កែងផ្លូវ ១០៣ (ភាគទី៣)

10/18/2013 0 Comments A+ a-

ភាគទី៣
បង​និពន្ធ​នាយក​​ខ្ញុំ​គាត់​គំហក​តិចៗ​ដាក់​ខ្ញុំ​វិញ​៖
«អ្នក​ស្លាប់​ស្អី? គឺ​និយាយ​ពី​អ្នក​សម្លាប់​គេ!»
ខ្ញុំ​ឡិងឡង់​ចំ​ពេល​បង​និពន្ធ​នាយក​ដៀង​ភ្នែក​ទៅ​រក​យុវជន​ក្មេង។ ខ្ញុំ​ក៏​ងាក​សន្សឹម​ៗ​ទៅ​រក​គេ ហើយ ឃើញ​គេ​ក្រោក​មក​ជម្រាប​សួរ​ខ្ញុំ។
«ជម្រាប​សួរ​បង! ខ្ញុំ​ចៅ​លោកតា​ស៊ីម»
ខ្ញុំ​ភ្ញាក់​ដូច​គេ​កន្ត្រាក់​ហើយ​បើកភ្នែក​គ្រលួង។
«ឥឡូវ​គាត់​នៅ​ឯណា! ខ្ញុំ​អាច​នាំ​គាត់​ទៅ​រក​មើល​យ័ន្ត​នោះ! ខ្ញុំ​ជួប​អ៊ំ​សីហា​រួច​ហើយ ខ្ញុំ​ដឹង​ពី​រឿង​ខ្មោច​តៃហោង​នោះ! ខ្ញុំ​ចង់​សួរ​នាំ​គាត់​រឿង​ខ្លះ….»
យុវជន​មិន​ទាន់​និយាយ​តប​ខ្ញុំ​ផង បង​និពន្ធ​នាយក​​សួរ​កាត់​ផូង៖
«យ័ន្ត​ស្អី!? »
«​ខ្ញុំ​ចង់​និយាយ​ពី​យ័ន្ត​នៅ​ការដ្ឋាន​ជីក​លូ​ទឹក​នោះ​បង!»
បង​និពន្ធ​នាយក​ឈ្លី​ក្បាល​តាម​ទម្លាប់​ដ៏​ស្ត្រេស​របស់​គាត់៖
«អ្ហើយ​​ឌី​អើយ​ឌី! អើ​ទុក​​​កុន​រឿង​ខ្មោច​របស់​ឯង​មួយ​ដុំ​សិន​អាឡូវ​នេះ​យើង​ទៅ​ព្រហ្មទណ្ឌ​នាំ​ប្អូន​នេះ​ទៅ​គាត់​និយាយ​ពី​រឿង​១៥​ឆ្នាំ​មុន​នៅ​សាលា​ក្មេងកំព្រា​មាន​ករណី​បុក​សម្លាប់​មនុស្ស​មួយ​ដែល​ឃាតក​​រួច​ខ្លួន​ទើស​អាឡូវ!»
ខ្ញុំ​ង៉េមង៉ាម​មើល​មុខ​គេ​ពីរ​នាក់។ បង​និពន្ធ​នាយក​និយាយ​ផង​ញាក់​ចិញ្ចើម​ផង៖
«ព័ត៌មាន​នេះ​ច្បាស់ជា​កក្រើក​ហើយ! យើង​អ្នក​សរសេរ​មុន​គេ​វ៉ី! ឯង​សរសេរ​ឲ្យ​ឡូយ​ឌី! ចូល​រោងពុម្ព​ម៉ោង៦! តោះ​ទៅ​យើង!»
ខ្ញុំ​ចេញ​ទៅ​តាម​ពីក្រោយ​ពួកគេ​ឡើង​ឡាន​បង​និពន្ធ​នាយក​ឆ្ពោះ​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់។ ​នៅ​តាម​ផ្លូវ​បង​និពន្ធ​នាយក​ពន្យល់​ខ្ញុំ​បណ្ដើរ​ៗ៖
​«នាយក​សាលា​នោះ​ ​កូនស្រី​​គាត់​បុក​គេ​ស្លាប់​ តែ​កែ​រឿង​ឲ្យ​ទៅ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ចៃដន្យ កូន​គាត់​ក៏​រួច​ខ្លួន​ទល់​ឥឡូវ។ ពេលនេះ​ចៅ​លោកតា​ស៊ីម​បាន​មក​ប្រាប់​យើង​មុនគេ យើង​ត្រូវ​តែ​ទៅ​ជជែក​ជាមួយ​ខាង​ប៉ូលិស ចាំ​មើល​រឿងរ៉ាវ​វា​ទៅ​ជា​យ៉ាងណា​វិញ! ត្រៀម​សរសេរ​ឲ្យ​ឡូយ​ទៅ​ឌី!»
ខ្ញុំ​បើក​ភ្នែក​គ្រលួង​សម្លឹង​បុរស​ក្មេង​ហើយ​សង្ខើញ​សួរ៖
«នាយក​សាលា​ដែល​បង​ឯង​ចង់​និយាយ ….អ៊ំ​សីហា​មិនមែន?»
