វណ្ណ វល័ក្ខ ថតកៀកកើយ ប្រុសថ្មីដើម្បីឌឺប្រុសចាស់

12/24/2014 0 Comments A+ a-

ភ្នំពេញ៖ រូបថតកៀកកើយផ្អែមល្ហែម ក្នុងសកម្មភាព នៃការចូលញ៉ាំអាហារ នៅក្នុងភោនីយដ្ឋាន មួយកន្លែង តែពីរនាក់ រវាងតារាសម្តែង និយមបញ្ចេញ ភាពសិចស៊ី កញ្ញា វណ្ណ វល័ក្ខ ជាមួយនឹងបុរស រូបសង្ហាសក់ខ្លី ត្រូវបានគេប្រទះឃើញ នាងយកទៅបង្ហោះ លើបណ្តាញ សង្គមហ្វេសប៊ុក ជាបន្តបន្ទាប់ រហូតធ្វើឱ្យមហាជន អ្នកគាំទ្រមួយចំនួន បានដាក់ការសង្ស័យថា បុរសរូបនោះជាសង្សារ បណ្តូលចិត្តរបស់ តារាស្រីហ៊ុំព័ទ្ធដោយរឿង អាស្រូវស្នេហ៍ មិនសូវដាច់ នាង វណ្ណ វល័ក្ខ ។
តាមរយៈនៃការបង្ហាញ រូបភាពស្និទ្ធស្នាល កៀកកើយគ្នាយ៉ាងផ្អែមល្ហែម នៅក្នុងទំព័រសង្គមហ្វេសប៊ុក ពីសំណាក់តារាសម្តែងចង្កេះអង្ក្រង ចង្ការស្រួច វណ្ណ វល័ក្ខ ពេលនេះ ត្រូវបានអ្នកគាំទ្រ សន្និដ្ឋានថា នាងកំពុងតែផ្តើមសុភមង្គលស្នេហា ថ្មោងថ្មី ជាមួយបុរសរូបសង្ហាម្នាក់នេះ ។
កញ្ញា វណ្ណ វល័ក្ខ បន្ទាប់ពីលេចមុខលេចមាត់ ក្នុងអាជីពសិល្បៈ នាអំឡុងពេលជាង១ឆ្នាំនេះមក ឃើញថា នាងហាក់មានភាពខុសប្លែក ច្រើងជាងមុន មិនថាជីវភាពរស់នៅផ្ទាល់ខ្លួន ឬមួយស្ទីល នៃការតុបតែងខ្លួននោះឡើយ គឺតារាស្រីរូបនេះ តែបញ្ចេញពីភាពហ៊ឺហារ សិចស៊ីឡួ ឆាយជាប្រចាំ។ ស្របពេលដំណឹងស្នេហ៍ នៅតែលេចឮថា ម្តងមានទំនាក់ទំនង ជាមួយបុរសក្រៅស្រុក និង ម្តងទៀតថា មានទំនាក់ទំនង ជាមួយបុរសអ្នកមានទ្រព្យស្តុកក្នុងស្រុក ។
យ៉ាងណាក្ដី ដំណឹងស្នេហ៍អាស្រូវ ជុំវិញជីវិតឯកជន របស់តារាសម្តែង វណ្ណ វល័ក្ខ មិនត្រូវបានស្រាយបំភ្លឺច្បាស់លាស់ទេ ខណៈសាមីខ្លួន តែងបដិសេធ ដោយពាក្យចុងមាត់ចុងកថា ពុំធ្លាប់មានស្នេហាថ្មី ហើយក៏មិនមាន អ្នកណាជួយ ឧបត្ថម្ភ ឬទិញរបស់មានតម្លៃណាមួយ ដើម្បីផ្គាប់ចិត្តឡើយ។ ប៉ុន្តែទោះបីជាយ៉ានេះក្តី ថ្មីៗនេះៗ គេបានឃើញ វល័ក្ខ រំលេចរូបថត បង្ហាញពីភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយ បុរសសង្ហាម្នាក់ នៅក្នុងហាង អាហារ តែពីរយ៉ាងសប្បាយរីករាយ។
ពាក់ព័ន្ធការបង្ហោះរូបថត កៀកកើយបង្ហាញ ពីភាពស្និទ្ធស្នាល ជាមួយបុរសសង្ហាសក់ខ្លីម្នាក់នេះ ត្រូវបានកញ្ញា វណ្ណ វល័ក្ខ បកស្រាយប្រាប់ គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤នេះ ទាំងសម្តីរីករាយថា បុរសនៅក្នុងរូបនេះ គាត់ពុំមែនជាសង្សារ ឬគូស្នេហ៍របស់នាង ដូចការលើកឡើងនោះឡើយ។ វល័ក្ខ និយាយ "មិនមែនទេបង..! (សើច) !ខ្ញុំរាប់អាន គាត់ដូចបងប្រុសអ៊ីចឹង ហើយគាត់ម្នាក់នេះ ជាថៅកែហាងដែរ តែសុំមិននិយាយ ខ្លាចប៉ះពាល់ ដល់គាត់..! "។
វណ្ណ វល័ក្ខ បាននិយាយដោយអស់សំណើចទៀតថា "ចាស់ បង ! និយាយទៅគាត់ គឺ ជា បងប្រុសធម៌របស់ខ្ញុំហើយរូបថតនេះ ខ្ញុំបានថតជា មួយគាត់ កាលពីពួកយើងទៅញ៉ាំអាហារ នៅផ្សាសុវណ្ណា ជាមួយគ្នា ប៉ុន្តែមិនមែនទៅតែពីរនាក់ ខ្ញុំនិងគាត់នោះទេ គឺមានគ្នាច្រើន ។ ពេលនោះក៏បានថតលេង ជាមួយគ្នារួចយកមក បង្ហោះនៅលើហ្វេសប៊ុក ដោយមិននឹកស្មានថា មានគេចាប់អារម្មណ៍ និងដាក់ការសង្ស័យ មកលើខ្ញុំ និងគាត់ថា ជាគូស្នេហ៍នឹងគ្នាសោះឡើយ..!"។
តារាសម្តែង កំពុងក្រសោបបានប្រជាប្រិយភាព ក្នុងសិល្បៈកញ្ញា វណ្ណ វល័ក្ខ បានបន្ថែមថា "កុំអី ខ្ញុំមិនថតតែពីរនាក់គាត់បែបនេះទេ តែពេលនោះ ខ្ញុំមានបញ្ហាមិនសប្បាយចិត្ត ដូច្នេះហើយ ទើបសម្រេចចិត្តថតពីរនាក់គាត់ ដើម្បីឌឺដាក់មនុស្សម្នាក់ ។ ប៉ុន្តែបញ្ហានេះ ខ្ញុំសុំលាក់សិន ..!៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល