ចៅ ផលឌឿ ប្រកាសសងសឹក ផល សុផាត ជាលើកទី៣

10/18/2013 0 Comments A+ a-

ភ្នំពេញៈ អ្នកលេងមាឌល្អិតចិត្តធំ ចៅ ផលឌឿ កីឡាករប្រដាល់នៅក្នុងក្លឹបសំរោងកោងកីឡា បានប្រកាស ថានឹង ឡើងប្រកួតសងសឹកម្ដង ទៀតជាមួយកីឡាករ ផល សុផាត អ្នកប្រដាល់មកពី ក្លឹបកងរាជអាវុធហត្ថរាជធានី ភ្នំពេញ នៅល្ងាច ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៣នេះ នៅលើសង្វៀន បាយ័នបឹងស្នោរ ។
នេះជាលើកទី៣ហើយនៃការជួប គ្នារវាង ចៅ ផលឌឿ និងផល សុផាត ។ កាលពីជួបគ្នា ២លើកមុន ផល សុផាត បានវាយឈ្នះដោយ ពិន្ទុដាច់ទាំង២លើកតែម្ដង ។ ចំពោះការសុំប្រកួត សងសឹកលើកទី៣នេះ ចៅ ផលឌឿ ក៏ ស្ថិត នៅក្នុងភាពស្រពិកស្រពិល នៅឡើយទេ ព្រោះបច្ចុប្បន្ន ផល សុផាត ខុសពីមុនឆ្ងាយទាំងសាច់ស្នៀត និងកម្លាំង ។
ចៅ ផលឌឿ មានកម្ពស់ទាបល្មមប្រហាក់ប្រហែលនឹង ផល សុផាតដែរ ហើយកីឡាកររូបនេះមាន ភាពអំណត់ ណាស់ នៅក្នុងការប្រកួត ។ ម្យ៉ាងវិញទៀត ចៅ ផលឌឿ ក៏មានផ្លែល្អគួរសមផងដែរ គ្រាន់តែកម្លាំងរបស់គេមិន សូវធានានោះឡើយ ។
ចំណែក ផល សុផាត គឺជាកីឡាករជើងខ្លាំងមួយរូប ដែលធ្លាប់ធ្វើឲ្យកក្រើកសង្វៀនទាំងការប្រកួតលក្ខណៈជាតិ និងអន្ដរជាតិ ជាពិសេសចុងខែមុននេះ ផល សុផាត បានវាយយកឈ្នះលើកីឡាករថៃ Muangsiam នៅក្នុង ព្រឹត្តិការណ៍ Khmer Fighter ទៀតផង ។ សុផាត មានស្នៀតប្រយុទ្ធល្អណាស់ ព្រោះគេមានចិត្តធ្ងន់ នៅក្នុងការប្ រកួត ដែលធ្វើឲ្យគូប្រកួតពិបាកវាស់ស្ទង់សមត្ថភាពរបស់គេ ។ ដូច្នេះការប្រកួតលើកទី៣ ជាមួយនឹង ចៅ ផលឌឿ ចុងសប្ដាហ៍នេះ ផលឌឿ ប្រហែលជាគ្មានសំណាងអាចសងសឹក ផល សុផាត បានោះទេ ។
ចំណែកកីឡាករ ឡង់ ភីរម្យ មកពីក្លឹបរាហ៊ូកីឡា ត្រូវជួបសាកថ្វីដៃជាលើកដំបូងជាមួយកីឡាករ ចាន់ វិរៈ មកពីក្លឹប កងពលតូចលេខ៧០ផងដែរ ។ ឡង់ ភីរម្យ គឺជាកីឡាកររាមច្បងរបស់ ចាន់ វិរៈ ប៉ុន្ដែកីឡាកររូបនេះគ្មាន ផ្លែល្អ ឡើយ ។ ចំណែក ចាន់ វិរៈ មានស្នៀតប្រយុទ្ធល្អ ប៉ុន្ដែគេអន់កម្លាំង ។ ដូច្នេះការជួបគ្នាលើកដំបូងនេះ គ្មានអ្នកណា ហានទស្សន៍ទាយនោះទេថា ឡង់ ភីរម្យ ឬ ចាន់ វិរៈ ជាអ្នកឈ្នះនោះ ។
រីឯកីឡាករ ស្រិល ទ្រី មកពីក្លឹបគុជសារកីឡា ត្រូវជួបកីឡាករ ថឹក សុខឿន មកពីក្លឹបកងពលតូចឆ័ត្រយោង៩១១, កីឡាករ មោង វណ្ណឌី មកពីក្លឹបបាត់ដំបងពាយ័ព្យ ប៉ះកីឡាករ ឯម វុទ្ធី មកពីក្លឹបឬទ្ធីពោធិ៍សែនជ័យ និងកីឡាករ យុគ យក្សភី មកពីក្លឹបអប់រំកាយខេត្តបាត់ដំបង ត្រូវជួបជាមួយកីឡាករ ផាន់ ជីវ័ន្ដ មកពីក្លឹបគុជសារកីឡា ៕
www.lookingtoday.com