យុវជន​ងាក​មក​មើល​ខ្ញុំ​ដោយ​កែវភ្នែក​ងឿងឆ្ងល់​ទំនង​ជា​ចង់​ដឹង​ថា​ហេតុអ្វី​ខ្ញុំ​ស្គាល់​បុរស​នោះ។ គាត់​ងក់​ក្បាល​ជា​ចម្លើយ​ហើយ​និយាយ៖
«កាល​ពី​១៥​ឆ្នាំ​មុន​គឺ​មុន​ពេល​មណ្ឌល​ក្មេងកំព្រា​នោះ​លក់​ឲ្យ​ចិន ផ្លូវ​មាន​តែ​មួយ​ខ្សែ​កាត់​ពី​មុខ​គឺ​ផ្លូវ​លេខ​១០៣ ចំណែក​ផ្លូវ​ថ្មី​នេះ​គឺ​អតីត​ដី​បរិវេណ​សាលា​ចំណត​កង់​ម៉ូតូ។ ១៥ឆ្នាំ​មុន​នៅ​ថ្ងៃទី១៥​ខែ​កុម្ភៈ​លោក​នាយក​សាលា​ឈ្មោះ​សីហា​បាន​បណ្ដោយ​ឲ្យ​កូនស្រី​ស្ទាវ​គាត់​សាក​ឡាន​ក្នុង​បរិវេណ​សាលា​ហើយ​ថយ​ជ្រុល​ទៅ​បុក​ក្មេង​ស្រី​ម្នាក់​រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង ប៉ុន្តែ​ដោយសារ​អំណាច​របស់​គាត់ គ្មាន​អ្នកណា​ព្រម​ធ្វើ​សាក្សី​នៅ​តុលាការ​ឲ្យ​អ្នក​ស្លាប់​ទេ ទីបំផុត​អ្នក​បុក​គេ​បាន​រួចខ្លួន គ្រាន់តែ​សង​ប្រាក់​បន្តិចបន្តួច​ដល់​គ្រួសារ ចំណែក​តុលាការ​យល់ថា ករណី​នេះ​ជា​គ្រោះថ្នាក់​ចៃដន្យ​ពោល​គឺ​ក្មេងស្រី​អ្នក​រងគ្រោះ​រត់​មក​ចំ​ពេល​អ្នក​បើក​រឺយែ​ឡាន​ថយ។»
ខ្ញុំ​នឹក​ឃើញ​ភ្លែត​ដល់​ទឹកមុខ​អ៊ំ​សីហា​និង​កូនប្រុស​គាត់​កាល​ពី​ម្សិល។ ហេតុអ្វី​គាត់​ពីរ​នាក់​ឪ​កូន​ គេ​អាច​លាក់​រឿង​នេះ​បាន​ពី​ពួក​ខ្ញុំ​​ហើយ​បង្វែរ​សាច់​រឿង​ទៅ​ជា​កន្សែង​យ័ន្ត​ឯណា​ឯណោះ​ទៅវិញ?
ខ្ញុំ​តប​ទៅកាន់​យុវជន​ក្មេង​ភ្លាម៖
«រឿង​អយុត្តិធម៌​រំលង​ដល់​ទៅ​១៥​ឆ្នាំ ក្តី​ក៏​កាត់​រួច​ហើយ មាន​ន័យថា​រឿង​នេះ​ផុត​បណ្ដឹង​អាជ្ញា​ទៅ​ហើយ ប៉ូលិស​ម៉េច​ហ្នឹង​សើរើ​មក​វិញ​កើត? ម៉េច​ក៏​បង​ឯង​ទើប​នឹក​ឃើញ​មក​បកអាក្រាត? ចុះ​ពី​ព្រឹក​ពេល​ខ្ញុំ​ជួប​អ៊ំ​សីហា គាត់​និយាយ​ពី​រឿង​យ័ន្ត​ក្រោម​ដី​ការដ្ឋាន​បំពង់​ទឹក​នោះ​ទៅវិញ? គាត់​ថា​១៥ឆ្នាំ​មុន លោក​តាស៊ីម​ឆ្លងកាត់ និយាយ​ថា​ឃើញ​មាន​ព្រលឹង​ខ្មោច​តៃហោង គាត់​ក៏​ជួយ​សង្កត់​យ័ន្ត…»
បង​និពន្ធ​នាយក​បើកឡាន​បណ្ដើរ​ដកដង្ហើមធំ​បណ្ដើរ​គាត់​ទំនង​ចង់​ចំអក​ខ្ញុំ​ថា ពូកែ​ជឿ​រឿង​ខ្មោចពេក​បានជា​មក​ឲ្យ​កញ្ជ្រោង​កញ្ចាស់​នោះ​បោក​បាន។ ខ្ញុំ​មិនទាន់​បាន​និយាយ​បញ្ចប់​ផង​ស្រាប់តែ​យុវជន​នោះ​ឆ្លើយ​ផូង៖
«រឿង​យ័ន្ត​សង្កត់​ខ្មោច​ជា​ការពិត! រឿង​ខ្មោច​តៃហោង​នោះ​ក៏​ជា​ការពិត! ដែល​មិន​ពិត​នោះ​គឺ​រឿង​លោកតា​ខ្ញុំ​ឆ្លង​កាត់! ពួកគាត់​ជា​មិត្តភ័ក្ដិ​នឹង​គ្នា! តាម​ពិត​១៥​ឆ្នំា​មុន​ពេល​កូន​ស្រី​គាត់​បុក​ត្រូវ​ក្មេង​ស្រី​អ្នក​លក់​ទឹក​អំពៅ​នោះ​គឺ​គាត់​ភ័យ​ណាស់​បាន​រត់​មក​ពឹង​ពុក​ខ្ញុំ​ឲ្យ​ទៅ​ពិនិត្យ​កន្លែង​នោះ​ព្រោះ​ពុក​ខ្ញុំ​គាត់​មាន​ខ្សែ​ស្រឡាយ​ចិន​ចេះ​ភូគព្ភវិទ្យា​ស្ទាត់​ជំនាញ​។ ដោយសារ​អ្នក​ស្លាប់​រង​អយុត្តិធម៌ ខ្មោច​នោះ​មិន​ទៅ​ណា​មែន។ គេ​នៅ​ចាំ​កន្លែង​នោះ​ដោយ​កំហឹង​អាឃាត។ លោកតា​ខ្ញុំ​បាន​សរសេរ​យ័ន្ត​មួយ​ផ្ទាំង​សង្កត់​លើ​ដី​នោះ​ដើម្បី​សេចក្ដី​សុខ​របស់​មនុស្ស​ទាំងអស់​​គឺ​ពិធី​ត្រូវ​ធ្វើ​នៅ​ម៉ោង​មួយ​យប់​ភ្លាម​ៗ​ក្រោយ​ពេល​ខ្មោច​ស្លាប់​មិន​ដល់​១២​ម៉ោង​។ រំលង​មក​១៥​ឆ្នាំ​ហើយ ទីនោះ​ក៏​សុខ​សប្បាយ ប៉ុន្តែ​ថ្មីៗ​នេះ លោកតា​ឮ​ដំណឹង​ថា មាន​គេ​ដាក់​ការដ្ឋាន​ជីក​ដាក់​បំពង់​ទឹក​ស្អាត​នៅ​ចំ​កន្លែង​នោះ​ គាត់​សង្ស័យ​ថា​យ័ន្ត​នោះ​មុខ​តែ​រសាត់​ចេញទៅ​កន្លែង​ផ្សេង​ច្បាស់​ណាស់ បន្ទាប់​មក​គឺ​មាន​មនុស្ស​៤​នាក់​ចាប់ផ្ដើម​ស្លាប់​បន្តបន្ទាប់​គ្នា។ ពួកគេ​សុទ្ធ​តែ១៥ឆ្នាំ​មុន​ធ្លាប់​លក់ដូរ​នៅ​ជាប់​របង​ដី​ដែល​មាន​រឿង​នោះ ពួកគេ​បាន​ឃើញ​រឿង​បុក​ក្មេង​ស្រី​នោះ​យ៉ាង​អយុត្តិធម៌​ ប៉ុន្តែ​គេ​ទទួលសំណូក​ពី​នាយក​សាលា​និង​ខ្លាច​ប៉ះ​ពាល់​ដល់​ការ​លក់ដូរ​ទើប​សុខចិត្ត​កែ​ចម្លើយ​នៅ​តុលាការ!»
