នាយ​ក្រូច ស្ទុះប្រជែង​​​​ ពែកមី

4/09/2013 0 Comments A+ a-

ខណៈ នាយ ពែក​មី ក្តាប់​បាន​តំណែង​ថ្មី​ជា​តារា​ចម្រៀង និងសម្តែង​ក្នុងខ្សែ​រឿង នាយ​ក្រូច ឯណេះ​វិញ ក៏​មាន​សន្ទុះ​មិន​ធម្មតា ដោយ​ថ្មី​ៗ​នេះនាយ​​ទើប​ឆក់​បាន​​តំណែង​តួឯក​លើក​ដំបូង​​ក្នុង​រឿង “សើច​អី​ខ្លាច​តើ!” របស់​ផលិតកម្ម​ RGB ។ នាយ ក្រូច ប្រាប់ថា នឹង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​សើច​រហូត​ចុក​ពោះ​មិន​ខាន ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ហើយ។
នេះ​ជា​លើក​ទី​មួយ​ហើយ​ សម្រាប់​វត្តមាន​តួឯក​របស់​តារា​កំប្លែង​ល្បី​ឈ្មោះ​នាយ​ក្រូច។ លោក​បាន​អះអាង​ថា​ ចាប់​តាំង​ពី​ការ​ប្រឡូក​ចូល​ជា​តារា​កំប្លែង​មក ​លោក​មិន​ដែល​បាន​សម្ដែង​ជា​តួ​ឯក​ម្ដង​ណា​នោះ​ទេ​ គឺ​​ធ្វើ​តែ​តួរង និង​តួ​ចាស់​ជា​ដើម​ក្នុង​ខ្សែ​ភាពយន្ត​ក៏​ដូច​ជា​ការ​សម្ដែងក្នុង​ឈុត​ឆាក​ ​កំប្លែង។ ដូច្នេះ​ហើយ ទើប​តារា​កំប្លែង​រូប​នេះ ​ប្រាប់​ថា លោក​​សប្បាយ​រីករាយ​មែន​ទែន នៅ​ពេល​ផលិតកម្ម​ RGB ផ្ដល់​តំណែង​ជា​តួអង្គ​សំខាន់​បែប​នេះ។
នាយ ក្រូច និង​ប្អូន​ស្រីនាង អ៊ិត ក្នុង​ពិធី​ក្រុង​ពាលី​រឿង​ម្សិលមិញ
ក្នុង ​ពិធី​ក្រុង​ពាលី​រឿង “ខ្លាច​អី​សើច​តើ!” រសៀល​ម្សិលមិញ​នេះ នាយ​ក្រូច​បាន​បញ្ជាក់​ថា​ “ខ្ញុំ​នឹងប្រឹង​ប្រែង​​ធ្វើ​យ៉ាង​ណា​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​បំផុត​ ក្នុង​ពេល​ខ្ញុំ​បាន​តំណែង​​តួឯក​លើក​ដំបូង​នេះ​ ព្រោះ​ដូច​ប្រាប់​ពី​ខាង​លើ​អីចឹង ​ខ្ញុំ​មិន​ដែល​បាន​តំណែង​បែប​នេះ​ទេ​តាំង​ប្រឡូក​ចូល​សិល្បៈ​មក”។
តារា ​កំប្លែង​ដែល​ផ្ដើម​ដោយ​ការ​ប្រលង​ជាប់​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ CTN ក្នុង​កម្មវិធី”មហា​កំប្លែង” រូប​នេះ​ បាន​បន្ថែម​ទៀត​ថា​រឿង “ខ្លាច​អី​សើច​តើ!” នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​សើច​ចុក​ពោះ​តាំង​ពី​ដើម​រហូត​ដល់​ចប់។ យ៉ាង​ណា​ក៏​ដោយ​តារា​កំប្លែងមក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​ បាន​ស្នើ​ដល់​ទស្សនិកជន ​ឱ្យ​ជួយ​គាំទ្រ​សម្រាប់​ការ​សម្ដែង​ជា​តួឯក​លើក​ដំបូង​នេះ​របស់​នាយ​ផង។
