ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ជនសង្ស័យ ២ នាក់ជួញដូរគ្រឿងញៀន ២៩០ ដុល្លារ

10/18/2013 0 Comments A+ a-

ភ្នំពេញ: បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ជា​ជនជាតិ​វៀតណាម ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២ ឃាត់ខ្លួន​ពីបទ ជួញដូរ​គ្រឿងញៀន ដែលមាន​តម្លៃ ២៩០ ដុល្លារ កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៣ នៅផ្ទះ​ជួល​ផ្លូវ​លេខ​៣៦៩ “​ម្តុំ​ដេប៉ូ​ឈើ ” ក្នុងភូមិ​ដើម​ចាន់ ក្រុម​៦ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌមានជ័យ​។​
​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ គឺ​ទី​១-​ឈ្មោះ វិ​ន យ៉ាំង​វ៉ៃ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​កម្ម​ករលា​ប​ថ្នាំ​តុទូ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៣៦៩ ក្នុងភូមិ​ដើម​ចាន់ ក្រុម​៦ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌមានជ័យ និង​ទី​២-​ឈ្មោះ ង្វៀន ធី​លី ភេទ​ស្រី អាយុ ២២​ឆ្នាំ ជា​អ្នកលក់​នំ​បញ្ចុក ស្នាក់នៅ ផ្ទះជួល​ម្តុំ​មេភ្លើង សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។​
​លោក​អនុសេនីយ៍ទោ ទេព បូរ៉ា នាយប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​តែងតែ​ល្បាត និង​ចុះ​ធ្វើ​រដ្ឋបាល ក្នុង​តំបន់​ស្មុគស្មាញ​ក្នុងភូមិ​សាស្ត្រ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។ ពេល​ល្បាត​មកដល់​ចំណុច​ម្តុំ​ដេប៉ូ​ឈើ ផ្លូវ​៣៦៩ ក្នុងភូមិ​ដើម​ចាន់​១ ក៏​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ ឈ្មោះ វិ​ន យ៉ាំង​វ៉ៃ ដែលជា​ជន​ធ្លាប់​លួច​ដុត​ផ្ទះ​អ្នកភូមិ​នៅ​ទីនោះ និង​ស្រី​ម្នាក់ទៀត ដោយមាន​ការសង្ស័យ​ទើប​កម្លាំង​សមត្ថកិច្ច​ហៅ​សាកសួរ​។ ដោយ​ឃើញ​សមត្ថកិច្ច​ហៅ​សួរនាំ ជនសង្ស័យ​បាន​គ្រវាត់កញ្ចប់​បារី​ចោល​។ នៅក្នុង​កញ្ចប់​បារី​នោះ សមត្ថកិច្ច បាន​ឆែក​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ពណ៌​ស​ថ្លា​ចំនួន ៥៨ កញ្ចប់​ប្លា​ស្ទិ​ក​។ ពេលនោះ​កម្លាំង​សមត្ថកិច្ច ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២ នាក់ យកមក​កាន់​ប៉ុស្តិ៍​ច្បារអំពៅ​២ តែម្តង​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ វិ​ន យ៉ាំង​វ៉ៃ បាន​សារភាពថា ថ្នាំញៀន​នេះ ពួកគេ​បាន​ទិញ​ពី​ម្តុំ​ផ្សារកណ្តាល​ចំនួន ១០ កញ្ចប់ ក្នុងតម្លៃ ១ កញ្ចប់​ធំ តម្លៃ ១០ ដុល្លារ ហើយ​រំលែក​ដាក់​កញ្ចប់​តូចៗ​បាន​ចំនួន ៥៨ កញ្ចប់​យកមក​លក់​ប​ន្ត​ក្នុង ១ កញ្ចប់ តម្លៃ ៥ ដុល្លារ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២ នាក់ រួមទាំង​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ៥៨ កញ្ចប់​រួច​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

ប្រភពពី CEN