រថយន្ត​ចាប់​ហ្វ្រាំង​ឈប់​ងឺត​តាម​ការ​រំជួល​ចិត្ត​របស់​បង​និពន្ធ​នាយក​…គាត់​ជាន់​ហ្វ្រាំង​ពេញទំហឹង​ព្រោះ​សម្ដី​ចុងក្រោយ​ប៉ុន្មាន​ឃ្លា​នេះ​ធ្វើ​ឲ្យ​បេះដូង​គាត់​លោត។ គាត់​ឈប់​ឡាន​ដោយ​ទឹកមុខ​ស្លេក​ហើយ​ដៀង​ភ្នែក​ងាក​មក​សម្លឹង​ខ្ញុំ។ ពន្លឺ​ភ្នែក​គាត់​ជា​សញ្ញា​ថា សម្ដី​របស់​សាក្សី​និង​អ្វី​ដែល​ខ្ញុំ​រក​ឃើញ​សរសេរ​ផ្ញើ​ទៅ​គាត់​កាល​ពី​ព្រឹក​គឺ​ស៊ី​សង្វាក់​គ្នា​។
ខ្ញុំ​ងក់ក្បាល​ផ្ងក់ៗ៖
«ដែល​សំខាន់​គឺ​ពួកគេ​ស្លាប់​នៅ​ម៉ោង​១ភ្លឺ​នៃ​ថ្ងៃ​ទី​១៥​ដូចគ្នាៗ ហើយ​រំលង​អធ្រាត្រ​យប់​នេះ​នឹង​ចូល​ដល់​ថ្ងៃទី១៥ទៀត​ហើយ! បង​គួរ​តែ​គិត​គូរ​សុំ​យ័ន្ត​ថ្មី​ពី​លោកតា​ស៊ីម​មក​ធ្វើពិធី​ជាជាង​ទៅ​ប្ដឹង​ប៉ូលិស! បណ្ដឹង​នេះ​រលត់​ហើយ! បទល្មើស​ព្រហ្មទណ្ឌ​​ដែល​រំលង​ដល់​ទៅ​១៥ឆ្នាំ​ព្រមទាំង​បាន​កាត់​ក្តី​ចប់​សព្វ​គ្រប់​ហើយ​ផង ធ្វើ​ម៉េច​អាច​សើរើ​បណ្ដឹង​អាជ្ញា​បាន​ទៀត?»
ខ្ញុំ​ដឹង​ថា​ដែល​បង​និពន្ធ​នាយក​ដឹក​ពួក​យើង​មក​ការិយាល័យ​ព្រហ្មទណ្ឌ​មិនមែន​ថា​គាត់​មិន​ដឹង​ថា​បទល្មើស​នោះ​មិន​អាច​សើរើ​បាន​ទេ​ប៉ុន្តែ​គាត់​ប្រហែល​គិត​ពី​សារប្រយោជន៍​ក្នុង​ការ​សរសេរ​រឿង​នេះ​ដើម្បី​លក់​កាសែត​ដាច់​ច្រើន​ជាង។ លុះដល់​ពេល​ស្ដាប់​យល់​ពី​រឿង​ឃាតកម្ម​ក្លាយ​មក​ជា​រឿង​ខ្មោច​តាម​ទារ​បំណុល គាត់​នៅ​ស្ងៀម​និយាយ​លែង​ចេញ​តែ​ម្ដង។
យុវជន​នោះ​ឆ្លើយ​មក​វិញ​កាត់​ផ្ដាច់​ការ​គិត​របស់​ខ្ញុំ៖
«ខ្មោច​នោះ​ត្រូវ​សង្កត់​១៥​ឆ្នាំ​ហើយ ពេល​នេះ​យ័ន្ត​របើក​បាត់ ​ចង់​គ្រប​វិញ​សាថ្មី​មិនមែន​ងាយ​ទេ ​ត្រូវ​រើស​ពេល​រើស​វេលា​ហើយ​សំខាន់​គឺ​ត្រូវ​ធ្វើ​ពិធី​នៅ​ម៉ោង​១​យប់។ ប៉ុន្មាន​ថ្ងៃមុន​លោកតា​ខ្ញុំ​ខំ​មក​ទាំង​ឈឺ​តាម​ពិត​គាត់​ចាស់​ណាស់​ហើយ គាត់​គ្រាន់​តែ​ចង់​មើល​កន្លែង​សង្កត់​យ័ន្ត​នោះ​ព្រោះ​សង្ស័យ​ដឹង អី​ពួក​សង្កាត់​ដេញ​គាត់​ចេញ​ទៅ​វិញ។ ឥឡូវ​គាត់​ត្រលប់​ទៅផ្ទះ​វិញ​សល់​តែ​ដង្ហើម​ផ្តឹកៗ​យើង​មិន​សង្ឃឹម​ថា​គាត់​ក្រោក​មក​បាន​ទៀត​ទេ។ ខ្ញុំ​ជា​ចៅ​បាន​ទទួល​ពាក្យ​គាត់​ថា​ត្រូវ​មក​ដោះស្រាយ​រឿង​នេះ​ឲ្យ​ចប់​កុំ​ឲ្យ​មាន​គេ​ស្លាប់​ត​ទៀត។ មាន​តែ​ផ្លូវ​មួយ​ប៉ុណ្ណោះ​គឺ​សង​យុត្តិធម៌​ឲ្យ​ខ្មោច​ក្មេង​ស្រី​តៃហោង​នោះ​វិញ ហើយ​ចាប់​អ្នក​ដែល​បុក​នាង​ស្លាប់​ឲ្យ​ទៅ​សារភាព​នៅ​មុខ​នាង​ដើម្បី​ឲ្យ​នាង​យល់​ព្រម​លើកលែង​ហើយ​ទៅ​ចាប់ជាតិ​ថ្មី។ ខ្ញុំ​អត់​ដឹង​អ៊ំ​សីហា​ពេល​នេះ​នៅ​ឯណា​បានជា​សម្រេច​ចិត្ត​​មក​រក​កាសែត​ដើម្បី​ឲ្យ​ជួយ ទីបំផុត​បង​និពន្ធ​នាយក​ក៏​ឲ្យ​យោបល់​ថា​ប្ដឹង​ប៉ូលិស។»
«ចុះ​បើ​ឌី​ស្គាល់​កន្លែង​អ៊ំ​នោះ​ហើយ ម៉េច​យើង​មិន​ដូរ​ទិសដៅ​វិញ​ទៅ!?» បង​និពន្ធ​នាយក​ដែល​ស្ងាត់​មាត់​យូរ​ហើយ​នោះ​និយាយ​ឡើង។
ខ្ញុំ​ក៏​បន្ទរ​ភ្លាម​ថា៖
«ត្រូវ​ហើយ! ផ្ទះ​គាត់​នៅ​ផ្លូវ​លេខ​១០៧​»
ពួក​យើង​មើល​មុខ​គ្នា​ហើយ​បង​និពន្ធ​នាយក​បក​ក្រោយ​ទៅ​ផ្លូវ​លេខ​១០៧​តាម​ដែល​ខ្ញុំ​ប្រាប់។ ពេល​នោះ​ថ្ងៃ​រះ​ចំ​ពី​លើ​ក្បាល​ ជា​សញ្ញា​ថា​ថ្ងៃត្រង់​ហើយ។ គាប់​ជួន​បើក​កាត់​កន្លែង​អា​ភស្ស​ខ្ញុំ​ខំ​ងាក​រក​មើល​នាង​តែ​មិន​ឃើញ​នាង​លក់​ទេ។ យើង​ជិះ​បន្តិច​ទៀត​ក៏​បាន​មក​ដល់​ផ្ទះ​លោក​អ៊ំ​សីហា​ដែល​ទើប​នឹង​ជួប​គាត់​កាល​ពី​ព្រឹក​មិញ។
យើង​ទាំង​បី​ចុះ​ពី​ឡាន​ដើរ​មក​ដល់​របង​ផ្ទះ​គាប់​ជួន​រថយន្ត​គាត់​បម្រុង​លូន​ចេញ។
«តា​នេះ​ចង់​រត់​ដឹង?»ខ្ញុំ​នឹក​ស្ងាត់​ៗ​ក្នុង​ចិត្ត​ម្នាក់​ឯង។
រំពេចនោះ​គាត់​ស្រាប់តែ​ឈប់​ឡាន​ហើយ​រវៃ​កញ្ចក់​អើត​មក​រក​ខ្ញុំ​។ ពេលនោះ​ខ្ញុំ​ដៀង​ភ្នែក​ទៅ​​ក៏​ឃើញ​កូនប្រុស​អ៊ំ​សីហា​ដែល​ជា​អ្នក​បើក​បរ​សម្លឹង​មក​យើង​ដោយ​ទឹកមុខ​ទើសទាល់។​
«ក្មួយ​ឯង​ទៀត​ហើយ?»
អ៊ំ​សីហា​សួរ​ដូច​មិន​ដឹង​ថា​ខ្ញុំ​បាន​ដឹង​រឿង​អតីតកាល​គាត់​អស់​នោះ​ទេ។ ខ្ញុំ​ក៏​ធ្វើពើ​វិញ​ហើយ​លើកដៃ​ជម្រាប​សួរ​គាត់។
«លោក​អ៊ំ​នេះ​គឺ​បង​ប្រធាន​ខ្ញុំ​ហើយ​នេះ​គឺ….»
ខ្ញុំ​មិនទាន់​បាន​បញ្ចប់​ប្រយោគ​ផង កូនប្រុស​គាត់​និយាយ​ផូង​កាត់​ដោយ​អកម្មកិរិយា​ដូច​ធុញ​នឹង​ខ្ញុំ​ដែល​រាំង​ផ្លូវ​ពួកគាត់។
«ពុក​ប្រញាប់​ទៅ​ក្រៅ​មាន​ការណ៍​សំខាន់ ចំណែក​រឿង​សួរ​ព័ត៌មាន​អី​ចាំ​ពេល​ក្រោយ​សិន​ទៅ!»
