ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង​ អំពាវនាវ​ឲ្យ​បង្ក្រាប​បទ​ល្មើស​ កាប់​ឈើ​ប្រណីត

10/18/2013 0 Comments A+ a-

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ដើម​សប្ដាហ៍ បាន​ប្រើ​វិធាន​ការ​ក្តៅ​ចាប់​យក​ឈើ​ប្រណីត​ជាង ១.៥០០​ដុំ ដែល​អ្នក​កាប់​ឈើ​អនាធិបតេយ្យ​លាក់​ទុក​ក្នុង​ព្រៃ នៅ​ឃុំ​ស្ដៅសេសាន។ ប៉ុន្តែ ការ​បង្ក្រាប​នេះ រង​ការ​រិះគន់​ថា មន្ត្រី​ព្រៃ​ឈើ​មិន​បង្ក្រាប​ទៅ​លើ​បណ្ដា​ស្រុក​ផ្សេង​ទៀត ដែល​មាន​បទ​ល្មើស​កាប់​បំផ្លាញ​ឈើ​ប្រណីត​អនាធិបតេយ្យ​នោះ​ទេ។ ជា​ពិសេស ការដ្ឋាន​ស្តុក​ឈើ​មួយ​របស់​ក្រុមហ៊ុន​សម្អាត​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​សេសាន​ក្រោម​ពីរ ដែល​នៅ​ពី​ក្រោយ​សកម្មភាព​កាប់​ឈើ​ប្រណីត​ខុស​ច្បាប់ ក្រៅ​បរិវេណ​អាង​ស្តុក​ទឹក ហើយ​ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ខុស​ច្បាប់​ច្រើន​ពាន់​ម៉ឺន​ម៉ែត្រ​គូប។
ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​តុលា អំពាវនាវ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ចាត់​វិធាន​ការ​បង្ក្រាប​សកម្មភាព​កាប់​ឈើ​ប្រណីត​ពី​ព្រៃ​ស្រោង​របស់​រដ្ឋ កំពុង​កើត​មាន​អនាធិបតេយ្យ។
តំណាង​សហគមន៍​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែគរ បច្ចុប្បន្ន​បាន​នាំ​គ្នា​ចូល​ព្រៃ​អារ​ឈើ​ប្រណីត មាន​ឆ្នង់ បេង គ្រញូង នាងនួន ហើយ​ដឹក​ជញ្ជូន​តាម​រទេះ​គោយន្ត មក​លក់​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​សំអាត​អាង​ស្តុក​ទឹក​របស់ លោក​ឧកញ៉ា លឹម ប៊ុនណា មាន​ទីតាំង​នៅ​ភូមិ​ស្រែគរពីរ។
តំណាង​ដដែល​បន្ត​ថា កន្លង​ទៅ​នេះ ក្រុម​សមត្ថកិច្ច​នៅ​តំបន់​នោះ​បាន​បង្ក្រាប​ចាប់​យក​ឈើ ឬ​រទេះ​គោយន្ត​ប្រជាពលរដ្ឋ​ណា​ដែល​ចូល​ព្រៃ​កាប់​ឈើ​លក់​ទៅ​ឲ្យ​ឈ្មួញ​តូចតាច​នៅ​ក្នុង​ភូមិ ដើម្បី​ដាក់​គំនាប​ឲ្យ​អ្នក​ភូមិ​លក់​ឈើ​ទៅ​ឲ្យ​ក្រុមហ៊ុន។ ហេតុ​នេះ ទើប​អ្នក​ភូមិ​កាន់​តែ​ច្រើន​នាំ​គ្នា​ចូល​ព្រៃ​កាប់​ឈើ​មក​លក់​ឲ្យ​ក្រុមហ៊ុន​វិញ៖ «សហគមន៍​ក៏​មាន​ការ​បារម្ភ​ច្រើន​ដែរ ព្រោះ​នៅ​ពេល​ខាង​មុខ អាច​បាត់​បង់​ធនធាន​ព្រៃ​ឈើ​ណា! មិន​មែន​តែ​ស្រែគរ ទេ ក្រៅ​ពី​ស្រែគរ ក៏​មាន​លក់​ដែរ​ឲ្យ​ក្រុមហ៊ុន​ណា! ក្រុមហ៊ុន​សម្អាត​អាង​ណា!»