ដោយ ​ឡែក​អ្នក​ដឹក​នាំ​រឿង​ក្នុង​ផលិតកម្ម​ RGB លោក លៀង ខេង​ហេង បាន​លើក​ឡើង​ថា​ ខ្សែ​ភាពយន្ត​ខាង​លើ​នឹង​អាច​ទាក់ទាញ​ការ​​គាំទ្រ​បាន​ច្រើន ​ពី​ទស្សនិកជន​នៅ​ពេល​ដាក់​បញ្ចាំង ព្រោះ​មុន​នេះ ផលិតកម្ម​​បាន​សិក្សា​ច្បាស់​លាស់​​ពី​តម្រូវ​ការ​របស់​ទស្សនិកជន​រួច​រាល់​ ហើយ។
លោក លៀង​ ខេង​ហេង​ បាន​បន្ត​ថា ខ្សែ​ភាពយន្ត​នេះ ​គ្រោង​ប្រើ​រយៈ​ពេល​ថត​ប្រមាណ​១​ខែ​ ហើយ​ចំពោះ​ការ​ចំណាយ​ដើម​ទន់​វិញ​ក្រោម​១០​ម៉ឺន​ដុល្លារ​ ពោល​គឺ​លើសការ​ចំណាយ​​លើ​ការ​ផលិត​​រឿង “ព្រាយ​ភ្នែក​បួន” ទៅ​ទៀត។
តាម ​ការ​បញ្ជាក់​របស់​អ្នក​ដឹក​នាំ​រឿង​រូប​នេះ​ គឺ​ថា រឿង “សើច​អី​ខ្លាច​តើ” នេះ​ ​និយាយ​ពី​មិត្តភ័ក្ដិ​បួន​នាក់​រៀន​ថ្នាក់​រួម​គ្នា​ តែ​មាន​ចរិត​លក្ខណៈ​ខុស​គ្នា​ទាំង​ស្រុង។ អ្នក​ទាំង​៤​នេះ មាន​ទី​មួយ​នាយ​ សាច់​កម្ម ធ្វើ​អ្វីៗ​ខុស​រហូត ​មិន​ដែល​ត្រូវ​ម្ដង​ណា​ទេ​ សម្ដែង​ដោយ​ នាយ​ក្រូច តែ​ម្តង។ ទី​ពីរ​នាយ ​ម៉ាប់ ពូកែ​តែ​ខាង​ស៊ី​ សម្ដែង​ដោយ​ពិធីករ​លោក BIG។ ទី​បី​នាយ​ ញែក ​មាន​ចរិត​លក្ខណៈ​ម្ញ៉ិកម្ញ៉ក់​ សម្ដែង​ដោយ​លោក បញ្ញា​សិទ្ធិ និង​ទី​បួន​នាយ​ សង្ហា ​ជា​ប្រុស​ស្អាត​សម្ដែង​ដោយ​ឌីជេ តាប៊ុយ។
ខ្សែ​ភាពយន្ត​រឿង “ខ្លាច​អី​សើច​តើ!” ដែល​នាយ​ក្រូច​ធ្វើ​ជា​តួឯក​នោះ​នឹង​ចាប់​ផ្ដើម​ថត​នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ​២០១៣​គឺ​ក្រោយ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​រួច។
ដោយ​ឡែក នាយ​ក្រូច ដែល​​ជា​តួ​ឯក​ក្នុង​រឿង​ខាង​លើ​នេះ ជា​តារា​កំប្លែង​ល្បីឈ្មោះ​ម្នាក់​របស់​ CTN ក៏​ដូច​ជា​នៅ​ក្នុង​ពិភព​សិល្បៈ។ លោក​កើត​នៅ​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ ឆ្នាំ​១៩៧៩ ក្នុង​ខេត្ត​កំពង់​ស្ពឺ។ តារា​រូប​នេះ​មាន​​ប្អូន​ស្រី​ម្នាក់​ក៏​ជា​តារា​កំប្លែង​ល្បី​ឈ្មោះ​ផង​ដែរ ​នោះ​គឺ​នាង​ “អ៊ីត” ជា​តារា​កំប្លែង​រួម​ក្រុម​នាយ ពែកមី ដូច​គ្នា៕