ខ្ញុំ​មិន​ទាន់​តប​យ៉ាងណា​ជាមួយ​បុរស​គំរោះគំរើយ​នោះ​ផង ស្រាប់​តែ​ចៅ​លោកតា​ស៊ីម​និយាយ​កាត់​តិចៗ៖
«លោកតា! ខ្ញុំ​អាសក្តិ​ណ៎ា!»
សម្ដី​យុវជន​នេះ​ស្រាល​ៗ​សុភាពរាបសារ​តែ​ធ្វើ​ឲ្យ​អតីត​នាយក​សាលា​បើក​ភ្នែក​ធំៗ​ហើយ​បែរ​សន្សឹម​ៗ​មក​រក​គេ។ ពន្លឺ​ភ្នែក​អ៊ំ​សីហា​បង្ហាញ​ថា​គាត់​ស្គាល់​ចៅប្រុស​លោក​តា​ស៊ីម​ច្បាស់​តាមរយៈ​ឈ្មោះ​ដែល​ទើប​នឹង​ប្រាប់។ គាត់​ញ័រ​បបូរមាត់​ហើយ​បង្ហាញ​ភាព​រំជួលចិត្ត​សាជា​ថ្មី៖
«សក្ដិ? ក្មួយ​ឯង​គឺ​ចៅ​សក្ដិ?»
យុវជន​ញញឹម​ហើយ​ដើរ​ទៅ​រក​គាត់។
«ខ្ញុំ​ជម្រាប​សួរ​លោកតា!»
ខ្ញុំ​យល់​ហើយ​ថា​ពួកគេ​ទំាង​ពីរ​ប្រហែល​ជា​មាន​ការ​ស្រលាញ់​រាប់​អាន​ជិតដិត​កាល​ពី​អតីតកាល​បាន​ជា​កុមារ​សក្តិ​ប្រែប្រួល​ក្លាយ​ជា​យុវ​កម្លោះ​ហើយ នាយក​មណ្ឌល​ក្មេងកំព្រា​នៅតែ​មិន​បំភ្លេច​គេ។ គាត់​ស្រវា​ចុះ​ពី​ឡាន ដោយ​មាន​កូនប្រុស​ចុះ​ពី​ខាង​មុខ​មក​គ្រា​ឪពុក​។ ​អ៊ំ​សីហា​ទាញ​ដៃ​សក្ដិ​ត្រលប់​ចូល​ទៅ​ក្នុង​ផ្ទះ​ធ្វើ​ឲ្យ​កូនប្រុស​គាត់​បង្ហាញ​ភាព​ទើសទាល់​លើ​ផ្ទៃមុខ។ ម្នាក់​នោះ​និយាយ​ឃាត់​គាត់​ភ្លាម៖
«ពុក​ម៉ោង​១២​ហើយ​ណ៎ា!»
អ៊ំ​សីហា​ហាក់​ចាប់​អារម្មណ៍​នឹង​វត្តមាន​ចៅប្រុស​សម្លាញ់​ចាស់​គាត់​ជាង​ពាក្យ​រំលឹក​របស់​កូន​ទៅ​ទៀត គាត់​ឆ្លើយ​វិញ​ថា៖
«សក្តិ​ជា​ចៅ​របស់​លោក​បង​ស៊ីម! ពុក​ត្រូវការ​និយាយ​គ្នា​សិន! កូន​ឯង​ចាំ​បន្តិច​ទៅ!»
គាត់​បណ្តើរ​យុវជន​ក្មេង​ចូល​ទៅ​ក្នុង​ផ្ទះ ដោយ​មាន​ខ្ញុំ​និង​បង​និពន្ធ​នាយក​ដើរចូល​ទៅ​តាម​សន្សឹម​ៗ​ដែរ​។
«លោកតា! ពេលនេះ​យើង​គ្មាន​ពេល​ច្រើន​ទេ! ដើម្បី​សង្គ្រោះ​មនុស្ស​ដែល​នៅ​សល់ សុំ​លោកតា​ជួយ!»
នាយក​មជ្ឈមណ្ឌល​ថ្វីត្បិត​តែ​ជរា​តែ​ស្មារតី​នៅ​មាំទាំ​ល្អ​ណាស់។ ពន្លឺ​ភ្នែក​គាត់​ដែល​ស្រទន់​តែ​រេ​សម្លឹង​ឆ្វាច​មក​រក​ពួក​ខ្ញុំ​បង្ហាញ​ច្បាស់​ថា​គាត់​យល់​ពី​អ្វី​ដែល​យុវជន​ក្មេង​កំពុង​និយាយ តែ​គាត់​មិន​ទាន់​ចង់​តប​មក​វិញ ព្រោះ​មាន​ខ្ញុំ​និង​ប្រធាន​ខ្ញុំ​នៅ​ទីនេះ​ជា​ឆ្អឹង​ទទឹង​ក​។
ដល់​អញ្ចឹង​ទៅ យុវជន​ក្មេង​ក៏​ដៀង​ភ្នែក​មក​រក​ខ្ញុំ ជា​សញ្ញា​ចង់​ឲ្យ​ខ្ញុំ​ចេញ​សិន​ទៅ​ដើម្បី​ឲ្យ​គេ​បាន​បញ្ចុះ​បញ្ចូល​អ៊ំ​សីហា។ តែ​ខ្ញុំ​វិញ ខ្ញុំ​យល់​ថា​យើង​​គ្មាន​ពេល​ទេ ខ្ញុំ​ត្រូវ​តែ​បង្ខំ​បុរស​ចំណាស់​នោះ​ឲ្យ​ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​អមនុស្សធម៌​របស់​គាត់។
«លោក​អ៊ំ! បើ​លោក​អ៊ំ​មិន​ចង់​ឲ្យ​មាន​អ្នក​ស្លាប់​តទៅ​ទៀត ឆាប់​ហៅ​កូន​ស្រី​អ៊ំ​ចេញ​មក​ទទួល​ខុស​ត្រូវ​លើ​ទោស​របស់​គាត់​កាល​ពី​១៥​ឆ្នាំ​មុន​ទៅ!» ខ្ញុំ​និយាយ​ដោយ​ទឹកមុខ​មាំ។
អ៊ំ​សីហា​បើកភ្នែក​ធំ​ៗ​ហើយ​កូនប្រុស​គាត់​ដែល​ស្ទុះ​មក​តាំង​ពី​ពេល​ណា​មិន​ដឹង​បាន​ចាប់​ក្របួច​ក​អាវ​ខ្ញុំ។ គេ​សម្លុត​ខ្ញុំ​ផូង៖
«ចេញ​ពី​ផ្ទះ​ខ្ញុំ​ភ្លាម!»