ក្រុមហ៊ុន អាំង អេន អាសូស៊ីអេត ឡយ័រ (Ang & Associates Lawyer) របស់ លោក គឹត ម៉េង បាន​ផ្ទេរ​សិទ្ធិ​កាប់​ឈើ​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក​ទំហំ ៣​ម៉ឺន ៦​ពាន់​ហិកតារ នៃ​ទំនប់​សេសាន​ក្រោម​ពីរ នៅ​ស្រុក​សេសាន កាល​ពី​ខែ​មករា ឆ្នាំ​២០១៣ ទៅ​ឲ្យ​ក្រុមហ៊ុន​លោក លឹម ប៊ុនណា។ ក៏ប៉ុន្តែ ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សហគមន៍ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល រិះគន់​ថា ក្រុមហ៊ុន​ម៉ៅការ​កាប់​ឈើ​សម្អាត​អាង​នេះ នៅ​ពី​ក្រោយ​សកម្មភាព​ចលនា​ឲ្យ​អ្នក​ភូមិ​ចូល​ព្រៃ​កាប់​ឈើ​ប្រណីត​ក្រៅ​បរិវេណ​ផ្ទៃ​អាង ចំណែក​ក្រុមហ៊ុន​ចាំ​ប្រមូល​ទិញ​នាំ​ចេញ​ក្រោម​អាជ្ញាប័ណ្ណ​ឈើ ដែល​បាន​ពី​កាប់​ក្នុង​ផ្ទៃ​អាង​រាប់​ពាន់​ម៉ឺន​ម៉ែត្រ​គូប។
មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ផ្លូវ​លំ​ប្រមាណ ៧​គីឡូ​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ៧៨ ទៅ​កាន់​ភូមិ​ស្រែគរ មួយ រង​ការ​ខូចខាត​គ្មាន​សល់ ដោយសារ​ក្រុមហ៊ុន​លោក លឹម ប៊ុនណា ដឹក​ជញ្ជូន​ឈើ​ឆ្លង​កាត់​តំបន់​នេះ។ លោក​បន្ត​ថា អ្នក​ភូមិ​ក្រីក្រ​ភាគ​ច្រើន​ក្នុង​ភូមិ​នេះ ពិត​ជា​បាន​ចូល​ព្រៃ​កាប់​ឈើ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្អាត​អាង​នេះ ទើប​គ្មាន​ការ​បង្ក្រាប៖ «ដោយសារ​ដឹក​ឈើ​ក្រុមហ៊ុន​ហ្នឹង​ហើយ ក្រុមហ៊ុន​សម្អាត​អាង​ទឹក​ហ្នឹង ក្រុមហ៊ុន​ឧកញ៉ា គឹត ម៉េង ឧកញ៉ា លឹម ប៊ុនណា ស្អី​ហ្នឹង។ ប្រជាពលរដ្ឋ​កន្លង​មក ធ្វើ​ទៅ​ចាប់ៗ ដល់​ឥឡូវ​លក់​ឲ្យ​ក្រុមហ៊ុន គឺ​អត់​មាន​បញ្ហា​តែ​ម្តង»
មេការ​ក្រុមហ៊ុន​កាប់​ឈើ​សម្អាត​ផ្ទៃ​អាង លោក សាន ចយ ទទួល​ស្គាល់​ថា ក្រុមហ៊ុន​លោក​ពិត​ជា​បាន​ទិញ​ឈើ​កាប់​ក្រៅ​បរិវេណ​អាង​ស្តុក​ទឹក​មែន ប៉ុន្តែ​ឈើ​នោះ​ក្រុមហ៊ុន​បាន​បង់​ពន្ធ​ជាមួយ​ឈើ​ដែល​ក្រុមហ៊ុន​ប្រមូល​បាន​ពី​ការ​កាប់​សម្អាត​អាង​ទឹក។ លោក​បន្ត​ថា ក្រុមហ៊ុន​នឹង​ជួសជុល​ផ្លូវ​ជូន​អ្នក​ភូមិ​វិញ​នៅ​រដូវ​ប្រាំង​នេះ៖ «ប្រជាពលរដ្ឋ​នៅ​តំបន់​ស្រែគរ ស្រែសាមី នេះ ទំនៀមទម្លាប់​គាត់ៗ​អត់​មាន​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ទេ គាត់​ដើរ​តែ​កាប់​ឈើ​អ៊ីចឹង។ ដល់​អ៊ីចឹង ក្រុមហ៊ុន​ជា​ជាង​អនាធិបតេយ្យ ក្រុមហ៊ុន​ក៏​ប្រមូល​ទិញ​ដើម្បី​បាន​បង់​ពន្ធ​ទៅ​ចូល​រដ្ឋ»
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​ស្ទឹងត្រែង លោក អ៊ី ឯកសាវត្តី សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ។
យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​កាប់​ឈើ​សម្អាត​អាង​មិន​មាន​សិទ្ធិ​ទិញ​ឈើ​ដែល​ប្រជាពលរដ្ឋ​លួច​កាប់​ក្រៅ​បរិវេណ​សម្អាត​អាង​នោះ​ទេ។ លោក​ថា ការ​ប្រមូល​ទិញ​ឈើ​នេះ គឺ​ជា​ការ​ឃុបឃិត​រវាង​ក្រុមហ៊ុន និង​មន្ត្រី​ជំនាញ ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​បទ​ល្មើស​កាប់​ឈើ​អនាធិបតេយ្យ​នៅ​តំបន់​នោះ៖ «ប្រជាពលរដ្ឋ​ស្អី​ទេ បើ​យោគយល់​គាត់​កាប់​ព្រៃ​ឈើ​អស់​ហើយ។ ឧទាហរណ៍​ដូច ឧកញ៉ា ខ្នារ អ៊ីចឹង​ក៏ដោយ អ្វី​ដែល​ខុស​ច្បាប់ គឺ​យើង​ត្រូវ​តែ​អនុវត្ត​ទាំងអស់។ មិន​សំខាន់​តែ​ខាង​ស្រុក​សេសាន ទេ ខាង​ស្រុក​ថាលា ខាង​ស្អី​ក៏ដោយ យើង​ត្រូវ​ធ្វើ​ស្មើ​ដៃ​គ្នា។ អ្នក​នេះ​ធំ​អ្នក​នោះ​តូច មិន​ហ៊ាន​ធ្វើ តាម​ពិត​យើង​ជា​ជំនាញ​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើ​គ្នា​ទាំងអស់»
ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ លោក សាន ចយ ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន ឈើ​ដែល​ក្រុមហ៊ុន​បាន​នាំ​ចេញ និង​បាន​បង់​ពន្ធ​ជូន​រដ្ឋ​បាន​ជាង ៤​ពាន់​ម៉ែត្រ​គូប។ ចំណែក​ផែន​ការ​កាប់​ឈើ​សម្អាត​អាង​ទឹក​សម្រេច​បាន​ប្រមាណ ៥%៕
ប្រភពពី វិទ្យុអាស៊ីសេរី