ឆន សុវណ្ណ​រាជ រង​ការរិះគន់ តាមរយៈ​ការចម្លង​បទ​ចម្រៀង​ថៃ​

10/21/2013 0 Comments A+ a-

ភ្នំពេញ: បទ​ចម្រៀង​របស់​តារាចម្រៀង ឆន សុវណ្ណ​រាជ ត្រូវបាន​អ្នក​និយម លេង​អ៊ិន​ធើ​ណេ​ត ធ្វើ​រិះគន់​យ៉ាង​ចាស់ដៃ បន្ទាប់ពី​គេ​បាន​ឃើញថា តារាចម្រៀង​រូបនេះ ចម្លង​យក​បទ​អ្នកចម្រៀង​ល្បី​របស់​ថៃ មក​ច្រៀង កាលពីពេល​ថ្មីៗ​នេះ​។​​ បទ​ចម្រៀង ដែល​ទើបនឹង​លេចចេញ​នូវ​ការរិះគន់​នេះ បកស្រាយ​ដោយ​តារាចម្រៀង របស់​ផលិតកម្ម​ហង្ស​មាស លោក ឆន សុវណ្ណ​រាជ មាន​ចំណងជើង​ថា “​ចោល​បង ទៅ​ស្នេហ៍​អ្នកណា​?” ដែល​បានចេញ​លក់​លើ​ទីផ្សារ ក្នុង​ស៊ី​ឌី​វ៉ុល ៤១៩ កាលពី​អំឡុង​ដើមឆ្នាំ​២០១១ មកម្ល៉េះ​។
មូលហេតុ ​ផ្ទុះ​ការរិះគន់​អំពី​ការលួចចម្លង​នេះ ត្រូវបាន​ធ្វើឡើង ក្រោយ​ពេលដែល Page ក្នុង​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក ដ៏​ធំ​មួយ​របស់​ថៃ ដែលមាន​អ្នកគាំទ្រ​ប្រមាណ​ជាង ២​លាន​នាក់ យកមក Post ចែកគ្នា​មើល និង​បញ្ចេញយោបល់​។ ក្រោយ​ការ Post នេះ មាន​អ្នក​រិះគន់​បញ្ចេញយោបល់ មិន​ក្រោម ២​ពាន់​នាក់​ទេ​។ អ្នក​ទាំងនោះ បាននាំគ្នា​ជជែក អំពី​បទ​មួយ​នេះ ដោយ​ផ្តោត​សំខាន់​លើ​ប្រធានបទ​តែមួយ គឺ​ផលិតកម្ម នៅ​កម្ពុជា លួច​ចម្លង​បទ​ចម្រៀង​របស់​ប្រទេស​ថៃ​។
ជាមួយគ្នា ​នោះ គេ​បានធ្វើការ​ផ្គួ​រ​ផ្គង​បទ​ចម្រៀង​ទាំងពីរ​ទន្ទឹមគ្នា មានការ​បញ្ជាក់ដែរថា បទ​ចម្រៀង​ដើម​របស់​ថៃ មាន​ចំណងជើង​ប្រែ​ថា “​និយាយ​ហើយ ចង់តែ​ស្រែកយំ​” និង​ច្រៀង​ដោយ​តារាចម្រៀង​ថៃ​លោក Dr. Fuu ធ្លាប់បាន​បង្ហោះ​លើ​បណ្តាញ​You Tube កាលពី​អំឡុង​ឆ្នាំ​២០១០ និង​មាន​អ្នក​ចូល​ទស្សនា​ជាង ១១​លាន​ដង​។​បទ​ចម្រៀង របស់​តារាចម្រៀង ឆន សុវណ្ណ​រាជ វិញ ត្រូវបាន​បង្ហោះ​លើ​បណ្តាញ You Tube កាលពី​អំឡុង​ឆ្នាំ​២០១១ ដែលមាន​អ្នក​ចូល​ទស្សនា​ត្រឹម​ជាង ១​ម៉ឺន​ដង​ប៉ុណ្ណោះ​។​
​ទោះជា​យ៉ាងនេះ​ក្តី ពី​ក្រុម​អ្នក​ស្រលាញ់​សិល្បៈ​វប្បធម៌​ខ្មែរ បាន​សម្តែង​នូវ​ការមិនសប្បាយចិត្ត នៅពេលដែល​ទទួលបាន ការ​មាក់ងាយ ពី​ជនជាតិ​ដទៃ អំពី​ការលួចចម្លង​ស្នាដៃ ពី​បរទេស មក​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុងស្រុក​នេះ​។ អ្នកខ្លះ​យល់ថា សិល្បៈ​វប្បធម៌​ខ្មែរ ដែល​ធ្លាប់​តែមាន​ជនបរទេស​ចម្លង​តាម​នោះ ត្រូវបាន​សាបរលាប ក្រោយពេល​ផលិតកម្ម​ក្នុងស្រុក​ជាច្រើន បន្ត​លួច​ចម្លង​មក​ឲ្យ​តារាចម្រៀង​របស់ខ្លួន​ច្រៀ​ទៅវិញ ហើយ​វា​គឺ​ក្តី​អាម៉ាស​មួយ​សម្រាប់​អ្នកនិពន្ធ​ក្នុងស្រុក​។
IMG_8272
ឈុត សម្តែងរបស់ឆន សុវណ្ណរាជ
ឈុត សម្តែងរបស់បទចម្រៀងថៃ
កន្លងមក មាន​បទ​ចម្រៀង​មិនតិច​ទេ ដែល​ទទួលរង​នូវ​ការរិះគន់​ពី​សំណាក់​ប្រជាជន ថៃ​និង​ប្រជាជន​កម្ពុជា​ផងដែរ ពី​តារាចម្រៀង​យើង​មួយចំនួន គឺ​ក្រោយពេល​បទ​ចម្រៀង​ជា ច្រើន​បទ​នោះ​ត្រូវបាន​គេ​រកឃើញថា បាន​លួច​ចម្លង​ដោយ​មិញ​ញើ​ត សូម្បីតែ​ការសម្តែង និង​អត្ថន័យ​នៃ​បទ​ចម្រៀង​។ ក្រៅពី​ការ​លួ​ចម្លង​ពី​ប្រទេស​នានា ប៉ុន្តែ​គេ​នៅ​មិនទាន់បាន ឃើញ​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​ណែនាំ​ណាមួយ​នៅឡើយ​។​​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​តារាចម្រៀង ក៏ដូចជា​អ្នក​នៅ​ផលិតកម្ម​ហង្ស​មាស ដើម្បី​បំភ្លឺ​ឲ្យ​កាន់​ច្បាស់លាស់​បន្ថែមទៀត​នោះទេ​។​
​អ្នកសង្កេតការណ៍​និយាយថា តាមពិត​ទង្វើ​ខាងលើ ជាការ​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា ដែលមាន​ចែង​ដោយ​កតិការ​អន្ដរជាតិ​។
​ ពួកគាត់​និយាយថា “​ខណៈដែល​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក ដាក់​ការតម្រូវ​អំពី​ច្បាប់​កម្មសិទ្ធិបញ្ញា​នេះ និង​ខណៈដែល​ខ្មែរ​ចូលក្នុង​សហគមន៍​អាស៊ាន នា​ឆ្នាំ​២០១៥ ខាងមុខ​នោះ ការលួចចម្លង​ខាងលើ ជា​កម្មវត្ថុ​នៃ​បណ្ដឹង ដែល​អាចធ្វើឱ្យ​ក្រុមហ៊ុន​ក្ស័យធន​ក៏​ថា​បាន​”៕​