ខ្ញុំ​យល់​ថា ក្រោយ​ការ​លាត​ត្រដាង​ពី​រឿង​ពិត​គេ​ស្រាប់​តែ​ខឹង​ យ៉ាង​នេះ ១០០ ភាគរយ​ពុក​កូន​គេ​ដឹង​ច្បាស់​ពី​សោកនាដកម្ម​និង​អំពើ​អយុត្តិធម៌​ដែល​ពួកគេ​សាង​ឡើង​កាល​ពី​១៥​ឆ្នាំ​មុន។ គ្មាន​អ្វី​អាច​រារាំង​ឲ្យ​ខ្ញុំ​ខ្លប​ខ្លាច​ការ​​បណ្ដេញ​ចេញ​ដ៏​អសុរស​របស់​គេ​ឡើយ ខ្ញុំ​កាន់​តែ​និយាយ​ញាប់​ឡើង​ៗ៖
«មនុស្ស​ស្លាប់​អស់​៥​នាក់​ហើយ! អ្នក​ទី​១​បាន​ស្លាប់​ដោយ​អយុត្តិធម៌​កាល​ពី​១៥​ឆ្នាំ​មុន ឥឡូវ​នេះ​អ៊ំ​ចាស់​ហើយ អ៊ំ​ទទួល​បាប​អស់​នេះ​រួច​ដែរ?»
ខ្ញុំ​និយាយ​ខ្លាំង​ៗ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​រួម​ទាំង​យុវជន​ក្មេង​ផង​ងាក​​មើល​មុខ​ខ្ញុំ​ត្លែ​ព្រោះ​ភ្ញាក់ផ្អើល។​ បង​និពន្ធ​នាយក​គិត​ថា​រាល់ដង​នៅ​Officeខ្ញុំ​ស្លូត​ជាង​គេ អ្នកណា​ថា​អី​ក៏​មិន​ត គេ​ប្រើ​ឲ្យ​ទៅ​ថត​ខ្មោច​ក៏​មិន​ថា តែ​ពេល​រឿង​អយុត្តិធម៌​របស់​ក្មេងស្រី​លក់​ទឹក​អំពៅ និង​រឿង​មនុស្ស​ស្លាប់​​បន្ត​គ្នា​បាន​រុញ​ខ្ញុំ​ឲ្យ​លះបង់​ចរិត​អត់ធ្មត់។
ខ្ញុំ​ក៏​អត់​ដឹង​ដែរ​ថា​ហេតុអ្វី​កំហឹង​ខ្ញុំ​ឡើង​ខ្លាំង​ដល់​ថ្នាក់​នេះ ខ្ញុំ​ស្រាប់​តែ​មាន​អារម្មណ៍​ថា​ខ្ញុំ​អាណិត​ក្មេង ស្រី​រងគ្រោះ​ហើយ​យល់​ថា​១៥​ឆ្នាំ​មក​នេះ នាង​ស្លាប់​ដោយ​អយុត្តិធម៌ ហើយ​ជនល្មើស​រួចខ្លួន​យ៉ាង​ងងើល។ ខ្ញុំ​ទម្លាក់​សំឡេង​និយាយ​ទៅកាន់​អ៊ំ​សីហា​ដែល​ញ័រ​ជើង​អង្គុយ​ប៉ុក​ទៅលើ​សាឡុង​ឈើ​របស់​គាត់៖
«ហៅ​កូនស្រី​អ៊ំ​ចេញ​មក!»
កូនប្រុស​គាត់​រត់​មក​ក្បែរ​ខ្ញុំ​សាជាថ្មី​ហើយ​ច្រាន​ខ្ញុំ​មួយ​ទំហឹង៖
«ឯង​ចេញ​ទៅ​អា​ចង្រៃ!»
ខ្ញុំ​ងាក​សម្លឹង​ម្នាក់​នោះ សម្ដី​គំរោះ​គំរើយ​របស់​គេ​មិនបាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ទេ តែ​ខ្ញុំ​រឹត​តែ​ពន្យល់​គេ៖
«មនុស្ស​៥​នាក់​បាន​ស្លាប់​ហើយ! ក្នុង​នោះ​​អ្នក​ដំបូង​គេ​គឺ​ក្មេង​ស្រី​ក្រីក្រ​នោះ! ក្មេង​ស្រី​នោះ​ស្លាប់​មិន​អស់​ចិត្ត​គឺ​បិទ​ភ្នែក​មិន​ជិត! គេ​ក្លាយ​ជា​ព្រលឹង​តៃហោង​ពោរពេញ​ដោយ​អាឃាត! បង​ឯង​ត្រូវ​តែ​បញ្ចប់​រឿង​នេះ​មុន​ពេល​មាន​មនុស្ស​ស្លាប់​បន្ត​ទៀត! ឮ​អត់? បង​ឯង​គេច​មិន​បាន​ទេ! ម៉ោង​១​យប់​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៥​ហើយ! យើង​ត្រូវ​តែ​ការពារ​មុន​ពេល​មាន​អ្នក​ស្លាប់​ទៀត! យល់​អត់?»
