផ្ទុយ​មកវិញ យើង​គួរតែ​ផ្តល់​កិច្ចព្រមព្រៀង​ទុក​មុខមាត់​មួយ​ឲ្យ​គាត់​ទាក់ទង​នឹង​ស្ថានភាព​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​, ផ្តល់នូវ​ការដក​ទណ្ឌកម្ម និង​ទប់ស្កាត់​សេដ្ឋកិច្ច​រុស្ស៊ី​កុំ​ឲ្យ​រំកិល​ទៅដល់​មាត់ជ្រោះ​។
​ខ្ញុំ​មិន​ឯកភាព​នោះទេ​។ លោកពូ​ទីន​មិន​ចង់បាន​កិច្ចព្រមព្រៀង​ជាមួយ​លោកខាងលិច​នោះទេ​។ លោក​ចង់​សរសេរ​ឡើងវិញ​នូវ​ច្បាប់​សន្តិសុខ​របស់​អឺរ៉ុប​។ ទាល់តែ​យើង​ទទួលស្គាល់ថា​ប្រទេស​ជាច្រើន​ដូចជា​អ៊ុយ​ក្រែ​ន​ជាដើម​ត្រូវតែ​ប្រគល់​ឲ្យ​រុស្ស៊ី​គ្រប់គ្រង ទើប​ពួក​រឹងរូស​នៃ​វិមាន​ក្រឹម​ឡាំង​សប្បាយចិត្ត​។
​នេះ​គឺជា​សម្បទាន​ដែល​យើង​មិនអាច និង​មិនគួរ​ធ្វើ​ឡើយ​។ ប្រសិនបើ​យើង​សុខចិត្ត​ប្រគល់​អ៊ុយ​ក្រែ​ន​ឲ្យ​រុស្ស៊ី​គ្រប់គ្រង អ៊ីចឹង​ដូចជា​យើង​ឲ្យ​សញ្ញា​ថា អនុភាព​របស់​រុស្ស៊ី​គឺ​ពិតជា​ខ្លាំង​មែនហើយ​។ តើ​មាន​អ្វី​កើតឡើង នៅពេល​លោកពូ​ទីន​ព្យាយាម​ប្រើល្បិច​របស់គាត់​លើ​ប្រទេស​ផ្សេង​មួយទៀត ជាពិសេស​សម្ព័ន្ធមិត្ត​ណា​តូ​របស់​យើង (​អង់គ្លេស​) នៅ​បណ្តា​រដ្ឋ​ក្នុង​តំបន់​បាល់​ទិ​ក​? ប្រភពៈ CEN