លោក សម រង្ស៊ី នឹង​មកដល់​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​​

10/22/2013 0 Comments A+ a-

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នឹង​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​ការចំណាយ​រយៈពេល​២​សប្តាហ៍​នៃ​ដំណើរ​ការទូត​របស់​លោក ដើម្បី​ស្វែងរក​ដំណោះស្រាយ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​។​
​អនុប្រធាន​គណៈកម្មាធិកា​រ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ មានប្រសាសន៍ថា លោក សម រង្ស៊ី នឹង​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃ​ព្រឹក​វេលា​ម៉ោង​៩ ថ្ងៃ​អង្គារ ទី​២២​ខែ​តុលា​នេះ ហើយ​នឹង​ដឹកនាំ​មហា​បាតុកម្ម​លើក​ទី​៣​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​។​
​លោក សម រង្ស៊ី ដែល​បាន​ចាកចេញ​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​០៧​ខែតុលា បាន​ស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដោយ​​បាន​ឆ្លងកាត់​ការធ្វើដំណើរ​នៅ​អឺរ៉ុប និង​អាមេរិក​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស លោក សម រង្ស៊ី ក៏​បាន​ឆ្លង​កាត់​ប្រទេស​អង់គ្លេស បារាំង និង​ប្រទេស​បែ​ល​ហ្សិក​។​
​កាល​ពី​កន្លងទៅ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន បន្ទាប់​ពី​បេសកកម្ម​របស់​លោក​បញ្ចប់​នៅ​អឺរ៉ុប និង​អាមេរិក លោក សម រង្ស៊ី មានប្រសាសន៍ថា រដ្ឋាភិបាល និង​សភា​នៅក្នុង​ប្រទេស​អឺរ៉ុប និង​សហរដ្ឋអាមេរិក រួម​ទាំង​ប្រទេស​ជាច្រើន​ទៀត បាន​គាំទ្រ​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ឯករា​ជ្យមួយ​ពី​ភាពមិនប្រក្រតី​នៃ​ការលួច​បន្លំ​​សន្លឹកឆ្នោត​។ លោក​បាន​បញ្ជាក់ថា សហភាព​អឺរ៉ុប និង​ប្រទេស​ដទៃ​ទៀត បាន​សម្តែង​នូវ​មន្ទិលសង្ស័យ​នៃ​លទ្ធផល​បោះឆ្នោត​នេះ​។​
​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ចាប់ផ្តើម​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា​។ មហា​បាតុកម្ម​លើក​ទី​៣​នេះ ក៏​មាន​ការ​ដង្ហែ​ក្បួន​ដើម្បី​យក​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ ដាក់ជូន អង្គការសហប្រជាជាតិ និង​​ដាក់​ស្ថានទូត ប្រទេស​ភាគី​ហត្ថលេខី នៃ​កិច្ច​ព្រម​ទីក្រុង​ប៉ារីស​៕
ប្រភពពី Camnews