កូន​នាយក​មណ្ឌល​ធ្លាក់​ទឹកមុខ។ គេ​ងើប​មុខ​សម្លឹង​ទ្រនិច​នាឡិកា​ប៉ោល​លើ​ជញ្ជាំង​ហើយ​និយាយ​រួសរាន់​ទៅ​កាន់​ឪពុក៖
«ពុក! យើង​ទៅ!»
គេ​អូស​ដៃ​ឪពុក​ក្រោក​លែង​រវល់​នឹង​ខ្ញុំ​ ប៉ុន្តែ​បុរស​ចំណាស់​បែរ​ជា​ក្រាញ​ហើយ​ងាក​ទៅ​រក​យុវជន​ក្មេង​ដោយ​និយាយ​ក្នុង​អាការៈ​នឹង​នរ៖
«តា​ចង់​តែ​រក​ល្បង​ស៊ីម!»
យុវជន​ក្មេង​ជ្រប់​មុខ​ដោយ​ទុក្ខព្រួយ៖
«លោកតា​ឈឺ​ធ្ងន់​ណាស់! សរសេរ​យ័ន្ត​លែង​បាន​ហើយ! គាត់​ក្រោក​មិន​រួច​និយាយ​មិន​បាន តែ​គាត់​បាន​ផ្ដាំ​ខ្ញុំ​រឿង​ខ្លះ​បាន​ជា​ខ្ញុំ​មក​រក​នាយក​កាសែត​ព្រោះ​ចង់​ផ្សាយ​ស្វែង​រក​លោក​អ៊ំ​ឲ្យ​បាន​ឆាប់»
គាត់​ដូច​យកចិត្តទុកដាក់​នឹង​សម្ដី​យុវជន​នោះ​ណាស់​ប្រហែល​ជា​ភាព​ពូកែ​ខាង​គ្រូ​អូមអាម​របស់​ជីតា​គេ​នៅតែ​មាន​ឥទ្ធិពល​លើ​ចិត្ត​គំនិត​អ៊ំ​សីហា។
«ល្បង​ស៊ីម​ផ្ដាំ​ថា​ម៉េច​ខ្លះ?»
យុវជន​ក្មេង​និយាយ​ដោយ​ក្រសែ​ភ្នែក​មុត​ថ្លា៖
«គាត់​ថា​បន្តោង​ភ្លុក​នោះ​លោក​អ៊ំ​ត្រូវ​ពាក់​ជាប់​ខ្លួន​! ហើយ​យ័ន្ត​នោះ​របូត​ហើយ​គ្រប​វិញ​គឺ​គ្មាន​ន័យ​ទេ មាន​តែ​រក​វិធី​ហៅ​នាង​មក​ចរចា​ឲ្យ​ចប់​រឿង»
«នាង»ដែល​គេ​និយាយ​គឺ​ខ្មោច​ស្រី​នោះ​មែន​ទេ? ខ្ញុំ​ព្រឺ​សម្បុរ​គីង្គក់​ហើយ​ដៀង​ភ្នែក​ទៅ​រក​លោកអ៊ំ​សីហា​ដែល​កំពុង​លើកដៃ​ក្ដោប​បន្តោង​ភ្លុក​របស់​គាត់​យ៉ាង​ណែន។ គ្មាន​នរណា​ម្នាក់​ហើប​មាត់​ថា​ម៉េច​ទៀត​ទេ ប៉ុន្តែ​យុវជន​នោះ​និយាយ​បន្ថែម៖
«លោកតា! យើង​សល់​ពេល​អត់​ច្រើន​ទេ! ផុត​ម៉ោង​១២​ថ្ងៃ​ត្រង់​នេះ​ទៅ​ខ្មោច​កាន់​តែ​មាន​ឫទ្ធិ! ពាក្យ​ផ្ដាំ​របស់​លោកតា​ខ្ញុំ​គឺ​យើង​ត្រូវ​ហៅ​អ្នក​បុក​នាង​កាល​ពី​១៥ឆ្នាំ​មុន​ធ្វើ​ពិធី​សុំទោស»។
ពួក​យើង​សម្លឹង​មុខ​គាត់​ត្លែ​ព្រោះ​យល់ស្រប​តាម​យុវជន​ក្មេង​ថា​គាត់​ត្រូវតែ​បញ្ចេញ​​មុខ​កូនស្រី​គាត់។ ភ្លាម​នោះ​បុរស​ចំណាស់​ងក់​ក្បាល​ផ្ងក់ៗ​ហើយ​ដើរ​សន្សឹម​ៗ​ទៅ​រក​បន្ទប់​មួយ​នៅ​ខាង​ឆ្វេង​ដៃ​ក្រោម​ក្រសែ​ភ្នែក​ងឿងឆ្ងល់​របស់​ពួក​យើង។ គាត់​បក់ដៃ​ហៅ​ពួក​យើង​តិចៗ​ហើយ​ទ្វារ​បន្ទប់​នោះ​ក៏​ត្រូវ​គាត់​រុញ​របើក​ក្នុង​ពេល​ដំណាល​គ្នា​ដែរ។ ក្លិន​ធូប​ក្រអូប​ឆួល​ហើរ​មក​ប៉ះ​ច្រមុះ​ពួក​យើង។
យុវជន​ក្មេង និង​បទនិពន្ធ​នាយក​ដើរ​ទៅ​តាម​តា​នោះ​ទុក​ខ្ញុំ​នៅ​ក្រោយ​គេ​តាម​សម្លឹង​កាយវិការ​ស្រងូត​ស្រងាត់​របស់​កូនប្រុស​គាត់។ ឃើញ​ខ្ញុំ​សម្លឹង​គេ គេ​នោះ​ងាក​មុខ​ចេញ។ ខ្ញុំ​ក៏​លែង​រវល់​ហើយ​ដើរ​ទៅ​តាម​ពួក​អ្នក​មុន​ៗ​តម្រង់​រក​ទ្វារ​បន្ទប់​នោះ តែ​មិនទាន់​បាន​មួយ​ជំហាន​ត្រង់​ផង ក៏​ឮ​សម្ដី​អ៊ំ​សីហា​លាន់​ឡើង៖
«នាង​ស្លាប់​កាល​ពី​ខែ​មុន!»
ខ្ញុំ​បះ​សក់​ច្រូង​លើក​ដៃ​ច្បូត​មុខ​ហើយ​បញ្ឈប់​ជំហាន​លែង​ឈាន​ជើង​ទៅ។
កូនស្រី​គាត់​ដែល​បុក​គេ​នោះ កាល​ពី​ខែ​មុន​ស្លាប់​បាត់​ហើយ? ឬ​មួយ​ក្មេង​ស្រី​នោះ​ពិតជា​បាន​ទៅ​រក​នាង​មែន?
ខ្ញុំ​ខ្សឹប​សួរ​បង​និពន្ធ​នាយក​ព្រោះ​មិន​ជឿ​ត្រចៀក​ខ្លួន​ឯង៖
«គាត់​ថា​កូនស្រី​គាត់​ដែល​កាលពី​១៥ឆ្នាំ​មុន​បុក​គេ​នោះ ឥឡូវ​ស្លាប់​ទាំង​ខ្លួនឯង​ទៀត?»
មេ​ខ្ញុំ​នៅ​ស្ងៀម​មិន​ឆ្លើយ តែ​យុវជន​ក្មេង​ងាក​មក​រក​ខ្ញុំ។ ទឹកមុខ​គេ​បង្ហាញ​ភាព​ស្លេកស្លាំង​ហើយ​ជា​បណ្ដើរ​ៗ​គេ​ក្តាប់​ដៃ​ទប់​ការ​ភ័យ​ព្រួយ។ ​សំឡេង​អតីត​នាយក​មជ្ឈមណ្ឌល​ក្មេងកំព្រា​បន្ត៖
«កូន​ខ្ញុំ​ទៅ​រស់​នៅ​បារាំង​១០ឆ្នាំ​ហើយ​! តែ​ទីបំផុត….​នៅ​តែ​គេច​មិន​រួច..​.វា​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​លើ​មេត្រូ តែ​ខ្ញុំ​ដឹង​ថា​នេះ​មិនមែន​រឿង​ចៃដន្យ​ទេ ខ្មោច​ស្រី​នោះ​វា​សាហាវ​ណាស់!»
កូនប្រុស​អ៊ំ​សីហា​ស្ទុះ​មក​គ្រា​ឪពុក​ជាមួយ​សម្ដី​ក្រើន​រំលឹក​ជា​លើក​ទី​៣៖
«ពុក! ជិត​ហួស​ម៉ោង​ហើយ!»
ខ្ញុំ​អត់​មាន​ពេល​ពិចារណា​សម្ដី​រវាង​ឪពុក​និង​កូន​គេ​ទេ​តែ​ខ្ញុំ​កំពុង​រន្ធត់​ជា​មួយ​សំណួរ​ថា​តើ​មួយ​ខែ​មុន​នេះ​ពេល​ដែល​យ័ន្ត​ត្រូវ​របូត​បាត់ ខ្មោច​ស្រី​តៃហោង​ពិត​ជា​បាន​ទៅ​តាម​សម្លាប់​អ្នក​ដៃ​ដល់​រហូតដល់​ស្រុក​បារាំង​មែន​ឬ​យ៉ាងណា?
បង​និពន្ធ​នាយក​ដែល​ស្ងាត់​អស់​ពេល​យូរ​មក​ហើយ​និយាយ​ឡើង​តិចៗ​ពី​ក្រោយ​ខ្នង​ខ្ញុំ៖
«លោក​អ៊ំ យើង​ត្រូវ​ធ្វើ​អី​ម្យ៉ាង​ទើប​បាន!»
ខ្ញុំ​ងាក​មើល​មុខ​គាត់ បង​និពន្ធ​នាយក​ដែល​កន្លង​មក​មើល​ទៅ​ចេះ​តែ​ស្តី​ឲ្យ​ខ្ញុំ​ថា​ចាស់​គំរឹល​​ជឿ​រឿង​ខ្មោច​ព្រាយ​បិសាច​ខុសពី​ការ​យល់​ឃើញ​ដ៏​ទាន់​សម័យ​របស់​គាត់​ ពេលនេះ​ហាក់​ដូច​យល់​សាច់​រឿង​ច្បាស់​ជាង​ខ្ញុំ​ទៅ​ទៀត។ គាត់​និយាយ​ផ្ទួន​ៗ​បន្ថែម៖
«ខ្ញុំ​មាន​ស្គាល់​ព្រះ​ចៅ​អធិការ​មួយ​អង្គ…..»
គាត់​មិន​ទាន់​បញ្ចប់​ប្រយោគ​ផង លោក​អ៊ំ​សីហា​និយាយ​កាត់៖
«ខ្ញុំ​អញ្ជើញ​គ្រូ​ខ្មែរ​ល្បី​ៗ​បី​នាក់​មក​ពី​ភាគ​ឥសាន​! ពួកគាត់​នៅ​លើ​ឡាន​នៅ​ខាងក្រៅ! ថ្ងៃនេះ​យើង​ត្រូវ​ធ្វើ​ពិធី​នៅ​កន្លែង​យ័ន្ត​ចាស់​ឲ្យ​ទាន់​ចំ​ម៉ោង​១​រសៀល ឧបកិច្ច​ជា​ម៉ោង​មួយ​យប់​ទើប​មាន​សង្ឃឹម​ព្រោះ​គាត់​ថា​ឫទ្ធិ​ខ្មោច​តៃហោង​នៅ​ថ្ងៃ​ត្រង់​ពេល​ពេញ​ពន្លឺ​គឺ​មិន​មាន​អនុភាព​ខ្លាំង​ប៉ុន្មាន​ទេ​ ជា​ឱកាស​ឲ្យ​យើង​បង្ក្រាប​វា​បាន!»
សូមរង់ចាំតាមដានអានភាគបញ្ចប់នៅថ្ងៃសុក្រស្អែកនេះ